ខេត្តតាកែវ ៖ ក្មេងទំនេីងជាសិស្សវិទ្យាល័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកត្រាំកក់នៃស្នងការដ្ឋាននគរបាលខេត្តតាកែវធ្វេីការឃាត់ខ្លួន បន្ទាប់ពីនាំគ្នាជិះម៉ូតូដេញវាយគូជម្លោះក្នុងចំណោម០៧នាក់(២ក្រុម) ។ នេះបេីយោងតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលក្រុមការងារកាសែតនគរវត្តនិងនគរដ្រេហ្គនទទួលបាននាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ។
ក្នុងប្រតិបត្តិការនេះ ដោយមានការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការ សម្របសម្រួលពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃពុធ ៧ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៧ និង៣០នាទី លោក វរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដឹកនាំកម្លាំងជំនាញស្រាវជ្រាវកំណត់មុខសញ្ញារហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន០១នាក់ ក្នុងចំណោម០៧នាក់(២ក្រុម) ពាក់ព័ន្ធករណីក្មេងទំនើងជិះម៉ូតូដេញវាយគ្នាបង្កភាពអសន្តិសុខតាមផ្លូវសាធារណៈ នៅផ្លូវជាតិលេខ៣ម្តុំផ្សារអង្គតាសោម ស្រុកត្រាំកក់ កាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។
ជនសង្ស័យមានឈ្មោះ ជា ថាវិន ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងកប្បាស ឃុំតាភេម ស្រុកត្រាំកក់ ជាសិស្សរៀនថ្នាក់ទី 11Aនៃវិទ្យាល័យតេជោហ៊ុនសែនអង្គសោម។ ចំណែកបក្សពួកទាំងពីរក្រុមនេះ សមត្ថកិច្ចជំនាញបានក្តាប់មុខសញ្ញាអស់ហើយនិងកំពុងធ្វើសាវតារតាមឃាត់ខ្លួនដេីម្បីកសាងសំណុំរឿងតាមនីតិវិធី៕
ដោយ ៖ ភារ៉ា ដង្កោ