ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យក្រសួងការងារ៖​ ស្នើឱ្យសារព័ត៌មានThe Cambodia Daily សុំទោសជាសាធារណៈ និងកែតម្រូវការផ្សាយរបស់ខ្លួនជាបន្ទាន់

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមរយៈ​ទំព័រ​ហ្វេសប៊ុករបស់​ លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ព្រឹក​ថ្ងៃ​ទី១៦ ខែ​ឧសភា ឆ្នាំ ២០២៤នេះ​ បានស្នើ​ឱ្យ​សារព័ត៌មាន ខេម​បូឌា​ដេលី (The Cambodia Daily) ត្រូវ​ធ្វើការ​សុំទោស​ជា​សាធារណៈ និង​កែតម្រូវ​ការ​ផ្សាយ​របស់​ខ្លួន​ជាបន្ទាន់។

លោក កត្តា អ៊ន បាន​លើក​ឡើង​តាមរយៈ​ទំព័រ​ហ្វេសប៊ុកយ៉ាងដូច្នេះថា ការ​ផ្សាយ​របស់​សារព័ត៌មាន ខេម​បូឌា​ដេលី (The Cambodia Daily ) កាលពី​យប់​ថ្ងៃ​ទី ១៥ ខែ​ឧសភា ឆ្នាំ ២០២៤ ជា​ការ​ផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត និង​បរិហារកេរ្តិ៍​ជា​សាធារណៈ​មក​លើ​ថ្នាក់​ដឹកនាំ និង​មន្ត្រី នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដោយ​ចោទ​ប្រកាន់​ថា ថ្នាក់ដឹកនាំ និង​មន្ត្រី​ក្រសួង​ពាក់ព័ន្ធ​មុខរបរ បញ្ជូន​ពលករ​ទៅ​ធ្វើការ​នៅ​បរទេស និង​មុខរបរ​ផ្សេងៗ ទៀត។

លោកអ្នកនាំពាក្យ​ បន្ត​ថា ការ​ផ្សាយ​នេះ ជា​ការ​ប្រឌិត​នូវ​ព័ត៌មាន និង​ប្រភព​ព័ត៌មាន ក្នុង​ចេតនា​ញុះញង់​ឲ្យ​មាន​ការ​យល់​ច្រឡំ រើសអើង និង​បំបែកបំបាក់​មន្ត្រីរាជការ និង​សង្គមជាតិ ព្រមទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស សេចក្ដីថ្លៃថ្នូរ​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី ដែល​នេះ​ជា​ទង្វើ​គ្មាន​វិជ្ជាជីវៈ គ្មាន​ក្រម​សីលធម៌​សារព័ត៌មាន និង​គ្មាន​ការ​ទទួលខុសត្រូវ។

ជាមួយ​គ្នា​នេះ លោក កត្តា អ៊ន ក៏បាន​ស្នើ​ឲ្យ សារព័ត៌មាន ខេម​បូឌា​ដេលី (The Cambodia Daily) ត្រូវ​ធ្វើ​ការ​សុំទោស​ជា​សាធារណៈ និង​កែតម្រូវ​ការ​ផ្សាយ​របស់​ខ្លួន​ជាបន្ទាន់។

គួត​បញ្ជាក់​ថា សារព័ត៌មាន ខេម​បូឌា​ដេលី (The Cambodia Daily) កាលពី​យប់​ថ្ងៃ​ទី ១៥ ខែ​ឧសភា ឆ្នាំ២០២៤ បាន​ធ្វើការ​ចុះ​ផ្សាយ​ព័ត៌មាន​ប្រឌិត ខុស​វិជ្ជាជីវៈ និង​ប្រើប្រាស់​ពាក្យពេចន៍​អសីលធម៌ ព្រមទាំង​ដាក់​ខេបសិន​នៅ​លើ​ឃ្លីប​វីដេអូ​របស់​ខ្លួន​ថា «មន្ត្រី​រដ្ឋាភិបាល ទម្លាយ​ថា ប្រពន្ធ​ដើម និង​ប្រពន្ធ​ចុង​លោក ហេង សួរ កាក់កប​ក្នុង​មុខរបរ​នាំ​ពលករ​ទៅ​បរទេស ដោយសារ​មាន​ប្តី​ជា​ខ្នង​បង្អែក» ដែល​ទង្វើ​នេះ គឺជា​​ចេតនា​ញុះញង់​ឲ្យ​មាន​ការ​យល់​ច្រឡំ រើសអើង បំបែកបំបាក់​មន្ត្រីរាជការ និង សង្គមជាតិ៕

ដោយ​៖ តារា​


ចែករំលែក៖