ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនស្ត្រីវ័យចំណាស់ម្នាក់ ពីបទ លួចយកកាបូបលុយដែលមានមាស ៥ជី និងលុយជាង ២លានរៀល(មានវីដេអូ)

ចែករំលែក៖

ភ្ភ្នំពេញ៖ ឃាត់​ខ្លួន​​ស្ត្រី​ចំណាស់​ដែល​ធ្វើ​សកម្មភាពចូលទៅក្នុងផ្ទះប្រជាពលរដ្ឋ លួចយកកាបូបលុយ ដែលមានមាស ៥ជី និងលុយជាង ២លានរៀល របស់លោកយាយម្នាក់ដែលទៅលេងផ្ទះកូនរបស់គាត់ និងកំពុងសម្រាន្តលង់លក់ មិនទាន់ក្រោកពីដំណេក បានសម្រេច គេចខ្លួនបាត់ដោយសុវត្ថិភាព ពេលនេះត្រូវបាន​ជនរងគ្រោះ​ស្រាវជ្រាវ​តាម​រក​ឃេីញ​ចាប់​ប្រគល់​អោយ​សមត្ថកិច្ច​ បែក​ធ្លាយ​ជាមុខ​សញ្ញា​ចាស់​ ធ្លាប់​ធ្វើ​សកម្មភាព​លួច​ជា​ច្រើន​ករណី​ នៅ​ខណ្ឌ​ជ្រោយ​ចង្វា​ នៅ​ខណ្ឌ​ផ្សេង​ៗ​ទៀត​ក្នុង​រាជធានី​ភ្នំពេញ​ ។ 

ហេតុការណ៍​ឃាត់​ខ្លួន​នេះ​ធ្វើ​ឡើង​កាល​ពី​វេលាម៉ោង​៣:៣០នាទី​រសៀល​ថ្ងៃទី​២៣​  ខែ​ឧសភា​ ឆ្នាំ​២០២៤​ នៅចំណុច​បន្ទប់​ជួល​ក្នុង​ភូមិ​ទ្រា១​ ក្រុម​៤​ សង្កាត់​ស្ទឹង​មាន​ជ័យ​១​ ខណ្ឌ​មាន​ជ័យ​ រាជធានី​ភ្នំពេញ​ ។ 

ស្ត្រី​ចំណាស់​ជាជន​សង្ស័យ​ មាន​ឈ្មោះ​ វណ្ណី​ អាយុ​៥៩ឆ្នាំ​  មុខរបរ​មិន​ពិត​ប្រាកដ​។ នៅ​ចំពោះ​មុខ​សាច់ញាតិ​ជនរងគ្រោះ​ ស្ត្រី​ចំណាស់​បាន​សារភាព​ថា​ រូប​គេ​ពិត​ជា​បាន​លួច​កាបូប​លុយ​នោះ​ពិត​មែន​ ចំណែក​ខ្សែ​ដៃ​មាស​ទម្ងន់​៥ជី​ រូប​គេ​យក​ទៅ​លក់​បាន​ប្រាក់​ចំនួន​១.២០០ដុល្លារ​។ តាមការបញ្ជាប់ពីចៅរបស់ជនរងគ្រោះផ្ទាល់ និងតាមរយៈកាមេរ៉ាសុវត្ថិភាពដែលបានបង្ហាញ បានឲ្យឃើញថា មុនពេលកើតហេតុ លោកយាយ ជាម្ចាស់កាបូបបានមកលេងផ្ទះកូនរបស់គាត់ ស្ថិតនៅក្នុងភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ លុះនៅវេលាម៉ោង ៦ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ម៉ោងក្នុងកាមេរ៉ាសុវត្ថិភាព ស្រាប់តែមានស្ត្រីជាជនសង្ស័យវ័យចំណាស់ម្នាក់ ស្លៀកឈុតពណ៌ត្រួយចេក មានមុខ និងភិនភាគ ដូចដែលកាមេរ៉ាចាប់ជាប់ មកចូលក្នុងផ្ទះ ហើយលួចយកកាបូបលុយរបស់លោកយាយ ដែលក្នុងកាបូបនោះ មានលុយជាង ២លានរៀល និងមាស ៥ជី គេចខ្លួនបាត់តែម្តង។

ក្រោយកើតហេតុ កូនរបស់ជនរងគ្រោះបានបញ្ជាក់ថា គាត់បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ជ្រោយចង្វា ហើយ​ និង​ មានគេប្រាប់កូនជនរងគ្រោះថា បានឃើញស្ត្រីដែលជាជនសង្ស័យរូបនេះ ស្នាក់នៅតាមបណ្តោយផ្លូវសឡា ក្នុងសង្កាត់ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ ទើបកូនជនរងគ្រោះបើករថយន្តចេញពីក្នុងសង្កាត់ជ្រោយចង្វាមកដល់ក៏ឃើញជនសង្ស័យរូបនេះមែន និងឃាត់ខ្លួនបានតែម្តង យកទៅកាន់ប៉ុស្តិ៍ស្ទឹងមានជ័យទី១ ដើម្បីរង់ចាំសមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វាមកទទួល យកទៅចាត់ការបន្ត ព្រោះជាម្ចាស់ករណី   

ប្រភព​ពី​ប្រជាពលរដ្ឋ​រស់​នៅ​កន្លែង​កើត​ហេតុ​បានប្រាប់​ឱ្យ​ដឹងថា​ ពួកគាត់​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ ខណៈ​មាន​សមត្ថកិច្ច​មក​ឃាត់​ស្ត្រី​ចំណាស់​នោះ​ ។   ពួកគាត់​មិនច្បាស់​ថា​ស្ត្រី​នោះ​រក​ស៉ី​អ្វី​នោះទេ​ គ្រាន់​តែ​ដឹងថា​ស្ត្រី​នោះ​មាន​លុយ​ចាយ​ពេញ​ៗដៃ​ ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖