ព័ត៌មានទាន់ហេតុការណ៍៖

ទីក្រុងព្យុងយ៉ាង៖ អាមេរិកនិងកូរ៉េខាងត្បូងកំពុងបង្កើនសកម្មភាពស៊ើបការណ៍លើឧបទ្វីបកូរ៉េ

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា ក្រសួងការពារជាតិកូរ៉េខាងជើង នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភានេះបានចោទប្រកាន់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងថា បាននិងកំពុងបង្កើនការធ្វើសកម្មភាពស៊ើបការណ៍ នៅជុំវិញតំបន់ព្រំដែនអន្តរកូរ៉េ ភ្ជាប់ជាមួយការព្រមានថានឹងធ្វើសកម្មភាពតបត ប្រសិនបើអធិបតេយ្យនិងសន្តិសុខជាតិត្រូវបានរំលោភបំពាន។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA តាមរយៈការស្រង់សម្ដីពីអនុរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើង លោក Kim Gang Il បានឱ្យដឹងទៀតថា សហរដ្ឋអាមេរិកបានបញ្ជូនយន្ដហោះស៊ើបការណ៍យុទ្ធសាស្ត្រ RC-135និងU-2Sយ៉ាងហោចណាស់១៦គ្រឿង រួមទាំងដ្រូន RQ-4B ផងដែរ ដើម្បីស៊ើបការណ៍លើតំបន់ឧបទ្វីបកូរ៉េ ចន្លោះពីថ្ងៃទី១៣ ដល់ថ្ងៃទី២៤ ខែឧសភា។

លោក Kim Gang Il ក៏បានចោទប្រកាន់ផងដែរថាកងទ័ពជើងទឹកនិងឆ្មាំសមុទ្រកូរ៉េខាងត្បូងកំពុងបង្កើនភាពតានតឹងយោធាតាមរយៈការបង្កើនសកម្មភាពល្បាត និងបំពានលើព្រំដែនសមុទ្រ។ បន្ថែមពីលើនេះ លោកបានរិះគន់ទៀតផងដែរចំពោះខិត្តប័ណ្ណដែលត្រូវបានបញ្ជូនតាមបាឡុងចូលក្នុងទឹកដីកូរ៉េខាងជើង ពីសំណាក់ក្រុមសកម្មជននៅកូរ៉េខាងត្បូង ដោយចាត់ទុកថានេះជាទង្វើបង្ករឿងប្រកបដោយគ្រោះថ្នាក់៕ ដោយ៖ ធីរីណា

រូប​ថត​៖ KCNA


ចែករំលែក៖