អតីតខ្សែការពារក្រុម Barcelona និង Manchester United កីឡាករ Gerard Pique ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការស៊ើបអង្កេតជាផ្លូវការដោយតុលាការនៅក្នុងប្រទេសអេស្ប៉ាញ ជុំវិញការចោទប្រកាន់ថា គាត់ជាប់ពាក់ព័ន្ធក្នុងកិច្ចព្រមព្រៀងដែលបានឃើញការផ្ទេរពាន Spanish Super Cup ទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
ក្រុមហ៊ុន Kosmos របស់លោក Pique បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) ដែលនឹងទទួលបាន៤០លានអឺរ៉ូសម្រាប់ឈ្មួញកណ្តាលកិច្ចព្រមព្រៀងនេះ ដោយ RFEF ទទួលបាន ៤០០លានអឺរ៉ូ។ ចៅក្រម Delia Rodrigo បាននិយាយថា មានភាពខុសច្បាប់ដែលអាចកើតមាន ជាមួយនឹងផលប៉ះពាល់ព្រហ្មទណ្ឌនៅក្នុងកិច្ចព្រមព្រៀង។
អតីតកីឡាករអន្តរជាតិអេស្ប៉ាញលោក Pique អាយុ៣៧ឆ្នាំឥឡូវនេះត្រូវបានរួមបញ្ចូលជាផ្លូវការក្នុងចំណោមមនុស្សមួយក្រុមដែលស្ថិតនៅក្រោមការស៊ើបអង្កេតជាផ្លូវការលើបញ្ហាដែលត្រូវបានចោទប្រកាន់។ គាត់តែងតែការពារកិច្ចព្រមព្រៀងនេះ ហើយបដិសេធថាមិនបានប្រព្រឹត្តខុស ដោយទទូចថាវាជារឿងស្របច្បាប់។
ករណីនេះស្ថិតក្រោមការស៊ើបអង្កេតតាំងពីឆ្នាំ២០២២ នៅពេលដែលការថតសំឡេងរបស់លោក Pique និងអតីតប្រធាន RFEF លោក Luis Rubiales ត្រូវបានបែកធ្លាយ។ ការិយាល័យ RFEF ត្រូវបានស៊ើបអង្កេតក្នុងខែមីនា ហើយ Rubiales ដែលបានការពារភាពស្របច្បាប់នៃកិច្ចព្រមព្រៀងនេះផងដែរ ត្រូវបានចាប់ខ្លួននៅពេលត្រឡប់ពីការធ្វើដំណើរទៅកាន់សាធារណរដ្ឋដូមីនីកែនក្នុងខែមេសា។
គាត់បានចុះចេញពី RFEF រួចហើយកាលពីខែកញ្ញាឆ្នាំមុន បន្ទាប់ពីថើបខ្សែប្រយុទ្ធអេស្ប៉ាញ Jenni Hermoso បន្ទាប់ពីការប្រកួត World Cup ចុងក្រោយកាលពីឆ្នាំមុន។ គាត់កំពុងប្រឈមនឹងការកាត់ទោសដាច់ដោយឡែកពីបទរំលោភផ្លូវភេទជុំវិញបញ្ហានោះ។ អ្នកស្នងតំណែងរបស់គាត់គឺលោក Pedro Rocha ក៏ជាមនុស្សដែលស្ថិតនៅក្រោមការស៊ើបអង្កេតជុំវិញកិច្ចព្រមព្រៀងអារ៉ាប៊ីសាអ៊ូឌីតផងដែរ។
លោក Pique បានផ្លាស់ទៅប្រទេសអារ៉ាប៊ីសាអូឌីតក្នុងឆ្នាំ២០២០ ហើយត្រលប់មកវិញនៅឆ្នាំ២០២២ បន្ទាប់ពីជំងឺរាតត្បាត Covid-19។ លោកបានលេងឱ្យ Barcelona ពីរដងក្នុងការប្រកួត Spanish Super Cups នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត មុនពេលចូលនិវត្តន៍នៅខែវិច្ឆិកា ឆ្នាំ២០២២៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)