ព័ត៌មានទាន់ហេតុការណ៍៖

តើបងប្អូនធ្លាប់បានទៅកម្សាន្ត រមណីយដ្ឋាន”ទំនប់ម្លេច” ហើយ ឬនៅ ?

ចែករំលែក៖

ខេត្តកំពត ៖ ទំនប់ម្លេច ជារមណីយដ្ឋានធម្មជាតិមួយកន្លែង ដែលមានទីតាំងស្ថិតនៅព្រំប្រទល់រវាងខេត្តកំពត និងខេត្តតាកែវ ក្នុងឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត មានចម្ងាយប្រមាណ៩០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ 

ដើម្បីទៅដល់រមណីយដ្ឋាននេះ បើលោកអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៣ ពីរាជធានីភ្នំពេញទៅដល់ព្រំប្រទល់រវាងខេត្តតាកែវ និងខេត្តកំពត នៅដើមផ្លូវខាងស្តាំដៃ មានស្លាកអតីតសាកលវិទ្យាល័យ”ភូមិន្ទតាកែវ-កំពត” ដែលសាកលវិទ្យាល័យនេះ នៅសល់តែស្លាកឈ្មោះតែប៉ុណ្ណោះ រួចបត់ស្តាំចូលតាមផ្លូវដីប្រមាណ៦គីឡូម៉ែត្រ នឹងទៅដល់រមណីយដ្ឋានធម្មជាតិទំបន់ម្លេច ដែលស្ថិតនៅក្បែរភ្នំនារាយណ៍ និងភ្នំមេអំបៅ។ 

ទីតាំងរមណីយដ្ឋាន”ទំនប់ម្លេច” ប្រកបដោយសម្រស់ធម្មជាតិបៃតងស្រស់ ធ្វើឲ្យលោកអ្នករំសាយអស់ក្តីកង្វល់ និងភាពនឿយហត់ទាំងឡាយជាមួយជួរភ្នំប្រជុំដោយទេសភាពបៃតងខៀវស្រងាត់ និងទឹកថ្លាឈ្វេងគួរឱ្យចង់ចុះងូតហែលលេង ខណៈខ្យល់ជំនោរបក់ត្រសៀកៗ ត្រជាក់អង្គប្រាណ។ 

ភ្ញៀវទេសចរទាំងឡាយអាចជួលតូបតូចៗ សង់ពីឈើប្រក់ស្បូវសម្រាប់សម្រាកលម្ហែ ដែលត្រូវបានសង់ជាជួរហូរហែច្រើនតូបនៅជាប់មាត់ទឹក និងអាចកុម្ម៉ង់ម្ហូបអាហារមកពិសាជុំក្រុមគ្រួសារដោយសប្បាយរីករាយផងដែរ។ 

និយាយរួម ទំនប់ម្លេច ជាអតីតតំបន់សមរភូមិដ៏ក្ដៅមួយរវាងកងទ័ពរដ្ឋាភិបាល និងកងទ័ពខ្មែរក្រហម ប៉ុន្តែបច្ចុប្បន្នទីដ៏មានសក្ដានុពលនេះបានប្រែក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ពោលគឺជាប៉ូលទេសចរណ៍សំខាន់ទី៣នៃខេត្តកំពត។

ទំនប់ម្លេចនេះជាទំនប់ស្ទាក់ទឹកទុកបានយ៉ាងច្រើនបង្កើតបានជាបឹងដ៏ធំមួយ អមដោយជួរភ្នំព័ទ្ធជុំវិញប្រកបដោយសោភ័ណភាពស្រស់ត្រកាល ប្រសិនបើរដូវរាំងភ្លៀងវិញគឺទឹកបឹងថ្លាខ្យង ហើយគង់នៅខួបប្រាំងខួបវស្សា។ លម្ហរមណីដ្ឋានដ៏ធំធេងនេះរំលេចបាននូវទស្សនីយភាពយ៉ាងច្រើនអនេកតាមរដូវកាល ដែលភ្ញៀវទេសចរតែងតែទៅដកយកបទពិសោធន៍នៅទីនោះដោយមិនចេះជិនណាយ។

មុនពេលទំបន់ម្លេចក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញនេះ មន្ទីរទេសចរណ៍ខេត្តកំពតបានសហការជាមួយមន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុក ឃុំ ផ្នែកឯកជន រួមគ្នារៀបចំឱ្យមានប្លង់អភិវឌ្ឍន៍រួម ហេដ្ឋារចនាសម្ពន្ធ ពិសេសគឺការវិនិយោគបង្កើតសេវាកម្មទេសចរណ៍យ៉ាងច្រើននៅតំបន់នេះ ដើម្បីទាក់ទាញការទស្សនារបស់ភ្ញៀវទេសចរ។ លោកថា មន្ទីរទេសចរណ៍ខេត្តក៏បានផ្ដល់ការបណ្ដុះបណ្ដាលផ្នែកបដិសណ្ឋារកិច្ច សុវត្ថិភាពភ្ញៀវទេសចរ គុណភាពចំណីអាហារ ការគ្រប់គ្រងអនាម័យ បរិស្ថាន និងសំរាម ព្រមទាំងមានការប្រជុំត្រួតពិនិត្យលើកិច្ចការបម្រើសេវាកម្មទេសចរណ៍នេះយ៉ាងទៀងទាត់ ៕

ដោយ ៖ សិលា


ចែករំលែក៖