ព័ត៌មានទាន់ហេតុការណ៍៖

ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ ឆ្នាំ២០២៤ បានប្រព្រឹត្តទៅស្របតាមរដ្ឋធម្មនុញ្ញ និងប្រកបដោយលក្ខណៈសេរីត្រឹមត្រូវ និងយុត្តិធម៌

ចែករំលែក៖

ភ្នំពេញ ៖ បណ្តុំអង្គការសមាគមសង្គមស៊ីវិល បានមើលឃើញថា ដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ កាលពី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ បានប្រព្រឹត្តទៅស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃ ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយលក្ខណៈសេរីត្រឹមត្រូវ និងយុត្តិធម៌ ក្នុងបរិយាកាសអព្យាក្រឹត សន្តិសុខ របៀបរៀបរយ គ្មានអំពើហិង្សា និងការគំរាមកំហែង។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍រួមរបស់ បណ្តុំអង្គការសមាគមសង្គមស៊ីវិល នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ។

តាមរយៈសេចក្ដីថ្លែងការណ៍រួមនេះ បណ្តុំអង្គការសមាគមសង្គមស៊ីវិល បានឱ្យដឹងថា ចាប់តាំងពីការរៀបចំឃោសនាបោះឆ្នោត រយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ គឺគណបក្ស នយោបាយ បេក្ខជន សមាជិក និងអ្នកគាំទ្រគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតទាំងអស់បានគោរពយ៉ាងល្អ តាមវិធាន បទប្បញ្ញត្តិ និង គោលការណ៍ដែលមានចែង ក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ, ក្រមសីលធម៌ និងគោលការណ៍នានាដែលបានកំណត់ដោយ គណៈកម្មាធិ- ការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងរដ្ឋធម្មនុញ្ញ បានប្រព្រឹត្តទៅដោយសន្តិវិធី អហិង្សា មានសន្តិសុខ និងសុវត្ថិភាព។

តាមតួលេខបណ្តោះអាសន្ននៃអ្នកបោះឆ្នោត (គ.ជ.ប) បង្ហាញថា អ្នកបានទៅបោះឆ្នោតសរុបមានចំនួន ១១.៥៩៨ នាក់ ស្មើនឹង ៩៩,៧៩% (ភាគរយ) នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួនសរុប ១១.៦២២ នាក់។ តាមលទ្ធផលនេះ (គ.ជ.ប) ក៏បានវាយតម្លៃជារួមថា បរិយាកាសទូទៅជុំវិញការបោះឆ្នោតមានសភាពល្អប្រសើរ ដែលបង្កលក្ខណៈដល់ការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា គ្មានការ គំរាមកំហែង និងពុំមានសកម្មភាពធ្វើឱ្យរាំងស្ទះដល់ដំណើរការបោះឆ្នោតឡើយ ដែលអាចចាត់ទុកថាការបោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយ សេរី ត្រឹមត្រូវ យុត្តិធម៌ និងទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈ។

បណ្តុំអង្គការសមាគមសង្គមស៊ីវិល យល់ឃើញថា តាមរយៈការចូលរួមការបោះឆ្នោតនេះ បានឆ្លុះបញ្ចាំងទាំងស្រុងនូវឆន្ទៈដ៏ថ្លៃថ្លារបស់ក្រុមប្រឹក្សាដែលជាតំណាងប្រជាពលរដ្ឋ នៅទូទាំងប្រទេសក្នុងការថែរក្សាសន្តិភាព លទ្ធិប្រជាធិបតេយ្យ និងបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដើម្បីលើកស្ទួយជីវភាពរបស់ខ្លួន។

ស្របជាមួយគ្នានោះ បណ្តុំអង្គការសមាគមសង្គមស៊ីវិល ក៏បានសម្តែងនូវការគោរព និងវាយតម្លៃខ្ពស់ចំពោះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ដែលបានខិតខំធ្វើឱ្យដំណើរការនៃការបោះឆ្នោតនេះប្រព្រឹត្តទៅដោយរលូន និងមានសុខសុវត្ថិភាពល្អ នៅទូទាំងប្រទេស។ បណ្តុំអង្គការសមាគមសង្គមស៊ីវិលក៏បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ចំពោះសមាជិក សមាជិកានៃក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែងនៅទូទាំង ប្រទេស ដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្ត និងកម្លាំងប្រាជ្ញា ក្នុងការបំពេញភារកិច្ចបម្រើប្រជាជន។

អង្គការសមាគមនៃបណ្ដុំអង្គការសង្គមស៊ីវិល ក៏បានប្រកាសគាំទ្រទាំងស្រុងនូវលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ គឺពិតជាបានឆ្លុះបញ្ចាំងនូវឆន្ទៈដ៏ថ្លៃថ្លា និងមោះមុតរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស ដើម្បីពង្រឹងសាមគ្គីភាព ឯកភាពជាតិ ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការពារឯករាជ្យ អធិបតេយ្យភាព និងបូរណៈភាពទឹកដី រក្សាឱ្យបាននូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ លើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ពិសេសបន្តជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន ប្រជាជនមានជីវភាពធូរធា រស់នៅយ៉ាងសម្បូរសប្បាយ និងសេចក្តីសុខដុមរមនាតទៅមុខទៀត៕

ដោយ ៖ សិលា


ចែករំលែក៖