ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកម៉ូតូសណ្តោងរុឺម៉កដឹកផ្លែឈើបើកឆ្លងផ្លូវបណ្តាលឱ្យស្រ្តីម្នាក់ស្លាប់

ចែករំលែក៖

    ភ្នំពេញ៖ ស្ត្រីអ្នកលក់ផ្លែឈើម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសារគ្រោះថ្នាក់ចរាចរណ៍រថយន្តបើកបុកជាមួយម៉ូតូសណ្តោងរុឺម៉កដឹកផ្លែឈើដែលកំពុងបើកឆ្លងផ្លូវ ។

    ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១០និង៥០នាទីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវជាតិលេខ២ ក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

   សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីដែលស្លាប់ មានឈ្មោះ ឆេង ងីម អាយុ៤៧ឆ្នាំ មុខរបរលក់ផ្លែឈើ មានទីលំនៅភូមិ១ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាអ្នកបើកម៉ូតូសណ្តោងរុឺម៉ក ។

    ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបើកម៉ូតូសណ្តោងរុឺម៉កដឹកផ្លែឈើពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុក៏បត់ឆ្វេងឆ្លងផ្លូវមិនប្រយ័ត្នក៏ត្រូវរថយន្តម៉ាកតូយ៉ូតា Prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BN-6144 ដែលកំពុងបើកពីត្បូងទៅជើងជាន់ហ្វ្រ័ងមិនទាន់ជ្រុលទៅបុកបណ្តាលឱ្យស្លាប់ស្ត្រីម្នាក់ ចំណែកអ្នកបើកបររថយន្តចុះគេចខ្លួនបាត់ ។

   បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍បានចុះទៅពិនិត្យនិងប្រគល់សពរងគ្រោះជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែរថយន្តនិងម៉ូតូរុឺម៉កត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖