ភ្នំពេញ៖ ជនសង្ស័យជាអ្នកលក់ឡានម្នាក់ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌចាប់ឃាត់ខ្លួន បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី២២ ខែឧសភាឆ្នាំ២០២៤នេះ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីចេញសែកស្អុយជាង៨ម៉ឺនដុល្លារ។
តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស៉ិន សុភាព អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិ៧ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។
ជនសង្ស័យរូបនេះ បានចេញសែកស្អុយនូវទឹកប្រាក់ចំនួន៨៤,៥០០ដុល្លារ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីទូទាត់សងបំណុល ប៉ុន្ដែពេលជនរងគ្រោះទៅបើកស្រាប់តែខាងធនាគារបញ្ជាក់ថា គណនីនោះមិនដំណើរការ។ ជនសង្ស័យបានព្យាយាមគេចវេស ផ្ដាច់ការទំនាក់ទំនងជាមួយជនរងគ្រោះ។
រហូតមកដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឃាត់ខ្លួនឈ្មោះ ស៉ិន សុភាព ដើម្បីធ្វើការសួរនាំ និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕
ដោយ ៖ រ៉ារ៉ា