ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធ​ករណី​រក្សាទុកចែកចាយគ្រឿងញៀនខុសច្បាប់​ នៅស្រុកសង្កែ​

ចែករំលែក៖

ខេត្ត​បាត់ដំបង៖ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានឱ្យដឹងនៅរសៀលថ្ងៃ​ទី​១៨​ ខែឧសភា​ ឆ្នាំ​២០២៤នេះថា​ លោកបានដឹកនាំកម្លាំងជំនាញ​ ចុះស្រាវជ្រាវបង្រ្កាប​ និងឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់​ជាបន្តបន្ទាប់​ ពាក់ព័ន្ធ​ករណី​រក្សាទុកចែកចាយគ្រឿងញៀនខុសច្បាប់​ ក្រោយ​ទទួល​បាន​ព័ត៌មាន​ច្បាស់​ការណ៍​។ 

លោកអធិការ​ស្រុក​រូបនេះ​ បន្តថា​ កាលពីរសៀលថ្ងៃទី១៧ខែឧសភា២០២៤ម្សិលមិញនេះ​ នៅចំណុចភូមិព្រៃស្វាយ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង លោកបានចុះល្បាតក្នុងភូមិសាស្ត្រ បង្ក្រាបបានករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សារី លីតុង ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិព្រៃស្វាយ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ។

វត្ថុតាងចាប់យកបានរួមមាន៖ 

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ ។

-សម្ភារៈកែច្នៃសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

-ទូរស័ព្ទដៃចំនួន០១គ្រឿង។

-ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ បាត់ដំបង 1B-9397 ។

ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ និងដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង១៥និង១៩នាទី នៅចំណុចក្រុមទី០២ ភូមិរាំងកេសី ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង កម្លាំងសមត្ថកិច្ចបានបន្តកិច្ច ប្រតិបត្តិការ រហូតឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ទៀត ១-ឈ្មោះ ថន ធី ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅក្រុមទី០២ ភូមិរាំងកេសី ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង, ២-ឈ្មោះ ភន សុភុន ហៅឃេ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង, ៣-ឈ្មោះ ថន ប៊ុន ហៅ ប៉ាវ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិរាំងកេសី ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង និង៤-ឈ្មោះ ភ័ណ្ឌ មុន្នី ហៅ ចិន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិរាំងកេសី ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ។ វត្ថុតាងចាប់យកបានរួមមាន៖ 

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៣ថង់ ។

-សម្ភារៈកែច្នៃសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

-កាបូបលុយចំនួន០២, ប្រាក់ខ្មែរចំនួន ២០,០០០រៀល (ពីរមុឺនរៀល)។

-ទូរស័ព្ទដៃចំនួន ០៥គ្រឿង។

-ម៉ូតូចំនួន ០៣គ្រឿង ។

បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕

ដោយ៖ អរុណរះ


ចែករំលែក៖