ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំក្រុមការងារទស្សនកិច្ចស្តីពីការអនុវត្តស្តង់ដាសាលារៀនគំរូ នៅវិទ្យាល័យ ហ៊ុនសែន បល្ល័ង្ក ក្រុងស្ទឹងសែន

ចែករំលែក៖

ខេត្តកំពង់ធំ ៖ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន  ទស្សនកិច្ចពិនិត្យ មើលការអនុវត្តស្តង់ដាសាលារៀនគំរូ នៅវិទ្យាល័យ ហ៊ុនសែន បល្ល័ង្ក និងមានការចូលរួមពីលោកអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ ឯកឧត្តម លោកជំទាវ លោក លោកស្រីថ្នាក់ដឹកនាំក្រសួងជាប្រតិភូ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ។ 

មានប្រសាសន៍ក្នុងឱកាសនេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ ចំពោះការដឹកនាំគ្រប់គ្រងសាលារៀនរបស់គណៈគ្រប់គ្រង និងការបង្រៀន និងរៀនរបស់លោកគ្រូ អ្នកគ្រូ បើទោះបីជាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ មិនមានសិស្សជាប់និទ្ទេស A ប៉ុន្តែ សិស្សប្រឡងជាប់មានភាគរយខ្ពស់ គួរឱ្យកត់សម្គាល់។ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការសម្រេចបាននូវស្តង់ដាសាលារៀនគំរូ ត្រូវមានការចូលរួមពីកត្តា៤ ដែលក្នុងនោះរួមមាន៖ ១).កត្តាសាលារៀន ២).កត្តាគ្រូបង្រៀន ៣).កត្តាសិស្ស និង៤).កត្តាមាតាបិតា អ្នកអាណាព្យាបាល សហគមន៍។ 

ជាមួយនេះដែរ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ដើម្បីប្រែក្លាយជាសាលារៀនគំរូ គឺត្រូវតែអនុវត្តតាមស្តង់ដាទាំង៥ ដែលរួមមាន៖

ស្តង់ដាទី១៖ លទ្ធផលសិក្សារបស់សិស្ស ដែលកម្រិត មធ្យមសិក្សាទុតិយភូមិ ផ្តោតលើភាគរយសិស្សជាប់និទ្ទេស A B C  ខ្ពស់ និងសាលារៀនដែលមានភាគរយសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ខ្ពស់ជាងថ្នាក់ជាតិ។ សាលារៀនត្រូវអនុវត្តតេស្តស្តង់ដាសម្រាប់សិស្សថ្នាក់ទី៧ ទី៩ និងទី១២ បន្ទាប់មកយកលទ្ធផលតេស្តនេះ ទៅធ្វើផែនការកែលម្អការបង្រៀន និងរៀន និងចាប់ពីពេលនេះរហូតដល់ចុងឆ្នាំសិក្សា ផ្តោតលើការគាំទ្រសិស្សថ្នាក់ទី៩ និងទី១២ ដើម្បីបង្កើនលទ្ធផលនៃការប្រឡងសញ្ញាបត្រ នាពេលខាងមុខ។

នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ និងមន្ទីរ ត្រូវរៀបចំ និងផ្តល់មេរៀនសង្ខេបដែលក្រសួងផលិតបាននាពេលកន្លងមក ជូនដល់សាលារៀន និងគ្រូបង្រៀនជួយបំប៉នសិស្សថ្នាក់ទី១២បន្ថែមដោយប្រើប្រាស់ខ្លឹមសារនៃមេរៀនសង្ខេបទាំងនេះ។ ចំពោះលទ្ធផលនៃការធ្វើតេស្តស្តង់ដា ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ ជាពិសេសឱ្យបានដល់មាតាបិតា អ្នកអាណាព្យាបាល ព្រមទាំងជំរុញ លើកទឹកចិត្តពួកគាត់ឱ្យបន្តឧបត្ថម្ភគាំទ្រដល់ការបំប៉នបន្ថែម និងបង្កលក្ខណៈងាយស្រួលឱ្យកូនៗធ្វើស្វ័យសិក្សាជាប់ជាប្រចាំ។ 

ស្តង់ដាទី២៖ ការបង្រៀន និងរៀន ដែលនៅកម្រិត មធ្យមសិក្សា គ្រូបង្រៀនត្រូវអនុវត្តវិធីសាស្ត្របង្រៀនថ្មីៗ  ជំរុញឱ្យសិស្សស្វ័យសិក្សា អនុវត្តសកម្មភាពក្រៅម៉ោងសិក្សា ការបង្កើតក្រុមប្រឹក្សាយុវជន ការបង្កើតនិងដំណើរការក្លឹបសិក្សា និងការរៀននិងបង្រៀនពេញមួយថ្ងៃ ជាដើម។ 

ស្តង់ដាទី៣៖ ការចូលរួមរបស់សហគមន៍ មាតាបិតា អ្នកអាណាព្យាបាលត្រូវបានលើកទឹកចិត្តឱ្យចូលរួមជាសមាជិកគណៈកម្មការគ្រប់គ្រងសាលារៀន គណៈកម្មការគ្រប់គ្រងថ្នាក់រៀន និងជំរុញកូនចៅឱ្យខិតខំរៀនសូត្រ និងតាមដានលទ្ធផលសិក្សារបស់ពួកគេ ការចូលរួមឧបត្ថម្ភជាសម្ភារៈ ថវិកា ជំនាញ និងពេលវេលា ក្នុងការអភិវឌ្ឍសាលារៀន ជាពិសេសចូលរួមឧបត្ថម្ភដល់ការបំប៉នបន្ថែមសម្រាប់មុខវិជ្ជាប្រឡង តាមគោលការណ៍ស្ម័គ្រចិត្ត។ ដើម្បីឱ្យការអនុវត្តប្រព្រឹត្តទៅដោយរលូន ប្រកបដោយតម្លាភាព គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ត្រូវរៀបចំផែនការបំប៉នបន្ថែមឱ្យបានច្បាស់លាស់ បន្ទាប់មកប្រជុំផ្សព្វផ្សាយដល់មាតាបិតា អ្នកអាណាព្យាបាល សហគមន៍ អាជ្ញាធរដែនដី ឱ្យបានយល់ដឹងគ្រប់ៗគ្នា និងចូលរួមគាំទ្រ។ 

ស្តង់ដាទី៤៖ ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន ក្នុងន័យធ្វើឱ្យសាលារៀនមានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការលើកកម្ពស់ការអប់ឌីជីថល ធានាបាននូវការអនុវត្តកម្មវិធីអប់រំសុខភាពសិក្សា អប់រំកាយ និងកីឡា ការអប់រំសិល្បៈ និងសកម្មភាពផ្សេងៗទៀត។

ស្តង់ដាទី៥៖ គណនេយ្យភាពសាលារៀនត្រូវបានលើកម្ពស់ សហគមន៍មានភាពជាម្ចាស់ និងមានការគាំទ្រពីប្រព័ន្ធអប់រំ។ មន្ទីរអប់រំ យុវជន និងកីឡាត្រូវរៀបចំយន្តការ បង្កើតក្រុមការងារ និងរៀបចំផែនការចុះជួយសាលារៀនជាប់ជាប្រចាំ ផ្តោតលើសកម្មភាពសំខាន់ៗ ដែលនាំទៅសម្រេចបានសូចនាករនៃស្តង់ដាសាលារៀនគំរូ៕

ដោយ៖ សូរិយា


ចែករំលែក៖