ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាល Verify.gov.kh របស់កម្ពុជា ទទួលបានពិន្ទុលំដាប់ទី២ក្នុងការប្រកួតកម្រិតពិភពលោក

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានគូសបញ្ជាក់ថា «ថ្នាលផ្ទៀងផ្ទាត់ឯកសារផ្លូវការរបស់រាជរដ្ឋាភិបាល verify.gov.kh» ត្រូវបានដាក់ឱ្យចូលរួមប្រកួតប្រជែងក្នុង «កម្មវិធីពានរង្វាន់ការរៀបចំសេវាឌីជីថល WSIS Digital Service Design 2024» កម្រិតពិភពលោក ដែលរៀបចំនៅក្នុង វេទិកា World Summit on the Information Society (WSIS)+20 Forum High-Level Event 2024 នៅក្រុងហ្សឺណែវ សហព័ន្ធស្វ៊ីស ហើយមានប្រព័ន្ធឌីជីថលពីបណ្តាប្រទេសជុំវិញពិភពលោកចូលរួមប្រកួត សរុបចំនួន ៥០។

ជាលទ្ធផល ថ្នាល verify.gov.kh ត្រូវបានជ្រើសរើសចូលទៅប្រកួតប្រជែងនៅវគ្គផ្តាច់ព្រ័ត្រជាមួយប្រព័ន្ធឌីជីថលចំនួន៨ទៀត ហើយទទួលបានពិន្ទុនៅលំដាប់ទី២ បន្ទាប់ពី ថ្នាល UgPass របស់ប្រទេសអ៊ូហ្កង់ដា ដែលជាថ្នាលអត្តសញ្ញាណឌីជីថលនិងហត្ថលេខាអេឡិចត្រូនិក។ ថ្នាលនេះ បានឈ្នះ មេដាយមាស សម្រាប់សេវាសាធារណៈ ក្នុងពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ ដែលល្អជាងគេក្នុងតំបន់។

តាមក្រសួងប្រៃសណីយ៍ បានបញ្ជាក់ថា វេទិកា WSIS+20 នេះ ត្រូវបានរៀបចំរួមគ្នាដោយស្ថាប័នជំនាញ ៤ របស់អង្គការសហប្រជាជាតិ គឺ សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) អង្គការយូណេស្កូ (UNESCO) កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងសន្និសីទអង្គការសហប្រជាជាតិស្ដីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ (UNCTAD) ដើម្បីពិនិត្យលើវឌ្ឍនភាពនៃកិច្ចសហការឌីជីថលរបស់សកលលោក ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយ។ វេទិកានេះ មានការចូលរួមពីប្រតិភូជាន់ខ្ពស់ប្រមាណ ៥០០ រូប មកពីអង្គការជាដៃគូរបស់អង្គការសហប្រជាជាតិប្រមាណ ៤០ និងប្រទេសប្រមាណ ១៦០ ប្រទេស ក្នុងនោះ មានអ្នកចូលរួមប្រមាណ ៨០ រូប ជារដ្ឋមន្ត្រី និងជាប្រធាននិយ័តករនៃវិស័យឌីជីថល។

សូមបញ្ជាក់ជូនថា ៖ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពសម្រាប់ផ្ទៀតផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ។ ឯកសារមានជាអាទិ៍ អាជ្ញាបណ្ណ វិញ្ញាបនបត្រ លិខិតអនុញ្ញាត សញ្ញាបត្រ បណ្ណសម្គាល់ខ្លួន និងឯកសារផ្សេងៗទៀត ដែលមានដាក់បញ្ចូលឃ្យូ.អ.កូដ ស្តង់ដា ដែលអាចផ្ទៀងផ្ទាត់បានតាមថ្នាល verify.gov.kh គឺអាចយកទៅប្រើប្រាស់បាន ដោយមិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។

ជាមួយគ្នានេះដែរ ការដាក់ឱ្យប្រើថ្នាល verify.gov.kh នេះ មានគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា កាត់បន្ថយចំណាយ និងជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា ស្របតាមការវិវត្តនៃបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើឱ្យការរស់នៅកាន់តែមានភាពងាយស្រួល៕

ដោយ ៖ សិលា


ចែករំលែក៖