ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ម្សិលមុិញ លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពា្យអាកាសចរស៉ីវិល បានចេញមកច្រានចោលការចុះផ្សាយរបស់សារព័ត៌មានមួយរបស់អង់គ្លេសឈ្មោះ The Mirror ដែលបានផ្សាយថា «អាថ៌កំបាំង MH370 ត្រូវបានលាតត្រដាងដោយ Google Maps ខណៈដែលបំណែកយន្តហោះ ត្រូវបានរកឃើញនៅក្នុងព្រៃដ៏ជ្រៅបំផុត នៅប្រទេសកម្ពុជា»។ អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ការចុះផ្សាយរបស់ព័ត៌មាន The Mirror អំពីយន្តហោះ MH370 នៅកម្ពុជា គឺជាព័ត៌មានក្លែងក្លាយ។
លោក សិរីវុត្ថា បានបញ្ជាក់ថា ៖ ទាំងខ្លឹមសារព័ត៌មាន និងរូបភាពដែលចុះផ្សាយនេះ ធ្លាប់បានចុះផ្សាយម្តងរួចមកហើយ កាលពីប្រមាណ៨ឆ្នាំមុន ហើយទើបត្រូវបានយកមកកែថ្ងៃខែឆ្នាំ ផ្សព្វផ្សាយជាថ្មីម្តងទៀតនៅពេលថ្មីៗនេះ ដែលបង្កើតឱ្យមានការភាន់ច្រឡំ។ តែយ៉ាងណា កម្ពុជាត្រៀមខ្លួនសហការជាមួយអាជ្ញាធរម៉ាឡេស៊ី ប្រសិនបើមានសំណើសុំបើកការស៊ើបអង្កេតករណីនេះ។
គួរបញ្ជាក់ថា ៖ យន្តហោះ Boeing 777 នៃជើងហោះហើរ MH370 មានអ្នកដំណើរចំនួន ២២៧នាក់ និងពីឡុត ១២នាក់នៅលើនោះ ហើយបានបាត់ខ្លួនក្នុងពេលធ្វើដំណើរចេញពីទីក្រុងគូឡាឡាំពួរ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំងកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤។ ចាប់តាំងពីយន្តហោះនោះបាត់ខ្លួនក្នុងដែនអាកាសមក ដំណើរការស្វែងរក ២លើកបានបរាជ័យ។ ម៉ាឡេស៊ី ចិន និងអូស្ត្រាលី បានបញ្ចប់ការរុករកក្រោមបាត់សមុទ្រ ដែលចំណាយថវិកាអស់ជាង ១៣០លានដុល្លារ នៅក្នុងខែមករា ឆ្នាំ២០១៧ ដោយមិនទទួលបានផ្លែផ្កា។
ក្រោយមកនៅឆ្នាំ២០១៨ ម៉ាឡេស៉ី បានសហការជាមួយក្រុមហ៊ុន Ocean Infinity ដើម្បីស្វែងរកមហាសមុទ្រឥណ្ឌាភាគខាងត្បូង ហើយប្រកាសផ្តល់ថវិកា ៧០លានដុល្លារ ប្រសិនបើរកឃើញយន្តហោះនោះ។ នេះបើយោងតាមប្រភព«កូនខ្មែរ» ៕
ដោយ ៖ សិលា