ព័ត៌មានទាន់ហេតុការណ៍៖

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីថ្លែងអំណរគុណជនរួមជាតិ ដែលបានបរិច្ចាគក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» និងអំពាវនាវការចូលរួមបន្ត

ចែករំលែក៖

ភ្នំពេញ÷លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ «ក្នុងនាមជាប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា នាងខ្ញុំសូមគោរពថ្លែងអំណរគុណដោយស្មោះអស់ពីដួងចិត្ត ចំពោះបងប្អូនជនរួមជាតិទាំងអស់ ដែលមានទឹកចិត្តសប្បុរសធម៌ដ៏ប្រពៃថ្លៃថ្លា ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ដោយបានគាំទ្រ និងចូលរួមបរិច្ចាគក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” យ៉ាងច្រើនលើសលប់គួរឱ្យកត់សម្គាល់ បន្ទាប់ពីយុទ្ធនាការនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃមិ្សលមិញនេះ។

នាងខ្ញុំសូមបញ្ជាក់ជូនបន្ថែមថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” មានរយៈពេល ១ ខែពេញ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ហើយគិតមកដល់ម៉ោង ១៧:០០នេះ ទោះបីជាយុទ្ធនាការមិនទាន់បានចាប់ផ្ដើមជាផ្លូវការនៅឡើយក៏ដោយ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគ ពីបងប្អូនប្រជាពលរដ្ឋចំនួន ៣៨.១៧០ នាក់ សរុបជាទឹកប្រាក់៦៥៧.៧៧៧.០៣៤ រៀល និង ៩៦.២១២ ដុល្លារអាម៉េរិក រួចទៅហើយ ដែលនេះបានសបញ្ជាក់ឱ្យឃើញពីការគាំទ្រយ៉ាងផុលផុសប្រកបដោយស្មារតីសាមគ្គីភាពយ៉ាងរឹងមាំរបស់ប្រជាជាតិខ្មែរទាំងមូល។

ជាមួយគ្នានេះ នាងខ្ញុំសូមអំពាវនាវដល់បងប្អូនសប្បុរសជនដែលមានបំណងចូលរួមបរិច្ចាកក្នុងយុទ្ធនាការនេះ សូមមេត្តាបន្តចូលរួមគាំទ្រ រហូតដល់ថ្ងៃបិទយុទ្ធនាការ»។


ចែករំលែក៖