ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ តើហេតុអ្វីបានជា សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យឆាប់បើកការដ្ឋាន «ព្រែកជីកហ្វូណនតេជោ» ឱ្យបានឆាប់?

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីប្រកាសពី «គម្រោងព្រែកជីកហ្វូណនតេជោ» រួចហើយកាលពីពេលកន្លងទៅ ក្រោមគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយដើម្បីបម្រើផលប្រយោជន៍សេដ្ឋកិច្ចជាតិ យើងសង្កេតឃើញថា មានការអបអរសាទរនិងគាំទ្រចំពោះគម្រោងជីកព្រែកនេះ ពីសំណាក់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ ទាំងក្នុងនិងក្រៅប្រទេស។ ទន្ទឹមនោះដែរ ក៏មានមតិអវិជ្ជមានដែលបានលើកឡើងពីសំណាក់អ្នកវិភាគ និងអ្នកនយោបាយដែលមាននិន្នាការប្រឆាំងមួយចំនួន រួមទាំងអ្នកនយោបាយចាស់វស្សាដែលគេស្ទើរតែភ្លេចមុខទៅហើយពីឆាកនយោបាយខ្មែរ និងស្ទើរបាត់បង់ការគាំទ្រទាំងស្រុង ដោយសារតែនយោបាយបំផ្លាញផលប្រយោជន៍ជាតិ រារាំងដល់ការកសាងអភិវឌ្ឍប្រទេសកម្ពុជា។ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានប្រកាសជំរុញឱ្យរាជរដ្ឋាភិបាលអាណត្តិថ្មី ដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី រូតរះនៅក្នុងការចាប់ផ្តើមកសាង «ព្រែកជីកហ្វូណនតេជោ» ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ 

តើមានមូលហេតុអ្វីខ្លះ ទើប សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យឆាប់បើកការដ្ឋាន «ព្រែកជីកហ្វូណនតេជោ» ឱ្យបានឆាប់?

«ព្រែកជីកហ្វូណនតេជោ» មានសារៈសំខាន់ជាច្រើនឥតគណនាសម្រាប់ពង្រឹងនិងពង្រីកសក្តានុពលសេដ្ឋកិច្ច សង្គម រួមទាំងទិដ្ឋភាពនយោបាយផងដែរដូចជា៖

ទី១- ការសាងសង់ «ព្រែកជីកហ្វូណនតេជោ» គឺជាការកសាងដើម្បីឧត្តមប្រយោជន៍ប្រជាជនជំនាន់នេះ និងបន្សល់នូវស្នាដៃជាប្រវត្តិសាស្រ្តរំលឹកដល់សម័យហ្វូណន និងប្រព័ន្ធផ្លូវទឹកសម្រាប់ពាណិជ្ជកម្ម និងគមនាគមន៍ ដែលការសាងសង់នេះ ជាការផ្សារភ្ជាប់ពីទំនាក់ទំនងនៃ «សន្តិភាព» និងសាវតាដ៏រុងរឿងរបស់ខ្មែរក្នុងសម័យបុរាណ និងសម័យតេជោសន្តិភាព។ លើសពីនេះ ការសាងសង់ «ព្រែកជីកហ្វូណនតេជោ» ក៏បង្ហាញពីការក្រោកឈរឡើងវិញនៃជាតិសាសន៍នៃប្រទេសកម្ពុជា បន្ទាប់ពីរងគ្រោះដោយសង្រ្គាមផងដែរ។

ទី២- ការសាងសង់ «ព្រែកជីកហ្វូណនតេជោ» នឹងអនុញ្ញាតឱ្យកម្ពុជាដឹកជញ្ជូនទំនិញតាមផ្លូវទឹកពីទៅកាន់សមុទ្រដោយងាយស្រួលជាងមុន ចំណេញពេលវេលា ថវិកា និងមិនឆ្លងកាត់ការត្រួតពិនិត្យពីប្រទេសជិតខាង។ លើសពីនេះ «ព្រែកជីកហ្វូណនតេជោ» នឹងទាក់ទាញការវិនិយោគកាន់តែច្រើនមកកាន់កម្ពុជា ព្រោះបើកម្ពុជាមានតំលៃដឹកជញ្ជូនទំនិញដែលទាប អាចប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់បាន ការវិនិយោគនឹងកាន់តែកើនឡើងខ្ពស់ផងដែរ។ 

ទី៣- គម្រោង «ព្រែកជីកហ្វូណនតេជោ» ក៏នឹងជំរុញកំណើនវិស័យទេសចរណ៍ ជាពិសេសទេសចរណ៍នៅតាមដៃព្រែក ដែលជាផ្នែកមួយនៃក្របខ័ណ្ឌ «តារារះនៅទិសនិរតី» ដែលនឹងនាំមកនូវការរីកចម្រើននៃសេដ្ឋកិច្ចជាតិទាំងមូល។

ទី៤- «ព្រែកជីកហ្វូណនតេជោ» នឹងក្លាយជាប្រព័ន្ធធារាសាស្រ្តបម្រើដល់ការស្រោចស្រពដំណាំកសិកម្ម វារីវប្បកម្ម និងការចិញ្ចឹមសត្វរបស់ប្រជាជនដែលរស់នៅតាមបណ្តោយព្រែកជីកនេះប្រមាណ១លាន៦សែននាក់ ហើយនឹងបង្កើតឱកាសការងារ លើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរថែមទៀតផង។ ម៉្យាងទៀត ការសាងសង់ «ព្រែកជីកហ្វូណនតេជោ» ក៏នឹងអាចជួយរំដោះទឹកជំនន់ក្នុងខែវស្សានៅភាគនិរតីផងដែរ។

ទី៥- «ព្រែកជីកហ្វូណនតេជោ» នឹងពង្រឹងឯករាជ្យភាពនយោបាយលើការដឹកជញ្ជូនរបស់កម្ពុជាដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជាតិយូរអង្វែងទៅមុខ។ ការពឹងផ្អែកលើផ្លូវទឹក ក្នុងការដឹកជញ្ជូនរបស់ប្រទេសជិតខាងទាំងស្រុង នឹងធ្វើឱ្យកម្ពុជាជួបឧបសគ្គច្រើន ហើយកម្ពុជាក៏ពិបាកក្នុងការទទួលបានឯករាជ្យភាពនយោបាយខាងផ្លូវដឹកជញ្ជូនបានដែរ ប្រសិនបើយើងមិនមានផ្លូវទឹកខ្លួនឯងនោះ។ 

សរុបមកវិញ «ព្រែកជីកហ្វូណនតេជោ» មានអត្ថប្រយោជន៍មហាសាលសម្រាប់ជាតិនិងប្រជាជនខ្មែរ ទៅលើទិដ្ឋភាព សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ នយោបាយ និងប្រវត្តិសាស្រ្ត ។ល។ ដែលចាំបាច់កម្ពុជា ត្រូវប្តេជ្ញាចិត្តកសាងឱ្យខានតែបា នទោះក្នុងតម្លៃណាក៏ដោយ។ គួរបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ធ្លាប់បានប្រកាសរួចមកហើយថា សម្តេចនឹងប្រឹងប្រែងបំពេញឱ្យបាននូវបេសកកម្មដ៏សំខាន់នេះបន្តពី សម្តេចតេជោ ហ៊ុន សែន។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងថា ព្រែកជីកនេះគឺមានសារសំខាន់មិនអាចកាត់ថ្លៃបាននោះទេ វាជាផលប្រយោជន៍សម្រាប់អនាគតដ៏វែងឆ្ងាយសម្រាប់កម្ពុជា ដូច្នេះសម្តេចនឹងប្តេជ្ញាអនុវត្តគម្រោងនេះ ឱ្យចេញជារូបរាងតាមការគ្រោងទុក៕

ដោយ៖ តាំង ករុណា


ចែករំលែក៖