ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិន បើករថយន្ដALPHARTប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បុកម៉ូតូរបួសធ្ងន់ម្នាក់នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់ បង្កឡើងដោយបុរស ជនជាតិចិន បើករថយន្ដALPHARTប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បុកម៉ូតូ ស្របទិសគ្នាយ៉ាងពេញទំហឹងបណ្ដាលអោយបុរសម្នាក់របួសធ្ងន់ផ្អើលអ្នកភូមិទាំងយប់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង៤៨នាទី ទៀបភ្លឺឈានចូលថ្ងៃទី ២៣ខែឧសភាឆ្នាំ២០២៤ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៦៥.១៦៦ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា បុរសរងគ្រោះមានឈ្មោះ សូ វុទ្ធី  អាយុ ៥៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរមានទីលំនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្ត ស្វាយរៀងបើកម៉ូតូម៉ាក HONDA សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1I 7271ខូចខាតស្រាល។

ចំណែកអ្នកបើករថយន្តបង្កហេតុមានឈ្មោះ លី ជាន ភេទ ប្រុសអាយុ ៣១ឆ្នាំ ជនជាតិ ចិន មុខរបរបុគ្គលិកកាសុីណូ បច្ចុប្បន្ន ស្នាក់នៅភូមិបាវិតកណ្ដាល សង្កាត់ បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

តាមសាក្សីបានអោយដឹងថាមុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកHONDA សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1I 7271ដោយធ្វើដំណើរ ពីលិចទៅកើត ខណៈនោះស្រាប់តែមានរថយន្ដ១គ្រឿងម៉ាកALPHARTពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BJ 9757 បើកក្នុងទិសដៅស្របគ្នា ប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បុកយ៉ាងពេញទំហឹងបណ្ដាលអោយរបួសធ្ងន់(បាក់ឆ្អឹងដងកាំបិតខាងឆ្វេង និងប៉ះពាល់ផ្នែកក្បាល)ត្រូវបានក្រុមគ្រួសារ បញ្ជួនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យ សឿងអា ប្រទេសវៀតណាម។

រីឯវត្ថុតាងសមត្ថកិច្ចបានធ្វើការវាស់វែងនិងអូសយកម៉ូតូនិងរថយន្តមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីចាត់ការតាមច្បាប់ ៕

ដោយ៖ សុថាន


ចែករំលែក៖