ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ បណ្តាញសង្គម បានធ្វើឱ្យប្រជាជនកម្ពុជា និងពិភពលោកស្គាល់កាន់តែច្បាស់ពីប្រទេសកម្ពុជាក្រោមម្លប់សន្តិភាព

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ជ័យលាភីការប្រកួតថតរូបដោយស្មាតហ្វូន “SEE CAMBODIA 2024” រៀបចំឡើងដោយក្រសួងព័ត៌មាន សហការដោយក្រុមហ៊ុន OPPO នៅល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នាសណ្ឋាគារហៃយ៉ាត់រីជិនស៊ីភ្នំពេញ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា ក្នុងសម័យសន្តិភាពប្រជាជនបានស្គាល់ប្រទេសរបស់ខ្លួនតាមរយៈកញ្ចក់ Camera អ្នកថត និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម បានធ្វើឱ្យប្រជាជនកម្ពុជា និងពិភពលោកស្គាល់កាន់តែច្បាស់ពីសក្តានុពលដែលប្រទេសកម្ពុជាមាន។

ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ៖ ជាមួយនឹងការថតរូបនេះ ធ្វើឱ្យគេស្គាល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្គាល់ពីប្រពៃណីទំនៀមទម្លាប់នៅតាមមូលដ្ឋាន ហើយក៏បានចូលរួមក្នុងការអភិរក្សប្រពៃណី និងទំនៀមទម្លាប់ ព្រមទាំងបានដឹងឃើញពីទំនៀមទម្លាប់ផ្សេងទៀតផងដែរ។  

ទន្ទឹមនេះដែរ លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានមានប្រសាសន៍លើកឡើងថា ៖ ការប្រកួតប្រជែងថតរូបនេះ មិនមែនផ្តោតត្រឹមតែជាស្នាដៃនៃការថតរូបស្អាតនោះទេ ប៉ុន្តែជាការផ្សារភ្ជាប់ជាមួយប្រពៃណី ទំនៀមទម្លាប់ សាសនា សិល្បៈ ជីវិតរស់នៅដែលធ្វើឱ្យប្រជាជនដទៃទៀត បានឃើញរូបភាពទាំងនេះ បានសិក្សាពីអ្វីដែលបានកើតឡើងនៅតំបន់នីមួយៗ៕

ដោយ ៖ សិលា


ចែករំលែក៖