ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខណ្ឌដូនពេញ ឆ្មក់ចុះបង្ក្រាប់ករណីគ្រឿងញៀនឃាត់ខ្លួនមនុស្ស១៨នាក់ នៅទីតាំងផ្ទះសំណាក់ សួរស្ដី

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចធ្វើការឡោមព័ទ្ធទីតាំងផ្ទះសំណាក់យីហោសួរស្ដី ដោយបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ ប្រុសស្រី ពាក់ព័ន្ធនឹងគ្រឿងញៀន១៨នាក់ ក្នុងនោះស្រី៧នាក់ និងដកហូតសារញៀនធាតុមួយចំនួន រួមទាំងសម្ភារៈប្រើប្រាស់មួយចំនួនផងដែរ។

ប្រតិបត្តិការនេះ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯកទៀង ចាន់សារ អធិការនគរបាលខណ្ឌដូនពេញបានធ្វើឡើងនៅវេលាម៉ោង ១២ និង៤០នាទីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចផ្ទះសំណាក់ យីហោ សួរស្តី ផ្ទះលេខ38A0 ផ្លូវលេខ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីមន្ត្រីជំនាញអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានឲ្យដឹងថា មុនឈានដល់ការឡោមព័ទ្ធនៅចំណុចទីតាំងផ្ទះសំណាក់នេះដោយមានប្រជាពលរដ្ឋរាយការណ៍មកថានៅចំណុចផ្ទះសំណាក់យីហោ សួរស្ដី មានក្រុមក្មេងស្ទាវមិនស្គាល់អត្តសញ្ញាណប្រមូលផ្ដុំ ពពាក់ពពួនគ្នាចេញចូលនៅក្នុងផ្ទះសំណាក់នេះដែលមានការសង្ស័យពាក់ព័ន្ធនឹងសារធាតុញៀនផងដែរ។

ក្រោយទទួលបានសេចក្ដីរាយការណ៍កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាន រួចសុំគោលការណ៍ចុះឡោមព័ទ្ធចំណុចទីតាំងផ្ទះសំណាក់នេះនិងឈានដល់ការឃាត់ខ្លួនជនសង្ស័យ១៨នាក់និងដកហូតសារធាតុញៀនមួយចំនួនផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង១៨នាក់រួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញនាំខ្លួនយកទៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីធ្វើការសួរនាំ កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖