ខេត្តកំពង់ឆ្នាំង៖ រថយន្ដដឹកកម្មករមួយគ្រឿងជួបគ្រោះថ្នាក់ចរាចរណ៍បុកជាមួយរថយន្ដដែលបើកបញ្ច្រាសទិសគ្នា បណ្ដាលឱ្យមនុស្ស៦៦នាក់រងរបួសធ្ងន់ និងស្រាល។
សមត្ថកិច្ចបានឱ្យដឹងថា ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
តាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា ៖ ហេតុការណ៍នេះបង្កឡើងដោយរថយន្ដដឹកកម្មករបើកវ៉ាជែងស្របទិសគ្នា ហើយជ្រុលទៅបុករថយន្ដមួយគ្រឿងទៀតយ៉ាងពេញទំហឹងតែម្តង។ ក្រោយកើតហេតុជនរងគ្រោះត្រូវបានគេដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។
ក្រោយពេលកើតហេតុ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង, លោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង, លោកស្រី ប៊ន សុភី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងក្រុមការងារ ព្រមទាំងអនុសាខាកាកបាទក្រហមស្រុក អាជ្ញាធរមូលដ្ឋាន និងមន្ទីរអង្គភាពពាក់ព័ន្ធបានចុះសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភជូនបងប្អូនកម្មករ កម្មការិនីចំនួន៦៦នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកកំពង់ត្រឡាចផងដែរ។
សូមបើកបរដោយការប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ ដើម្បីជីវិតខ្លួនឯង និងអ្នកដទៃ ថ្ងៃនេះ ! ថ្ងៃស្អែក ! គ្មានករណីគ្រោះថ្នាក់ចរាចរណ៍ ៕
ដោយ ៖ សិលា