ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងទំនើងប្រុសស្រី ១៤នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពដេញកាប់កម្មករម្នាក់ឱ្យរងរបួសធ្ងន់

ចែករំលែក៖

ខេត្តសៀមរាប៖ ក្មេងទំនើងប្រុសស្រី ១៤នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពដេញកាប់កម្មករម្នាក់ឲ្យរងរបួសធ្ងន់។

ហេតុការណ៍បានកើតឡើង នៅយប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចលើផ្លូវកៅស៊ូ ភូមិតាជេត ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចបានឱ្យដឹងថា ៖ ករណីហិង្សា ដោយចេតនាខាងលើ មានស្ថានទម្ងន់ទោស ព្រោះតែបានកាប់អោយរបួសយ៉ាងធ្ងន់ធ្ងរ ។ 

សមត្ថកិច្ចបញ្ជាក់ថា ៖ ក្រុមជនសង្ស័យ មានគ្នាប្រហែល ១៥ ទៅ ២០នាក់ ជិះម៉ូតូប្រហែល១០គ្រឿង បានជិះដេញតាមជនរងគ្រោះ ពីចំណុចគល់ស្ពានJPA មកដល់ចំណុចកើតហេតុ ជនរងគ្រោះ បានដួលម៉ូតូបណ្តាលអោយបាក់ជើង រួចហើយជនសង្ស័យក៏បានកាប់ទៅលើជនរងគ្រោះ បន្តែមទៀត ។ ទីបំផុតសមត្ថកិច្ចនគរបាល និងកម្លាំងកងរាជអាវុធហត្ថស្រុកពួក ចាប់ខ្លួនបាន ១៤នាក់ កំពុងសាកសួរតាមនីតិវិធី ។ 

សូមបញ្ជាក់ថា ៖ មួយរយៈនេះ ក្រុមបងធំ បងតូច ក្រុមកាំបិត ដាវ ជិះម៉ូតូទាំងហ្វូងធ្វើសកម្មភាព ដូច្នេះសូមសមត្ថកិច្ចបង្កើន ការពារ សន្តិសុខ សណ្តាប់ធ្នាប់ តាមមូលដ្ឋាន អនុវត្តដូចភ្លៀងរលឹម គោលនយោបាយ ភូមិ -ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យបានល្អជូនប្រជាពលរដ្ឋ ។ ក្នុងនោះ ភូមិ-ឃុំ មានសុវត្ថិភាព រួមមានលក្ខណៈសម្បត្តិ៩យ៉ាង៖ 

១. គ្មានសកម្មភាព លួច ឆក់ ប្លន់ គ្រប់ប្រភេទ។

២. គ្មានការដាំដុះ ការផលិត ការចរាចរ ការជួញដូរ ការចែកចាយ និងការប្រើប្រាស់គឿងញៀនខុសច្បាប់។ 

៣. គ្មានអំពើអាណាចារ្យ ការជួញដូរស្រ្តី និងកុមារ និងអំពើហិង្សាក្នុងគ្រួសារ។ 

៤. គ្មានក្មេងទំនើង។ 

៥. គ្មានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ, ការប្រើប្រាស់អាវុធខុសច្បាប់គ្រប់ប្រភេទ និងបទល្មើសគ្រប់ប្រភេទ។ 

៦. គ្មានគ្រោះថ្នាក់ចរាចរណ៍។ 

៧. គ្មានគ្រោះថ្នាក់ដោយគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ 

៨. មានវិធានការណ៍ទប់ស្កាត់ គ្រប់គ្រង និងការឆ្លើយតបចំពោះគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព ។

៩. គ្មានការត្រួតពិនិត្យខុសច្បាប់ ៕

ដោយ ៖ សិលា


ចែករំលែក៖