ព័ត៌មានទាន់ហេតុការណ៍៖

បង្ហាញមុខនិងបញ្ជូនទៅកាន់តុលាការនូវក្រុមចោរប្លន់យ៉ាងសកម្មនៅរាជធានីភ្នំពេញចំនួន៩នាក់

ចែករំលែក៖

ភ្នំពេញ ៖ ដោយទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ នៅវេលាម៉ោង ០៣រសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើសន្និសីទបង្ហាញមុខជនសង្ស័យចំនួន០៩នាក់ ដែលបានប្រព្រឹត្តបទល្មើសចំនួន ០៣ករណីផ្សេងៗគ្នា ។ ក្នុងនោះរួមមាន ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ដែលសកម្មខាងឆក់ក្នុងរាជធានីភ្នំពេញ និងជនសង្ស័យ០២នាក់ទៀតពាក់ព័ន្ធករណីលួចនិងកាច់កម៉ូតូ ដោយរក្សាទុកនូវឧបករណ៍កាច់និងពូថៅតាមខ្លួនប៉ុនប៉ងលួច ។ ចំណែកឯជនសង្ស័យ០៥នាក់ ទៀតពាក់ព័ន្ធករណីធាក់ប្លន់និងឆក់ក្នុងភូមិសាស្រ្តខណ្ឌកំបូលនិងស្រុកអង្គស្នួល ខេត្តកណ្តាល ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ៖ ទន្ទឹមនឹងប្រតិបត្តិការដ៏ក្តៅរបស់សមត្ថកិច្ច លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានដាក់បញ្ជាដល់នគរបាលនៅតាមខណ្ឌទាំង១៤ ឱ្យស្រាវជ្រាវ បង្រ្កាបរាល់បទល្មើសដែលកើតមានឡើងក្នុងភូមិសាស្រ្តរាជធានីភ្នំពេញអោយខាងតែបាន ដើម្បីធានាបាន និងការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ក្រោយពេលកម្លាំងសមត្ថកិច្ចធ្វើការបង្ហាញមុខជនសង្ស័យទាំង០៩នាក់រួចហើយ បានធ្វើការបញ្ជូនជនសង្ស័យទៅកាន់តុលាការដើម្បីកសាងសំណុំរឿង តាមនីតិវិធីច្បាប់៕


ចែករំលែក៖