ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលប្រកបដោយផ្លែផ្កានៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋកូរ៉េ

ចែករំលែក៖

ភ្នំពេញ ៖ អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋកូរ៉េ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អមដំណើរ ដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូប រួមទាំងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបំពេញទស្សនកិច្ចផ្លូវការនៅ សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥ ដល់១៨ ខែឧសភា ឆ្នាំ២០២៤ ប្រកបដោយផ្លែផ្កា។ ក្រៅពីជំនួបកំពូលជាមួយ ឯកឧត្តមប្រធានាធិបតី យួន ស៊កយ៉ល សម្តេចធិបតី ក៏បានជួបដោយឡែកពីគ្នាផងដែរជាមួយឯកឧត្តម នាយករដ្ឋមន្ត្រី ហាន់ ដុកស៊ូ និង ឯកឧត្តម គីម ជីនផ្សំ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ។

សម្តេចធិបតី និងឯកឧត្តមប្រធានាធិបតី យួន ស៊កយ៉ល បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា យ៉ាងស៊ីជម្រៅ ក្នុងបរិយាកាសដ៏កក់ក្ដៅស្និទ្ធស្នាល អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីលើ វិស័យជាច្រើន រួមទាំងក្នុងក្របខ័ណ្ឌអាស៊ាន-សាធារណរដ្ឋកូរ៉េ និងមេគង្គ-សាធារណរដ្ឋកូរ៉េ ព្រមទាំង ស្ថានការណ៍តំបន់ និងអន្តរជាតិ។ ថ្នាក់ដឹកនាំទាំងពីរបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពដ៏ខ្លាំងក្លា នៃទំនាក់ទំនងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ហើយបានឯកភាពគ្នាលើកកម្ពស់ទំនាក់ទំនងដ៏ល្អប្រសើរនេះ ដល់ “ភាពជាដៃគូយុទ្ធសាស្ត្រ” ដោយប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួម មាន នយោបាយ សន្តិសុខ ការពារជាតិ ពាណិជ្ជកម្ម ការវិនិយោគ ហិរញ្ញវត្ថុ ការងារ ទេសចរណ៍ វប្បធម៌ បរិស្ថាន និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍ ដូចដែលមានចែងពិស្តារក្នុង «សេចក្តីថ្លែងការណ៍រួមស្តីពីការ បង្កើតភាពជាដៃគូយុទ្ធសាស្ត្ររវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ»។ *ក្នុងឱកាសនោះសម្តេចធិបតី បានស្នើ ឯកឧត្តមប្រធានាធិបតី លើកទឹកចិត្តឱ្យក្រុមហ៊ុនអាកាសចរណ៍កូរ៉េពិចារណាបង្កើត ជើងហោះហើរថ្មីៗតភ្ជាប់ទីក្រុងអ៊ុនឈុន-ខេត្តសៀមរាប និងខេត្តស្វយ័តពិសេសជេជូ-ខេត្តសៀមរាប។

ក្នុងជំនួបជាមួយ ឯកឧត្តមប្រធានាធិបតី យួន ស៊កយ៉ល ក៏ដូចជាក្នុងឱកាសជួបជាមួយ ឯកឧត្តមនាយករដ្ឋមន្ត្រី ហាន់ ដុកស៊ូ និង ឯកឧត្តមប្រធានរដ្ឋសភា គីម ជីនផ្សំ សម្តេចធិបតី បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ជំនួយដ៏មាន តម្លៃគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា និងការយកចិត្តទុកដាក់ដល់សុខមាលភាពពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ ធ្វើការ និងសិក្សានៅកូរ៉េ។ ថ្នាក់ដឹកនាំកូរ៉េបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែក ដល់សេដ្ឋកិច្ចកូរ៉េពីសំណាក់ប្រជាជនកម្ពុជាដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េ និងកិច្ចប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច ដើម្បីឱ្យប្រទេសកម្ពុជាក្លាយជាទិសដៅនៃការ វិនិយោគ និងជាដៃគូធុរកិច្ចរបស់កូរ៉េក្នុងវិស័យមានសក្តានុពលនានាជាច្រើន រួមទាំងទេសចរណ៍ កសិ- ឧស្សាហកម្ម ឧស្សាហកម្មយានយន្ត និងអេឡិចត្រូនិក។

សម្តេចធិបតី និងថ្នាក់ដឹកនាំសាធារណរដ្ឋកូរ៉េ បានសម្តែងការប្តេជ្ញាចិត្តក្នុងការរួមគ្នាបង្កើនទំនាក់ ទំនងរវាងប្រជាជន និងប្រជាជន និងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ដើម្បីនាំមកនូវ ផលប្រយោជន៍ជាក់ស្តែងទៅវិញទៅមកកាន់តែច្រើន ហើយបានអបអរសាទរចំពោះលទ្ធផលនៃកិច្ចប្រជុំ លើកទី១របស់គណៈកម្មាធិការចម្រុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ នាពេលថ្មីៗ នេះ។ ភាគីកូរ៉េស្វាគមន៍ការបង្កើតយន្តការពិគ្រោះយោបល់ទៀងទាត់រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ក្នុងគោលបំណងសម្របសម្រួលប្រតិបត្តិការ និងជំរុញការវិនិយោគ របស់កូរ៉េនៅកម្ពុជា និងបានយកចិត្តទុកដាក់ខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ក្នុងការបង្កើត តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាសម្រាប់ក្រុមហ៊ុនពីសាធារណរដ្ឋកូរ៉េ។

ដោយឡែក សម្តេចធិបតី បានទទួលជួបឥស្សរជនមួយចំនួនទៀត រួមមាន៖

ឯកឧត្តម អាន់ ដុកកឹន (Ahn Duk-geun) រដ្ឋមន្ត្រីពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េ លោក លី ហ៊ីបម (Lee Hee-beom) ប្រធានគណៈកម្មាធិការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា -សាធារណរដ្ឋកូរ៉េ លោក ម៉ាន គឺចង់ (Marn Ki-jeong) ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មកូរ៉េ ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។

ឯកឧត្តម ឆង់ អើយយ៉ុង (Chung Eui-yong) ប្រធានសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនៅ អាស៊ី (ICAPP) ពិភាក្សាអំពីការត្រៀមរៀបចំមហាសន្និបាត ICAPP លើកទី១២ ដែលគ្រោង ប្រព្រឹត្តទៅនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ នៅប្រទេសកម្ពុជា។

ឯកឧត្តម អូ យ៉ងហ៊ុន (Oh Young-hun) អភិបាលខេត្តស្វយ័តពិសេសជេជូ ពិភាក្សាអំពីកា ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយខេត្តសៀមរាប ក្រោមអនុស្សរណៈនៃការយោគយល់គ្នារវាងខេត្តសៀមរាប និងខេត្តស្វយ័តពិសេសជេជូ ដែលត្រូវបានចុះហត្ថលេខាក្នុងឱកាស ជំនួបសម្តែងការគួរជាសមជាមួយ សម្តេចធិបតី។

លោកបណ្ឌិត យួន ស៊កតេ (Yun Seog-dae) នាយកប្រតិបត្តិនៃសាជីវកម្មធនធានទឹកកូរ៉េ (K-water) និងជាប្រធានក្រុមប្រឹក្សាទឹកអាស៊ី (AWC) ពិភាក្សាអំពីការអភិវឌ្ឍធនធានទឹកប្រកប ដោយចីរភាព និងឆន្ទៈរបស់ K-water ក្នុងការបន្តគាំទ្រគម្រោងនានាពាក់ព័ន្ធនឹងការគ្រប់គ្រង ធនធានទឹក និងហេដ្ឋារចនាសម្ព័ន្ធទឹកនៅប្រទេសកម្ពុជា។

នៅក្នុងឱកាសទស្សនកិច្ចផ្លូវការនេះដែរ សម្តេចធិបតីបានអញ្ជើញចូលរួមវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ ដែលមានការចូលរួមពីធុរជនប្រមាណ៣០០រូប មកពីក្រុមហ៊ុនប្រមាណ២០០ ដោយបានថ្លែងលើកទឹក ចិត្តឱ្យក្រុមហ៊ុនកូរ៉េវិនិយោគថែមទៀតលើវិស័យសក្តានុពលដូចជា កសិកម្ម ការកែច្នៃម្ហូបអាហារ និង ឧស្សាហកម្មកម្មន្តសាលឈានមុខ។ សម្តេចធិបតី បានបង្ហាញសុទិដ្ឋិនិយមថា តាមរយៈការវិនិយោគជា យុទ្ធសាស្ត្រនៅកម្ពុជាដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន និងបរិយាកាសធុរកិច្ចកាន់តែប្រសើរ សាជីវកម្ម កូរ៉េអាចពង្រឹងវត្តមានរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងដើរតួនាទីគន្លឹះក្នុងការរៀបចំអនាគតរបស់ តំបន់។

សម្តេចធិបតី ក៏បានទទួលជួបដោយឡែក ជាមួយក្រុមហ៊ុននាំមុខរបស់កូរ៉េចំនួន៨ មានដូចជា ក្រុមហ៊ុន Daewoo E&C, Daejoo KC, Booyoung Khmer II, Hanshin E&C ដែលកំពុងមានប្រតិបត្តិ ការ ឬកំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា ក្នុងវិស័យហិរញ្ញវត្ថុ កសិកម្ម ទេសចរណ៍ អប់រំ បច្ចេកវិទ្យា ឧស្សាហកម្ម ថាមពល សំណង់ អចលនទ្រព្យ និងភស្តុភារកម្ម ជាដើម។

សម្តេចធិបតី អមដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានឆ្លៀតពេលជួប សំណេះសំណាលជាមួយសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េចំនួនប្រមាណ២.៣០០នាក់ ដោយបាន បញ្ជាក់ពីការបន្តខិតខំដោះស្រាយរាល់បញ្ហាលំបាកទាំងឡាយ ដើម្បីឱ្យបងប្អូនខ្មែរទាំងអស់អាចស្នាក់នៅ សិក្សា និងធ្វើការងារនៅសាធារណរដ្ឋកូរ៉េ ប្រកបដោយសុខមាលភាព។

ក្រៅពីអញ្ជើញចូលរួមអមសម្តេចធិបតីនៅក្នុងកម្មវិធីនានា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ភរិយាសម្តេចធិបតី បានទទួលជំនួបសម្តែងការគួរសមពីសំណាក់លោកស្រីបណ្ឌិត ហ៊ុន ជូស៊ិន (Byun Juseon) ស្ថាបនិកនៃអង្គការមិត្តអាស៊ី-ប៉ាស៊ីហ្វិក និងលោក គីម វ៉ូជុង (Kim Woojung) ប្រធានមជ្ឈមណ្ឌលវេជ្ជសាស្ត្រហេប្រុន ព្រមទាំងបានអញ្ជើញទៅទស្សនកិច្ចនៅមន្ទីរពេទ្យស៊ូជុនហៀង (Soochunhyang) និងទស្សនាការតាំងពិព័រណ៍នៅវិចិត្រសាល ហ្គូរូជី (Gallery Guruji)។

ក្នុងឱកាសទស្សនកិច្ចរបស់ សម្តេចធិបតី នៅសាធារណរដ្ឋកូរ៉េនេះ មានការចុះហត្ថលេខាលើឯកសារ ចំនួន១៣ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យនានា ក្នុងនោះរួមមានការបង្កើនទំហំ និងពន្យារថិរវេលា កិច្ចសម្របសម្រួលក្របខ័ណ្ឌស្តីពីការផ្តល់ឥណទានសម្បទាននៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍនកូរ៉េ ឥណទានកែលម្អផ្លូវជនបទនៅកម្ពុជា កិច្ចសហប្រតិបត្តិការវិនិយោគ កម្មសិទ្ធបញ្ញា ការបង្ក្រាបគ្រឿងញៀន និងកិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត៕

ដោយ ៖ សិលា

 

 

 


ចែករំលែក៖