ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី៖ សម្រេចបង្កើតមូលនិធិផ្ទាល់ខ្លួន ដោយមានលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាប្រធាន ដើម្បីអភិរក្ស ជំរុញ លើកទឹកចិត្ត និងផ្តល់លទ្ធភាពឱ្យទម្រង់សិល្បៈដែលរងហានីភ័យ បានឋិតថេរគង់វង្សយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយរបស់យើង

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីអ្នកស្នងមរតក ក្រោមពាក្យស្លោក «រក្សាចាស់ បង្កើត និង អភិវឌ្ឍថ្មី» ដែលរៀបចំឡើង ដោយសមាគមសិល្បករខ្មែរ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ(CCIC) ក្នុងគោលបំណងជួបជុំ រំលឹកដល់គុណូបការៈ និងជាការបង្ហាញពីការយកចិត្តទុកដាក់ដល់ព្រឹទ្ធាចារ្យ វីរសិល្បករ លោកគ្រូ អ្នកគ្រូ បងប្អូនសិល្បករ សិល្បការនី គ្រប់ទម្រង់​ ដើម្បីបង្កើនចំណងមិត្តភាព សាមគ្គីភាព រួមគ្នាលើកស្ទួយវិស័យវប្បធម៌សិល្បៈរបស់ជាតិយើង ។

មានប្រសាសន៍នៅក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា មូលដ្ឋានដ៏រឹងមាំនៃសុខសន្តិភាព​ គឺជាកត្តាចម្បងបំផុត ដែលបានផ្តល់នូវឱកាសឱ្យប្រជាជនខ្មែរគ្រប់រូប អាចរួមរស់ប្រកបដោយកុសលធម៌ និងសាមគ្គីធម៌ ក្នុងធ្លុងជាមហាគ្រួសារខ្មែរតែមួយ នៅលើទឹកដីមាតុភូមិអង្គរដ៏បវរជាទីស្នេហា និងក្នុងសេចក្តីសុខក្សេមក្សាន្ត ប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ ដែលក្នុងនោះ សិល្បករក៏បានដើរតួយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុខដុមនីយកម្មសង្គម តាមរយៈសកម្មភាពនៃការចូលរួមថែរក្សា និងផ្សព្វផ្សាយអំពីសិល្បៈវប្បធម៌ ដ៏ល្អផូរផង់របស់យើង ។ សិល្បករគ្រប់ទម្រង់ មានតួនាទីគន្លឹះក្នុងការចូលរួមថែរក្សាប្រពៃណីវប្បធម៌ សិល្បៈដ៏ផូរផង់បន្សល់ទុកពីដូនតាយើង ព្រមទាំងការអភិវឌ្ឍ​ និងផ្សព្វផ្សាយមរតកដ៏ថ្លៃថ្លានេះ ទៅលើឆាកអន្តរជាតិ ជាពិសេស ក្នុងយុគសម័យឧស្សាហកម្មជំនាន់ទី ៤ នេះ ។ ជាងនេះទៅទៀត សិល្បករខ្មែរដ៏ច្រើនរាប់មិនអស់ នៅគ្រប់ជំនាន់ បានបូជាកម្លាំងកាយចិត្ត ស្មារតី ទេពកោសល្យ រហូតជីវិតរបស់ខ្លួន ដើម្បីថែរក្សាការពារកេរមរតកដូនតាគ្រប់ៗទម្រង់ ដោយបានបំផុសនូវគំនិត និងការច្នៃប្រឌិតថ្មីៗ តាមរយៈសិល្បៈវប្បធម៌ខ្មែរបុរាណ និងបែបបទនៃការរស់នៅរបស់ប្រជាជនខ្មែរជាមួយធម្មជាតិ ដែលមាននៅតាមចម្លាក់នានា ក្នុងប្រាង្គប្រាសាទខ្មែរ ក្បាច់ក្បូររចនាផ្សេងៗ ដែលជាលម្អនៃការរស់នៅរបស់ប្រជាជនយើង ឱ្យលេចធ្លោតាមរយៈទម្រង់របាំអប្សរាដ៏ល្អឥតខ្ចោះ ដែលសុទ្ធសឹងតែជាខ្លឹមសារនៃវប្បធម៌ខ្មែរ ឱ្យនៅដិតដាម ជាប់ជានិច្ចក្នុងស្មារតី និងអារម្មណ៍នៃប្រជាជនខ្មែរគ្រប់ៗរូប ។ លើសពីនេះ សិល្បករខ្មែរ តាមរយៈ ស្នាដៃ និងទេពកោសល្យរបស់ខ្លួន បានក្លាយជាស្ពាននាំកម្ពុជាទៅកាន់ពិភពលោក ដោយរួមទាំងការចែករំលែកបទពិសោធ និងចំណេះដឹង នៃប្រវត្តិសាស្ត្រជាតិកម្ពុជា ទាំងការតស៊ូ ទាំងការឈឺចាប់ ហើយក៏ជាកាតាលីករនៃការជំរុញការផ្លាស់ប្តូរវប្បធម៌ និងការគោរពគ្នាទៅវិញទៅមក ។ 

សម្តេចធិបតី បានបន្តទៀតថា ទន្ទឹមនឹងបង្កើតសមិទ្ធផលថ្មីៗក្នុងវិស័យសិល្បៈដោយផ្អែកលើមូលដ្ឋាននៃវប្បធម៌ជាតិ និងអភិវឌ្ឍបន្ថែមទៀតស្របតាមស្ថានភាពបច្ចុប្បន្ន យើងក៏ត្រូវពិនិត្យមើលលើការអភិរក្សទម្រង់សិល្បៈដែលរងហានីភ័យខ្ពស់ផងដែរ ដូចជា ល្ខោននិយាយ ល្ខោនខោល ល្ខោនអាប៉េ ល្ខោនប្រមោលទ័យ ជាដើម ។ល។  ហើយដើម្បីចូលរួមក្នុងសកម្មភាពអភិរក្សទម្រង់សិល្បៈដែលរងហានីភ័យ សម្តេច បានសម្រេចបង្កើតមូលនិធិផ្ទាល់ខ្លួន ដោយមានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាប្រធាន ដើម្បីជំរុញ លើកទឹកចិត្ត និងផ្តល់លទ្ធភាពឱ្យទម្រង់សិល្បៈទាំងនោះបានឋិតថេរគង់វង្សយូរអង្វែង សម្រាប់កូនចៅជំនាន់ក្រោយរបស់យើង ។ 

ជាចុងក្រោយ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះ អ្នកឧកញ៉ា ម៉ៅ ចំណាន ដែលបានទទួលការបោះឆ្នោតគាំទ្រ ផ្តល់សេចក្តីទុកចិត្តជ្រើសរើសជាប្រធានសមាគមសិល្បករខ្មែរ សម្រាប់អាណត្តិទី ៦ ព្រមទាំងអរគុណអតីតប្រធានសមាគមសិល្បករខ្មែរគ្រប់អាណត្តិ ដែលបានលះបង់កម្លាំងកាយចិត្ត វេលា និងធនធាន ក្នុងការដឹកនាំសមាគម នាពេលកន្លងទៅប្រកបដោយជោគជ័យ និងភាពរឹងមាំ ៕

ដោយ​៖ តារា​


ចែករំលែក៖