ខេត្តព្រះសីហនុ៖ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានឱ្យដឹងថា កងទ័ពជើងទឹកកម្ពុជា-ចិន ជាង ៧០០នាក់ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ បានធ្វើសមយុទ្ធលើលម្ហសមុទ្រជាលើកដំបូងមិនធ្លាប់មាន ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ រក្សាបានកិច្ចការប្រតិបត្តិការ បង្កើនទំនុកចិត្តកាន់តែរឹងមាំ និងបន្តជំរុញអភិវឌ្ឍន៍ទំនាក់ទំនងរវាងកងទ័ពជើងទឹកប្រទេសទាំងពីរ។
លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានថ្លែងបញ្ជាក់ថា សមយុទ្ធរវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឹកចិន មានរយៈពេល១២ថ្ងៃ ដែលចាប់ផ្ដើមពីថ្ងៃទី១៦ ដល់ថ្ងៃទី២៧ ខែឧសភា នៅលើផ្ទៃសមុទ្រកម្ពុជា ក្នុងខេត្តព្រះសីហនុ។ សមយុទ្ធនេះត្រូវគេឱ្យឈ្មោះថា «សមយុទ្ធកងទ័ពជើងទឹក នាគមាស-ឆ្នាំ២០២៤» ដែលធ្វើឡើងក្រោមប្រធានបទ «ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករ ចាប់ជំរិតនាវាដឹកទំនិញ» ដែលមានការចូលរួមពីកងទ័ពជើងទឹកកម្ពុជា-ចិន សរុប៧៨២នាក់ នាវាចំនួន ១៤គ្រឿង និងឧទ្ធម្ភាគចក្រ ០២គ្រឿង ក្នុងប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករដែលចាប់ជំរិតនាវាដឹកទំនិញ។
អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ បានថ្លែងបន្តថា សមយុទ្ធនេះនឹងត្រួសត្រាយផ្លូវធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរកាន់តែប្រសើរឡើង ពិសេសការផ្លាស់ប្តូរពិសោធន៍ ការបង្កើនសមត្ថភាព លើប្រតិបត្តិការប្រើប្រាស់កម្លាំង មធ្យោបាយកងទ័ពជើងទឹក ដើម្បីទប់ទល់នឹងបញ្ហាប្រឈមនានា រួមចំណែកក្នុងបុព្វហេតុការពារសន្តិភាពក្នុងតំបន់។
ដោយឡែកតាមការគ្រោងទុកកងទ័ពកម្ពុជា-ចិន នឹងរៀបចំពិធីបិទសមយុទ្ធ កងទ័ពជើងទឹក នាគមាស ឆ្នាំ២០២៤ រួមគ្នា ក្រោមប្រធានបទ «ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករ ចាប់ជំរិតនាវាដឹកទំនិញ» នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ នៅលើដែនសមុទ្រកម្ពុជា។
ឆ្នាំ២០២៤ ជាឆ្នាំទី១ ដែលកងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងទឹករំដោះប្រជាជនចិន បានសហការគ្នាធ្វើលំហាត់ហ្វឹកហ្វឺនសមយុទ្ធនាគមាសនេះឡើង គឺដើម្បីផ្លាស់ប្តូរបទពិសោធន៍ រក្សាបានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និត បង្កើតទំនុកចិត្តកាន់តែរឹងមាំ នឹងបន្តជំរុញអភិវឌ្ឍទំនាក់ទំនងរវាង ប្រទេសទាំងពីរ កម្ពុជា-ចិន ឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត និងរួមគ្នាទប់ទល់នឹងបញ្ហាប្រឈមនានា ក៏ដូចរួម ចំណែកកាន់តែសំខាន់ក្នុងបុព្វហេតុការពារសន្តិភាពក្នុងតំបន់។
សូមជម្រាបថា នៅ២០២៤នេះ គឺជាឆ្នាំនៃការធ្វើសមយុទ្ធនាគមាស លើកទី៦ រួមគ្នា រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ជាង២ពាន់នាក់ អមដោយនាវាចម្បាំងចំនួន១៤គ្រឿង និងសម្ភារៈយោធាជាច្រើនទៀត បានចូលរួមធ្វើសមយុទ្ធ «នាគមាស» ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារមនុស្សធម៌»។ សមយុទ្ធនាគមាស លើកទី៦ ប្រព្រឹត្តឡើងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។
សម្រាប់ការធ្វើលំហាត់សមយុទ្ធនាគមាស លើកទី៦ រវាងកងទ័ពទាំងពីរនេះ គឺមានទំហំជាងលើកមុនៗ ដោយសារតែមានចំនួនកងទ័ពចូលរួមច្រើន រួមទាំងពង្រីកកម្រិតធ្វើសមយុទ្ធលើផ្ទៃទឹកបន្ថែមទៀត ក្នុងនោះភាគីទាំងពីរបានប្រើប្រាស់នាវាចម្បាំងរហូត១៤គ្រឿងជាដើម។
ខ្លឹមសារនៃការធ្វើសមយុទ្ធនេះ គឺផ្ដោតសំខាន់ទៅលើការងារប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌ ក្រៅពីនោះគឺផ្ដោតសំខាន់ទៅលើយុទ្ធវិធី ការទប់ទល់ដោយដ្រូន (Drone) ផងដែរ។ សមយុទ្ធនេះក៏មានការអញ្ជើញចូលរួមពីបណ្ដាប្រទេសនៅក្នុងសមាគមអាស៊ាន ដើម្បីសង្កេតមើលពីលក្ខណៈនៃការធ្វើសមយុទ្ធរវាងកងទ័ពប្រទេសទាំងពីរផងដែរ។
ការធ្វើសមយុទ្ធនាគមាស លើកទី៦ ឆ្នាំ២០២៤នេះ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នៅលើទឹកដីកម្ពុជា មិនមានបំណងគំរាមកំហែង ឬធ្វើឱ្យប៉ះពាល់ដល់ប្រទេសណាមួយឡើយ។ កម្ពុជា ស្វាគមន៍ជានិច្ចចំពោះប្រទេសជាមិត្តដែលមានបំណងធ្វើលំហាត់សមយុទ្ធ ប៉ុន្តែ ត្រូវគោរពសិទ្ធិរបស់កម្ពុជា៕
ដោយ៖ តារា