ភ្នំពេញ ៖ សមាគមយុវជនពន្លឺព្រះចន្ទ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ម្សិលមុិញ បានចេញថ្លែងការណ៍គាំទ្រ ចំពោះប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកំណត់បើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» នៅខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។
យោងតាមសេចក្ដីថ្លែងការណ៍នេះ សមាគមយុវជនពន្លឺព្រះចន្ទ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសនាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ពាក់ព័ន្ធទៅនឹងកាលបរិច្ឆេទបើកការដ្ឋាន «ព្រែកជីកហ្វូណនតេជោ» ដែល សម្តេចធិបតី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានកំណត់យក ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះដើម្បីបើកការដ្ឋានសាងសង់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការពន្លឿនការសាងសង់ «គម្រោងព្រែកជីកហ្វូណនតេជោ» ដើម្បីបញ្ចប់ការលើកឡើងពីបញ្ហានានា ដែលសម្តេចហៅការលើកឡើងទាំងនោះថា «ជាការស្រមើស្រមៃ»។ សម្តេចធិបតី បានថ្លែងទៀតថា គម្រោងសាងសង់ព្រែកជីកហ្វូណននេះ វិនិយោគទុនភាគច្រើនជារបស់ខ្មែរ និងទុនមួយផ្នែកទៀត ជារបស់ក្រុមហ៊ុនវិនិយោគចិន ដែលមានបច្ចេកទេសក្នុងការសាងសង់។ ចំពោះគម្រោងព្រែកជីកហ្វូណនានេះ សម្តេចធិបតី បានថ្លែងថា កម្ពុជាសាងសង់ព្រែកជីកនេះ ដើម្បីផលប្រយោជន៍ប្រជាជនកម្ពុជា ហើយជាគម្រោងដែលប្រជាពលរដ្ឋគាំទ្រ។
ទន្ទឹមនឹងនេះ សមាគមយុវជនពន្លឺព្រះចន្ទ បានគូសបញ្ជាក់ថា ការកសាងព្រែកជីកហ្វូណនតេជោ ក៏នឹងបង្ហាញនូវឯករាជ្យនយោបាយដឹកជញ្ជូនរបស់កម្ពុជា ហើយព្រែកជីកនេះនឹងមិននាំទៅរកជម្លោះភូមិសាស្ត្រនយោបាយរវាងចិននិងវៀតណាមឡើយ គ្មានផលប៉ះពាល់បរិស្ថានឬប្រទេសដទៃឡើយ និងជាផ្លូវនាវាចរចេញពីទន្លេរបស់កម្ពុជាទៅកាន់ដែនសមុទ្រខ្មែរនិងអន្តរជាតិ ដែលជាប្រយោជន៍សេដ្ឋកិច្ចយ៉ាងធំធេង។
សមាគមយុវជនពន្លឺព្រះចន្ទ ជឿជាក់ថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគម្រោងនេះឱ្យលេចរូបរាងក្នុងពេលឆាប់ៗខាងមុខនេះស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយសារគម្រោងព្រែកជីកហ្វូណនតេជោ នឹងជួយពង្រីកវិសាលភាពនៃការប្រើប្រាស់សក្តានុពលលើការដឹកជញ្ជូនតាមផ្លូវទឹក សំដៅចូលរួមលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចសង្គមឱ្យកាន់តែមានការរីកចម្រើនឈានទៅមុខមួយកម្រិតថែមទៀត៕
ដោយ ៖ សិលា