ព័ត៌មានទាន់ហេតុការណ៍៖

លោក ទិត សុធា និងក្រុមការងារអញ្ជើញចូលរួមពិធីប្រកាសសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំទាំង១១ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ លោក ទិត សុធា សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណបក្សប្រជាជនចុះមូលដ្ឋានខេត្តកំពង់ធំ និងជាអនុប្រធាន គណបក្សប្រជាជនចុះមូលដ្ឋានស្រុកកំពង់ស្វាយ លោក បួន លឹមហេង អនុប្រធានគណបក្សចុះមូលដ្ឋានស្រុកកំពង់ស្វាយ និងជាប្រធានគណបក្សចុះមូលដ្ឋានឃុំកំពង់ស្វាយ លោក សេង សាវន លោក ជា លីសែ លោកស្រី មៀច សុភាព លោក អ៊ុក រិន លោក កែ ក្រានីត លោក ទេពកេន វណ្ណកន លោក លី គាំ លោក សំ អាន អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំកំពង់ស្វាយ និងក្រុមការងារ បានអញ្ជើញចូលរួមពិធីប្រកាសសមាសភាពក្រុមការងារគណប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំទាំង១១ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក សួស យ៉ារ៉ា សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសគណបក្សចុះមូលដ្ឋានស្រុកកំពង់ស្វាយ និងលោកស្រី ឃួន ឃុនឌី ប្រធានគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកកំពង់ស្វាយ ដែលមានសមាជិក សមាជិកា ចូលរួមប្រមាណជាង៣០០នាក់។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនេះ លោក សួស យ៉ារ៉ា បានលើកឡើងថា ថ្នាក់ដឹកនាំនៅមូលដ្ឋានគឺត្រូវដើរតួសំខាន់ ព្រោះជាអ្នកនៅមូលដ្ឋានដឹងសុខទុក្ខប្រជាពលរដ្ឋច្បាស់ ហើយក្រុមការងារថ្នាក់ជាតិគឺជាអ្នករួមចំណែកជួយជ្រោមជ្រែងសម្របសម្រួល។ លោកបន្តថា យើងត្រូវក្តាប់ឱ្យបាននូវបញ្ហាជីវភាព សេដ្ឋកិច្ចរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន បញ្ហាប្រឈមរបស់ពួកគាត់ជាពិសេសគឺបញ្ហាដីធ្លី បញ្ហាភូមិឃុំមានសុវត្ថិភាព និងជាពិសេសគឺយកចិត្តទុកដាក់លើការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។

ជាមួយគ្នានេះលោកស្រី ឃួន ឃុនឌី បាន លើកឡើងថា ភាពជោគជ័យរបស់គណបក្សប្រជាជនគឺបានមកពីការចាក់គ្រឹះដ៏រឹងមាំរបស់គណបក្សតាំងពីថ្នាក់មូលដ្ឋាន ដែលមានកិច្ចសហការល្អរវាងអាជ្ញាធរមូលដ្ឋាននិងក្រុមការងារថ្នាក់ជាតិ។ លោកស្រីក៏បានរំលឹកឱ្យក្រុមការងារចុះមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ចុះជួយប្រជាពលរដ្ឋឱ្យបានដូចភ្លៀងរលឹម ដោយប្រើបេះដូង និងធនធានដែលមានដើម្បីជួយដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដូចភ្លៀងរលឹម ដើម្បីសម្រេចឱ្យបាននូវគោលនយោបាយរបស់គណបក្សក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចធិបតីនាយករដ្ឋមន្ត្រី ធ្វើយ៉ាងណារក្សាឱ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនបន្តទៅមុខយូរអង្វែង៕

ដោយ ៖ សិលា


ចែករំលែក៖