ព័ត៌មានទាន់ហេតុការណ៍៖

បាក់មែកដើមត្រសេកសង្កត់មនុស្សប្រុសស្រី២នាក់ដែលកំពុងជិះម៉ូតូ បណ្តាលឱ្យរងរបួស

ចែករំលែក៖

ភ្នំពេញ៖ មនុស្សប្រុសស្រី២នាក់បានរងរបួសខណៈកំពុងជិះម៉ូតូមួយគ្រឿងតាមបណ្ដោយមហាវិថីកម្ពុជាក្រោម ស្របពេលមេឃកំពុងតែភ្លៀងលាយឡំខ្យល់កន្ត្រាក់ ហើយត្រូវបានដើមឈើមួយដើមប្រភេទដើមត្រសេក បាក់មែកចម្ពាមសង្កត់ទាំងកំរោល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយមហាវិថីកម្ពុជាក្រោម កែងផ្លូវលេខ២៥៩ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ មេឃកំពុងធ្លាក់ភ្លៀងលាយឡំខ្យល់កន្ត្រាក់ពេលនោះមានមនុស្សប្រុសស្រី២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក់ ហុងដា ឃ្លីក ពាក់ស្លាកលេខភ្នំពេញ 1CA-9175 បានធ្វើដំណើរតាមបណ្តោយមហាវិថី កម្ពុជាក្រោមក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមែកដើមត្រសេកធំមួយបានបាក់សង្កត់ត្រូវមនុស្សប្រុសស្រីដែលជិះម៉ូតូនោះបណ្តាលឲ្យរងរបួសធ្ងន់និងស្រាលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូរងការខូចខាត។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានយកម៉ាសុីនអារឈើមកកាត់មែកឈើនោះចេញ ខណៈមែកឈើនេះបាក់សង្កត់ម៉ូតូ និងកាត់ទទឹងផ្លូវទាំងស្រុងតែម្តង។ ចំណែកម៉ូតូជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តី៍នគរបាលរដ្ឋបាលទឹកល្អក់១ ជាបណ្តោះអាសន្ន៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖