ព័ត៌មានទាន់ហេតុការណ៍៖

តំបន់ជំរំសត្វទោច ចាហ៊ូ នៅកែវសីមា នឹងធ្វើការពង្រីកជម្រកសត្វទោចថ្ពាល់លឿងឱ្យដល់គោលដៅរហូត១០០០ហិកតា

ចែករំលែក៖

ខេត្ត​មណ្ឌល​គិរី​៖​ យោងតាម​ប្រភពព័ត៌មាន​ពី​ USAID មរតកបៃតង​ បានឱ្យដឹងថា​ ទីភ្នាក់ងារជំនួយអាមេរិក USAID បានបង្ហាញពីភាពជោគជ័យនៃជំរំសត្វទោច ចាហ៊ូ សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការពង្រីកជម្រកដ៏សំខាន់ដល់សត្វទោចថ្ពាល់លឿងដែលជិតផុតពូជនៅកែវសីមា។ តំបន់ជំរំសត្វទោច ចាហ៊ូ ស្ថិតនៅភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃកែវសីមា។

នាឱកាសអបអរសាទរទិវាអន្តរជាតិសម្រាប់ជីវៈចម្រុះ ក្រោមប្រធានបទ «ក្លាយជាផ្នែកនៃផែនការ» នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ USAID មរតកបៃតង បានបញ្ជាក់ពីការជួយគាំទ្រដល់ក្រុមអ្នកស្រាវជ្រាវនៅជំរំសត្វទោច ចាហ៊ូ របស់អង្គការសេចក្ដីសង្ឃឹមពិភពលោកអន្តរជាតិ ឱ្យសម្រេចបាននូវការពង្រីកការគ្រប់គ្រង ដែនជម្រករបស់សត្វទោចទំហំចំនួន ៤៤៥,៥ ហិកតាបន្ថែមទៀត ក្នុងឆមាសទីមួយនៃឆ្នាំនេះ ដែលធ្វើឱ្យការពង្រីកតំបន់រស់នៅរបស់សត្វទោចសរុបបានរហូតដល់ ៦៩១,៣ ហិកតា រហូតមកដល់បច្ចុប្បន្ន។ USAID មរតកបៃតង និងភាគីពាក់ព័ន្ធនានា មានកិច្ចការពារទីជម្រករបស់សត្វទោចតាមរយៈអេកូទេសចរណ៍ និងគម្រោងរេដបូកនៅក្នុងតំបន់គោលដៅមួយនេះ។ គម្រោងនេះក៏មានគោលបំណងបន្តពង្រីកទីជម្រករបស់សត្វទោចឱ្យឈានដល់គោលដៅចំនួន ១០០០ ហិកតានៅចុងឆ្នាំនេះ។

ប្រភពដដែលបន្តថា​ ការពង្រីកនេះបានផ្តល់កន្លែងសម្រាប់បង្កើនសកម្មភាពស្រាវជ្រាវ និងការផ្សាំងសត្វទោច ក៏ដូចជាការពង្រីកវិសាលភាពនៃការឃ្លាំមើលព្រៃរបស់ចាហ៊ូផងដែរ។ សម្រាប់សកម្មភាពទាំងនេះរួមទាំងការការពារជម្រកដ៏សំខាន់របស់សត្វទោច ទល់នឹងការកាប់ឈើខុសច្បាប់ ការបរបាញ់សត្វ និងការកាប់រានព្រៃដោយផ្ទាល់។ ចំនួនសត្វទោចថ្ពាល់លឿងបានថយចុះយ៉ាងឆាប់រហ័ស ដែលភាគច្រើនបណ្តាលមកពីការបាត់បង់ទីជម្រក និងការចាប់ជួញដូរធ្វើជាសត្វចិញ្ចឹម។ នៅក្នុងតំបន់ទេសភាពវាលទំនាបខាងកើតនៃខេត្តមណ្ឌលគិរី ដែនជម្រកសត្វព្រៃកែវសីមាគឺកន្លែងដែលមានចំនួនប្រភេទសត្វជិតផុតពូជប្រភេទនេះច្រើនបំផុត។

គួរជម្រាបជូនថា​ USAID មរតកបៃតង​ បានបញ្ជាក់នាកន្លងមកដែរថា​ ការពង្រីកផ្ទៃដីនេះ គឺដើម្បីអនុញ្ញាតឱ្យមានការប្រើប្រាស់ដីដូនតារបស់ជនជាតិដើមភាគតិចពូនង (ព្នង) សម្រាប់វិស័យទេសចរណ៍ និងការស្រាវជ្រាវ។កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ ក៏សម្រាប់អេកូទេសចរណ៍ជំរំសត្វទោច ចាហ៊ូ ដែលជាកម្មសិទ្ធិរបស់សហគមន៍ និងការស្រាវជ្រាវអំពីសត្វទោច៕

ដោយ៖ តារា​


ចែករំលែក៖