ភ្នំពេញ៖ នៅក្នុងឱកាសនៃការប្រារព្ធទិវាកុមារអន្តរជាតិ ១មិថុនា នាឱកាសឆ្នាំ ២០២៤ នេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី ទុយ សិរីរតនៈ នេត្រ ភក្រ្តា ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងអគ្គនាយកក្រុមហ៊ុនរថយន្ត Great Wall Motor (GWM) និងអង្គការមូលនិធិសប្បុរសធម៌ វ័នរ៉ូដបានរៀបចំពិធីចែកអំណោយសម្ភារៈសិក្សា និងថវិកា ជូនដល់កូនៗ របស់មន្រ្តីរាជការក្រសួងព័ត៌មាន ចំនួនជាង ៥០០ នាក់ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ នាបរិវេណទីស្តីការក្រសួងព័ត៌មាន។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា មានប្រសាសន៍ថា ថ្ងៃនេះថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មានរួមនឹងសប្បុរសជនមកពីក្រុមហ៊ុន Great Wall Motor (GWM) និងអង្គការមូលនិធិសប្បុរសធម៌ វ័នរ៉ូដ បាននាំយកនូវការជួបជុំគ្នាដ៏សប្បាយរីករាយជូនកូនៗនិងក្មួយៗកុមារាកុមារីដើម្បីប្រារព្ធរៀបចំពិធីអបអរសាទរខួបទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា ប្រធានបទ «ការវិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្ស ក្នុងយុគសម័យបរិវត្តកម្មឌីជីថល»។លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជូនពរកូនៗក្មួយៗកុមារាកុមារីទាំងអស់ទទួលបាននូវសុខភាពល្អ ប្រាជ្ញាវៀងវៃ ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ។ លោករដ្ឋមន្ត្រីបានថ្លែងថា ស្នាមញញឹមរបស់កុមារាកុមារីជាស្នាមញញឹមរបស់មាតាបិតានិងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៅអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃនិងបុរេសកម្មរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តយកចិត្តទុកដាក់ជាអាទិភាព តាមរយៈការដាក់ចេញកម្មវិធីនយោបាយនានា សំដៅគាំពារ អភិវឌ្ឍ និងលើកកម្ពស់សុខុមាលភាពកុមារ ចាំតាំងពីបឋមវ័យ រហូតដល់យុវវ័យ។ កុមារតំណាងឱ្យធនធានសក្តានុពលរបស់ប្រទេសជាតិ ដែលនឹងត្រូវបន្តវេននាពេលអនាគត។ «ដូច្នេះយើងទាំងអស់ត្រូវចូលរួមផ្តល់ក្តីស្រឡាញ់ ភាពសប្បាយរីករាយ និងក្តីសង្ឃឹមសម្រាប់កុមារទាំងអស់ដើម្បីពួកគេក្លាយខ្លួនជាពលរដ្ឋល្អសម្រាប់សង្គមជាតិ។ កុមារកម្ពុជាទទួលបានភាពសុខសាន្ត និងការបីបាច់ថែក្សា ដោយក្តីអាណិតស្រលាញ់គ្រប់ៗគ្នា»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា។
ឆ្នាំនេះ ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ១មិថុនា ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «ការវិនិយោគ លើកុមារថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្សក្នុងយុគសម័យបរិវិត្តកម្មឌីជីថល» និងទិវាពិភពលោកប្រឆាំង ពលកម្មកុមារ១២មិថុនា ក្រោមប្រធានបទ «រួមគ្នាអនុវត្តការប្តេជ្ញាចិត្តដើម្បីបញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ» ដើម្បីរំលឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់កុមារ ជាពិសេសសុវត្ថិភាពកុមារតាមប្រព័ន្ធ ឌីជីថល ដោយជួយគាំទ្រដល់កុមាររងគ្រោះ និងងាយរងគ្រោះពីការគំរាមកំហែង ការកេងប្រវញ្ច និងការរំលោភបំពាននានាតាមប្រព័ន្ធ អនឡាញបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព សំដៅធានាថាកុមាររស់នៅនិងអភិវឌ្ឍដោយសុខដុមរមនា ក្រោមម្លប់សន្តិភាព។
នៅក្នុងឱកាសខួបលើកទី ៧៥ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៣ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤ នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានចេញនូវសារលិខិត ចូលរួមអបអរដោយបានគូសបញ្ជាក់ថា កុមារគឺជាធនធានដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ នៅគ្រប់ដំណាក់កាលទាំងអស់នៃការអនុវត្តយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល បានកំណត់យក «មនុស្ស» ជាវិស័យ អាទិភាពចម្បងបំផុត ហេតុនេះហើយការយកចិត្តទុកដាក់ចំពោះសុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍកុមារ គឺជាគ្រឹះដ៏សំខាន់ក្នុងការកសាងមូលធនមនុស្សប្រកបដោយសក្តានុពល សម្រាប់ការអភិវឌ្ឍកម្ពុជានាពេល អនាគត។ រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តយ៉ាងពេញលេញ និងមានចក្ខុវិស័យច្បាស់លាស់ក្នុងការលើកកម្ពស់សិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារ ។
អំណោយដែលត្រូវចែកជូនដល់កូនៗរបស់មន្រ្តីរាជការនៃក្រសួងព័ត៌មានជាង ៥០០ នាក់ នាឱកាសនេះ ដោយក្នុងម្នាក់ៗទទួលបាន កាតាប ១ ដបដាក់ទឹក ១ រួមទាំង នំ និងសម្ភារៈសិក្សាជាច្រើនមុខទៀត ដែលជាអំណោយរបស់ ក្រុមហ៊ុន GWM , One Road Group អង្គការមូលនិធិសប្បុរសធម៌ វ័នរ៉ូដ។ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន Great Wall Motor (GWM) លក់រថយន្តរបស់ប្រទេសចិន និងអង្គការមូលនិធិសប្បុរសធម៌ វ័នរ៉ូដ ដែលបានផ្តល់កាតាប កូនសិស្សចំនួនជាង ១ ០០០ ដល់ក្រសួងព័ត៌មាន ដើម្បីចែកជូនដល់កុមារាកុមារីសិស្សានុសិស្សដែលខ្វះខាត។
ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា និងលោកស្រី ទុយ សិរីរតនៈ នេត្រ ភក្រ្តា ប្រធានកិត្តិយស សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន បានផ្តល់បន្ថែមនូវថវិកាក្នុងម្នាក់ ១មុឺនរៀល។ ចំណែកលោកស្រី សន ម៉ារ៉ាដា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជានាយកប្រតិបត្តិនៃសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍបានផ្តល់ជូននូវអាវម្នាក់១ផងដែរ។ ជាមួយគ្នា នេះ កុមារាកុមារីដែលជាកូនៗរបស់មន្ត្រីនៃក្រសួងព័ត៌មានបានលេងកម្សាន្តនិងគូររូបភាព អានសៀវភៅផងដែរ៕
ដោយ៖ តារា