ខេត្តស្វាយរៀង៖ តំណាងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានសម្រេចចោទប្រកាន់ជនសង្ស័យ ចំនួន០៩នាក់រួមមាន៖ ឈ្មោះ យ៉ន រិទ្ធី ហៅ ដែត ,ឈ្មោះ អឿន វិបុល ,ឈ្មោះ គ្រូច ពៅ ,ឈ្មោះ វន់ ចាន់វីត ,ឈ្មោះ សេង ចាន់រ៉ា ,ឈ្មោះ សឿង វី ហៅ ចាវ ,ឈ្មោះ ស៊ឹម ពលៈ ,ឈ្មោះ ចិន សុខសុវណ្ណាក់ និងឈ្មោះ ជុំ ភូ ពីបទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា ២១៨ និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ។
ជាក់ស្ដែងយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តស្វាយរៀង ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានទទួលចាត់ការលើ សំណុំរឿងព្រហ្មទណ្ឌទាក់ទិននឹងករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មាន ការអនុញ្ញាត ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ២៧៩ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ដែលមានក្រុមក្មេងទំនើង ពីរក្រុមមានគ្នាប្រហែល១៧នាក់ សមត្ថកិច្ចឃាត់ខ្លួនបានចំនួន០៩នាក់ មាន១.ឈ្មោះ យ៉ន រិទ្ធី ហៅ ដែត ភេទប្រុស អាយុ១៧ឆ្នាំ ២.ឈ្មោះ អឿន វិបុល ភេទប្រុស អាយុ១៥ឆ្នាំ ៣.ឈ្មោះ គ្រួច ពៅ ភេទប្រុស អាយុ១៦ឆ្នាំ ៤. ឈ្មោះ វន់ ចាន់វីត ភេទប្រុស អាយុ១៥ឆ្នាំ ៥.ឈ្មោះ សេង ចាន់រ៉ា ភេទប្រុស អាយុ២០ឆ្នាំ ៦.ឈ្មោះ សឿង វី ហៅ ចាវ ភេទប្រុស អាយុ១៥ឆ្នាំ ៧.ឈ្មោះ ស៊ឹម ពលៈ ភេទប្រុស អាយុ១៧ឆ្នាំ ៨.ឈ្មោះ ចិន សុខសុវណ្ណាក់ ភេទប្រុស អាយុ១៥ឆ្នាំ និង៩.ឈ្មោះ ជុំ ភូ ភេទប្រុស អាយុ១៤ឆ្នាំ ក្រុមជនសង្ស័យបានធ្វើសកម្មភាពជិះម៉ូតូដេញ វាយគ្នា និងគប់ដុំថ្មដាក់គ្នាទៅវិញទៅមក នៅភូមិស្វាយផ្អែម ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាល ពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២១ និង៤០នាទី ។
ក្រោយពីតំណាងអយ្យការបានធ្វើការស៊ើបអង្កេតល្អិតល្អន់ ផ្ទៀងផ្ទាត់ និងពិនិត្យភស្តុតាង ព្រមទាំងបាន ស្តាប់ចម្លើយជនសង្ស័យឃាត់បានទាំងអស់ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យចំនួន ០៩ នាក់ និងបក្ខពួក តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ២៣៩ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅភូមិស្វាយផ្អែម ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ២១៨ និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនជ្រាបជាព័ត៌មាន៕
ដោយ៖តារា