ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ៖ រាជរដ្ឋាភិបាលសូមធ្វើការណែនាំចំនួន ៦ចំណុច អបអរសាទរខួបលើកទី៧៥ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៣ទិវាពិភពលោកប្រឆាំង ពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា ៖ ដើម្បីអបអរសាទរខួបលើកទី៧៥ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៣ទិវាពិភពលោកប្រឆាំង ពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលសូមធ្វើការណែនាំដូចខាងក្រោម៖

១- ខួបលើកទី៧៥ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៣ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤ ត្រូវប្រារព្ធក្រោមប្រធានបទ “ការវិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្សក្នុងយុគសម័យបរិវត្តកម្មឌីជីថល និង “រួមគ្នាអនុវត្តការប្តេជ្ញាចិត្តដើម្បី បញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ»។

២- ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការរៀបចំបុណ្យជាតិ អន្តរជាតិ រដ្ឋបាលរាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធត្រូវសហការរៀបចំពិធីជួបជុំថ្នាក់ជាតិនិងរៀបចំកម្មវិធី កម្សាន្តផ្សេងៗ សម្រាប់កុមារនៅរាជធានីភ្នំពេញ។

៣- ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារថ្នាក់រាជធានី ខេត្ត ត្រូវសហការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ និង ដៃគូអភិវឌ្ឍ រៀបចំពិធីអបអរខួបលើកទី៧៥ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៣ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤ នៅតាមមូលដ្ឋានរបស់ខ្លួនឱ្យបាន ផុលផុស។

៤- ក្រសួងព័ត៌មានត្រូវសហការជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ណែនាំប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ឯកជន និងបណ្តាញសារព័ត៌មានសង្គមនានា ឱ្យធ្វើការផ្សព្វផ្សាយដល់សង្គមជាតិទាំងមូលឱ្យជ្រួតជ្រាប ពីប្រវត្តិនិងគោលបំណងនៃទិវាកុមារអន្តរជាតិ១មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២ មិថុនា និងទិវាកុមារកម្ពុជា។

៥- គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំពិធីជួបជុំ ពិធីជួបសំណេះសំណាលជាមួយ កុមារ កម្មវិធីកម្សាន្តសប្បាយរបស់កុមារ នៅតាមក្រសួង ស្ថាប័ន រាជធានី ខេត្ត និងគ្រឹះស្ថានសិក្សារដ្ឋ អង្គការមិនមែនរដ្ឋាភិបាល និងគ្រប់មណ្ឌលកុមារកំព្រានៅក្នុងមូលដ្ឋានរៀងៗខ្លួន។

៦- គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈ ត្រូវជ្រើសរើសទីតាំងសមស្រប និងតាមដងវិថីសំខាន់ៗ ដើម្បីចងបដាពាក្យស្លោកអបអរខួបលើកទី៧៥ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៣ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤នេះ តាមខ្លឹមសារដូចខាងក្រោម៖

– ជយោ! ព្រះរាជាណាចក្រកម្ពុជា

– អបអរសាទរខួបលើកទី៧៥ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៣ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤

– មានសន្តិភាព មានការគាំពារ និងការអភិវឌ្ឍដល់កុមារ

– ពួតដៃគ្នានៃកម្លាំងសេវាសង្គមក្នុងវិស័យកិច្ចការពារកុមារ គឺជាការលើកកម្ពស់សិទ្ធិ និងឧត្តមប្រយោជន៍កុមារ

– សន្តិភាពបាននាំឱ្យមានការអភិវឌ្ឍធនធានមនុស្សក្នុងយុគសម័យឌីជីថល

– សន្តិភាពបានផ្តល់ស្នាមញញឹមដល់កុមារដែលជាអ្នកបន្តវេនក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិ

– យុត្តិធម៌សង្គមសម្រាប់គ្រប់គ្នាដើម្បីបញ្ចប់ពលកម្មកុមារក្រោមម្លប់សន្តិភាព

– កុមារគ្រប់រូបត្រូវទទួលបានយុត្តិធម៌សង្គមដូចគ្នា

– កិច្ចគាំពារសង្គមសម្រាប់កុមារគ្រប់រូបដើម្បីលុបបំបាត់ពលកម្មកុមារ

– រួមគ្នាការពារកុមារមិនឱ្យធ្លាក់ចូលទៅក្នុងការកេងប្រវញ្ចនិងការរំលោភបំពានគ្រប់ទម្រង់ ជាពិសេស តាមប្រព័ន្ធអនឡាញ

– បង្កើនការវិនិយោគលើកុមារថ្ងៃនេះគឺជាធនធានដ៏មានសក្តានុពលនាពេលអនាគត

– ចូលរួមលើកកម្ពស់សុវត្ថិភាពអ៊ីនធឺណិតគឺជាការលើកកម្ពស់កិច្ចការពារកុមារ

– រួមគ្នាការពារកុមារដើម្បីអភិវឌ្ឍគ្រួសារនិងសង្គមជាតិ

– រួមគ្នាលុបបំបាត់អំពើហិង្សាលើកុមារ

– កុមារជាទំពាំងស្នងឫស្សី ជាអនាគតរបស់ប្រទេសជាតិ

– កុមារបីល្អ កូនល្អ សិស្សល្អ មិត្តល្អ ជាអនាគតពលរដ្ឋល្អ

– រួមគ្នាលើកកម្ពស់ការងារសមរម្យសម្រាប់កម្មករនិយោជិតវ័យក្មេង ក្នុងយុគសម័យសេដ្ឋកិច្ច និង សង្គមឌីជីថល

– គ្មានការប្រើប្រាស់ពលកម្មកុមារដើម្បីជំរុញយុទ្ធនាការ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ – អបអរសាទរខួបលើកទី២៥នៃការអនុម័តអនុសញ្ញាអង្គការអន្តរជាតិខាងការងារលេខ១៨២ ស្តីពី ការហាមប្រាមនិងសកម្មភាពបន្ទាន់ក្នុងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ

– ប្តេជ្ញារួមគ្នាលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ៕

ដោយ ៖ សិលា


ចែករំលែក៖