ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបក្មេងទំនើងចំនួន៣នាក់ដែលបង្កការអុកឡុកនៅក្នុងក្រុងសៀមរាប ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តសៀមរាប ៖ ក្មេងទំនើងចំនួនបីនាក់ដែលតែងអុកឡុកបង្កអសន្តិសុខនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចនគរបាលក្រុងសៀមរាបបង្ក្រាបឃាត់ខ្លួន។

សូមបញ្ជាក់ថា ៖ ការបង្ក្រាបធ្វើឡើងបន្ទាប់ពីមានករណីធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស(កាប់ម៉ូតូ) នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០៤និង២០នាទី នៅចំណុចខាងជើងក្លិបធីមផល ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប ។ 

សមត្ថកិច្ចបានបញ្ជាក់ថា ៖ ម៉ូតូដែលរងការកាប់បំផ្លាញម៉ាកហុងដាឌ្រីម ផលិតឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប ១AF-៨២៣៦ របស់ជនរងគ្រោះឈ្មោះ វណ្ណ សារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសំបួរ សង្កាត់សំបួរ ក្រុង/ខេត្តសៀមរាប។

ដោយឡែកជនសង្ស័យរួមមាន ៖ 

១-ឈ្មោះ ភន់ ចិត្រា ហៅចិត្ត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប (មានសារធាតុញៀននៅក្នុងខ្លួន)។

២-ឈ្មោះ សឿន ប៊ុនធី ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិអញ្ចាញ សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប។

៣-ឈ្មោះ ស៊ឹង ម៉េងលី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិអញ្ចាញ សង្កាត់នគរធំ ក្រុង ខេត្តសៀមរាប(មានសារធាតុញៀននៅក្នុងខ្លួន)  ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០៣នាក់បានសារភាពថា ពួកខ្លួននិងបក្ខពួកពិតជាបានកាប់ម៉ូតូគេប្រាកដមែន។ កន្លងមកពួកខ្លួនក៏បានធ្វើសកម្មភាពចំនួន០២លើកទៀត គឺនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០១:៣០នាទី មុខមន្ទីរពេទ្យនាគទេព ស្ថិតក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប បានធ្វើសកម្មភាពកាប់មនុស្សប្រុសម្នាក់។ ក្រោយថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០០:០០នាទី នៅចំណុចមុខស្ថានីយសាំង ស្ថិតក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប បានធ្វើសកម្មភាពកាប់ទៅលើមនុស្សប្រុសម្នាក់ត្រូវត្រង់ខ្នងនិងមួកការពារ រួចជិះគេចខ្លួន។

ករណីនេះសមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន៖

-ដាវកែច្នៃចំនួន០១ដើម

-កាំបិតផ្លែរណាចំនួន០១ដើម។

បច្ចុប្បន្នជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបតាមនីតិវិធី ៕ 

ដោយ ៖ សិលា


ចែករំលែក៖