ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាក Isuzu MU-X ចង្កូតស្តាំ ពាក់ស្លាកលេខ ខ.ម មួយគ្រឿង ត្រូវមន្ត្រីគយ ឃាត់បាននៅមូលដ្ឋានខេត្តកោះកុង

ចែករំលែក៖

ខេត្តកោះកុង៖ យោងតាមរបាយការណ៍របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលេីផ្ទៃប្រទេស បានឱ្យដឹងនៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤នេះថា៖ រថយន្តម៉ាក Isuzu MU-X ចង្កូតស្តាំមួយគ្រឿង ពាក់ស្លាកលេខ កងយោធពលខេមរភូមិន្ទ ត្រូវមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចុះស្រាវជ្រាវបង្រ្កាប និងឃាត់បាននៅមូលដ្ឋានខេត្តកោះកុង។

ប្រភពដដែលបន្តថា ក្នុងប្រតិបត្តិការនោះកម្លាំងកងរាជអាវុធហត្ថខេត្តកោះកុង កាលពីរសៀលថ្ងៃសៅរ៍ ទី០១ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញនេះ បានសហការជាមួយមន្រ្តីសាខាគយ និងរដ្ឋាករខេត្តកោះកុង ចុះឃាត់ចាប់បានរថយន្តចំនួន ០១គ្រឿង នៅចំណុចតាមវិថីសាយភូថង ស្ថិតក្នុងភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង រថយន្តម៉ាក Isuzu MU-X ឆ្នាំ២០១៤ ពណ៌ស+ខ្មៅ ចង្កូតស្តាំ ពុំមានឯកសារពន្ធអាករណ៍នាំចូលពាក់ស្លាកលេខខេមរភូមិន្ទ 2-២៧១៧ ពុំមានបិទលតាបត្រ។

បច្ចុប្បន្នរថយន្តខាងលើបាននាំមករក្សាទុកជាបណ្តោះអាសន្ននៅសាខាគយ និងរដ្ឋាករខេត្តកោះកុងចាត់ការតាមនីតិវិធី៕

ដោយ៖តារា


ចែករំលែក៖