ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា

ចែករំលែក៖

ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា នាថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០នាទីព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភា នីតិកាលទី៥ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលមានរបៀបវារៈដូចខាងក្រោម៖

១- ការពិនិត្យ និងសម្រេចអំពីការបង្កើតក្រុមមិត្តភាពព្រឹទ្ធសភា នៃព្រះរាជាណាចក្រ កម្ពុជា ជាមួយព្រឹទ្ធសភា-រដ្ឋសភា នៃបណ្តាប្រទេសជាមិត្ត ។

២- ការពិនិត្យ និងសម្រេចអំពីការចាត់តាំងក្រុមសមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រ កម្ពុជា ដែលទទួលបន្ទុកសហប្រតិបត្តិការជាមួយអង្គការអន្តរសភា។

៣- ការពិនិត្យ និងសម្រេចអំពីការចាត់តាំងក្រុមសមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រ កម្ពុជា សម្រាប់ត្រៀមសហការនិងចូលរួមជាមួយរដ្ឋសភាក្នុងកិច្ចប្រជុំនៃអង្គការ អន្តរសភា។

៤- ផ្សេងៗ។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានសម្រេច ដូចខាងក្រោម៖

១- បង្កើតក្រុមមិត្តភាពព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយព្រឹទ្ធសភា-រដ្ឋសភា នៃបណ្តាប្រទេសជាមិត្តចំនួន ១១ ប្រទេស រួមមាន ព្រឹទ្ធសភានៃសាធារណរដ្ឋបារាំង, សភាប្រឹក្សានយោបាយប្រជាជនចិន, រដ្ឋសភាតួកគី, ព្រឹទ្ធសភានៃព្រះរាជាណាចក្រ ថៃឡង់ដ៍, រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម, រដ្ឋសភានៃសាធារណ រដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, ក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធនៃ សហព័ន្ធរុស្ស៊ី, ព្រឹទ្ធសភាជប៉ុន, រដ្ឋសភានៃសាធារណរដ្ឋកូរ៉េ, ព្រឹទ្ធសភានៃសាធារណ រដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងសភាសហព័ន្ធវ៉ាល់ឡូនី-ព្រុចសែល-ប៊ែលហ្ស៊ិក។

២- បង្កើតក្រុមសមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបន្ទុកសហប្រតិបត្តិការជាមួយអង្គការអន្តរសភាចំនួន៥ រួមមាន៖

សភាប្រើភាសាបារាំង (Assemblée Parlementaire de la Francophonie – APF)សហភាពអន្តរសភា (Inter-Parliamentary Union – IPU)

វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Parliamentary Forum-APPF)

សភាតំបន់អាស៊ី (Asian Parliamentary Assembly – APA) បណ្តាញសភានៃក្រុមប្រទេសចលនាមិនចូលបក្សសម្ព័ន្ធ (Non-Aligned Movement Parliamentary Network – NAM-PN)។

៣ – បង្កើតក្រុមសមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ត្រៀមសហការនិងចូលរួមជាមួយរដ្ឋសភាក្នុងកិច្ចប្រជុំនៃអង្គការអន្តរសភាចំនួន៤ រួមមាន៖

អន្តរសភាអាស៊ាន (ASEAN Inter-Parliamentary Assembly – AIPA)

កិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម (Cambodia – Laos – Viet Nam (CLV) Parliamentary Summit)

ភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (Asia-Europe Parliamentary Partnership – ASEP)

សភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព (International Parliament for Tolerance and Peace – IPTP)

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

ដោយ ៖ សិលា


ចែករំលែក៖