ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាវាគ្មិនក្នុងសន្និសីទស្តីពី «អនាគតកម្ពុជាដែលគ្មានអំពើប្រល័យពូជសាសន៍» នៃទិវាជាតិនៃការចងចាំ ២០ ឧសភា

ចែករំលែក៖

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាវាគ្មិនក្នុងសន្និសីទស្តីពី «អនាគតកម្ពុជាដែលគ្មានអំពើប្រល័យពូជសាសន៍» នៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដើម្បីចែករំលែកនូវចំណេះដឹង ចក្ខុវិស័យ និងគោលគំនិតមួយចំនួនលើការពង្រឹងតួនាទីអប់រំនិងផ្សព្វផ្សាយអំពីរឿងរ៉ាងអតីតកាលនៃរបបខ្មែរក្រហមដល់យុវជនជំនាន់ក្រោយ ។ 

នៅព្រលប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ៖ ក្នុងថ្ងៃនៃទិវាជាតិនៃការចងចាំ ២០ ឧសភា, ខ្ញុំបានវិលត្រឡប់មកអតីតសាលសវនាការជំនុំជម្រះសំណុំរឿងក្តីនៃឧក្រិដ្ឋកម្មកើតឡើងនៅក្នុងរបបខ្មែរក្រហមដែលបច្ចុប្បន្នប្រសិទ្ធនាមថា «សាលយុត្តិតេជោ» ជាមួយតួនាទីជាវាគ្មិនក្នុងសន្និសីទស្តីពីអនាគតកម្ពុជាដែលគ្មានអំពើប្រល័យពូជសាសន៍។ ខ្ញុំបានចូលរួមជាវាគ្មិនលើប្រធានបទ «យុវជននិងការអប់រំ: ការទទួលខុសត្រូវនៃការអប់រំដើម្បីទប់ស្កាត់និងបង្ការអំពើប្រល័យពូជសាសន៍ ជូនដល់អ្នកចូលរួមជាតិនិងអន្តរជាតិ។ 

លោករដ្ឋមន្ត្រីបានលើកឡើងថា ៖ ក្នុងនាមជាអនុប្រធានក្រុមការងារសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិនិងដៃគូអភិវឌ្ឍសម្រាប់ការអនុវត្តមុខងារសេសសល់នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ។ 

លោករដ្ឋមន្ត្រីបានបន្តថា ៖ ខ្ញុំពិតជាមានក្តីសោមនស្សរីករាយក្នុងការចែករំលែកនូវចំណេះដឹង ចក្ខុវិស័យ និងគោលគំនិតមួយចំនួនលើការពង្រឹងតួនាទីអប់រំនិងផ្សព្វផ្សាយអំពីរឿងរ៉ាងអតីតកាលនៃរបបខ្មែរក្រហមដល់យុវជនជំនាន់ក្រោយដើម្បីពួកគេបានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយ និងបានយល់ដឹងច្បាស់ពីរបបខ្មែរក្រហមដ៏សាហាវឃោរឃៅ និងចូលរួមទប់ស្កាត់អំពើប្រល័យពូជសាសន៍ និងថែរក្សាការពារសុខសន្តិភាពដែលកម្ពុជារកបានដោយពិបាកនេះដើម្បីសុខដុមនីយកម្មក្នុងសង្គមកម្ពុជាជារៀងរហូត ៕

ដោយ ៖ សិលា


ចែករំលែក៖