សារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤បានផ្សាយថា ក្រុម Hezbollah នៃប្រទេសលីបង់ បានឱ្យដឹងថា ខ្លួនបានបាញ់រ៉ុក្កែតជាង៦០គ្រាប់នាថ្ងៃព្រហស្បតិ៍នេះ ទៅលើទីតាំងយោធារបស់អ៉ីស្រាអែលដើម្បីជាការសងសឹកវិញ ចំពោះសកម្មភាពវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល មកលើតំបន់ភាគខាងកើតលីបង់ កាលពីវេលាយប់កន្លងទៅ។
ក្រុម Hezbollah បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមអ្នកប្រយុទ្ធរបស់ខ្លួនបានបើកការវាយប្រហារដោយមីស៉ីល ជាមួយរ៉ុក្កែត Katyusha សរុបជាង៦០គ្រាប់ទៅលើទីតាំងមួយចំនួនរបស់យោធាអ៉ីស្រាអែល នៅឯតំបន់ Golan Height។ ក្រុម Hezbollah បានបន្ថែមថា ការវាយប្រហារនេះ គឺជាការឆ្លើយតបចំពោះការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល កាលពីវេលាយប់កន្លងទៅនៅតំបន់ Baalbek ភាគខាងកើតលីបង់។
រីឯកាលពីថ្ងៃពុធសប្តាហ៍នេះ ក្រុម Hezbollah បានអះអាងថា ខ្លួនបានបាញ់យន្តហោះដ្រូនសំដៅទៅកាន់មូលដ្ឋានយោធាមួយកន្លែង នៅក្បែរទីក្រុង Tiberias របស់អ៉ីស្រាអែល ដែលជាការវាយលុកចូលយ៉ាងជ្រៅមួយគិតចាប់តាំងពីការវាយប្រហារដាក់គ្នាទៅវិញទៅមក រវាងភាគីទាំងពីរបានចាប់ផ្តើមកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣។ ចំណែកកាលពីថ្ងៃអង្គារសប្តាហ៍នេះ អ៉ីស្រាអែលបានអះអាងថា ខ្លួនបានផ្តាច់ជីវិតមេបញ្ជាការម្នាក់របស់ក្រុម Hezbollah នៅភាគខាងត្បូងលីបង់។
ការវាយប្រហារឆ្លងព្រំដែនបានសម្លាប់មនុស្សយ៉ាងហោច៤១៣នាក់ នៅខាងលីបង់ ដែលភាគច្រើនជាជនសកម្មប្រយុទ្ធ ប៉ុន្តែក៏រួមមានជនស៉ីវិលរាប់សិបនាក់ ផងដែរ។ ចំណែកនៅខាងអ៉ីស្រាអែលវិញ គឺមានទាហានសរុប១៤នាក់ និងជនស៉ីវិលសរុប១០នាក់ស្លាប់។ មិនតែប៉ុណ្ណោះ មនុស្សរាប់សិបម៉ឺននាក់ត្រូវបានបង្ខំឱ្យផ្លាស់ទីនៅតាមតំបន់ក្បែរព្រំប្រទល់រវាងប្រទេសទាំងពីរ។
អ៉ីស្រាអែលនិង Hezbollah ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមហាម៉ាស់ បានវាយប្រហារដាក់គ្នាទៅវិញទៅមកសឹងតែរាល់ថ្ងៃ បន្ទាប់ពីការឆ្មក់វាយប្រហារដ៏ភ្ញាក់ផ្អើលរបស់ហាម៉ាស់លើអ៉ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន បានបង្កឱ្យផ្ទុះសង្រ្គាមដ៏បង្ហូរឈាមនៅឯតំបន់ Gaza Strip ដែលនាពេលនេះកំពុងស្ថិតក្នុង ខែទី៨ហើយ៕
ដោយ៖ ធីរីណា(រូបថត៖ TTXVN)