ព័ត៌មានទាន់ហេតុការណ៍៖

តុលាការចេញដីកាឃុំខ្លួនក្មេងទំនើង៣នាក់ ដាក់ពន្ធនាគារ ករណី ក្រោយដេញវាយគ្នាយ៉ាងអនាធិបតេយ្យនៅតំបន់បឹងកក់ ខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនជ្រាបថា នៅ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នេះ សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៣២៨៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ទាក់ទិននឹងករណីហិង្សាបង្កឡើងដោយក្មេងទំនើង ០២ ក្រុម ក្នុងនោះ មានជនត្រូវចោទមានខ្លួនចំនួន ០៣ នាក់ គឺ ១.ឈ្មោះ ចុង ដេវីត ភេទប្រុស ២.ឈ្មោះ ប៊ុន ចិត្រា ភេទប្រុស និង៣.ឈ្មោះ ញ៉ុល សុវិស័ក្ត ភេទប្រុស និងជនត្រូវចោទចំនួន ០៣ នាក់ ទៀត រួមជាមួយបក្សពួក កំពុងគេចខ្លួន ត្រូវបានចោទប្រកាន់ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (វាយគ្នាទៅវិញទៅមក) ប្រព្រឹត្តនៅ ចំណុចផ្លូវមុន្នីវង្ស ភូមិ០៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ២១៨ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ថា ចំពោះករណីហិង្សានេះ បង្កឡើងដោយ ក្មេងទំនើងចំនួន ០២ ក្រុម ដោយក្រុមទី១ មានគ្នា ១០នាក់ និងក្រុមទី២ មានគ្នា ០៥នាក់ បានជិះម៉ូតូឆាបគ្នា និង ស្រែកឌឺដងដាក់គ្នាទៅវិញទៅមក បង្កជាជម្លោះជិះម៉ូតូដេញធាក់គ្នា គប់ដុំថ្មដាក់គ្នាទៅវិញទៅមក និងដេញតាម រហូតដល់ដួលម៉ូតូ ទើបបង្កឱ្យមានការប្រតាយប្រតប់វាយគ្នាទៅវិញទៅមក។

បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទទាំង ០៣ នាក់ ដូចបានបញ្ជាក់ខាងលើ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។

ចំពោះសកម្មភាពរបស់ក្មេងទំនើង ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខសាន្ត របស់ប្រជាពលរដ្ឋ តុលាការបាន និងកំពុងបន្តអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងតឹងរឹង។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ៕ 

ដោយ ៖ សិលា


ចែករំលែក៖