ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕
សមត្ថកិច្ចប្រាប់ថាៈនៅវេលាម៉ោង២១និង០០នាទី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ ជី បាវដា(ហៅជា) ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណី ហិង្សាដោយចេតនាស្ថានទម្ងន់ទោស ដែលប្រព្រឹត្តកាលពីវេលាម៉ោង២១និង០០នាទី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចខារ៉ាអូខេឌូបៃ ស្ថិតនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ករណីនេះធ្វើឡើងតាមពាក្យបណ្តឹងជនរងគ្រោះចំនួន០២នាក់ ១.ឈ្មោះ សុខ សុឈីត (ហៅវឌ្ឍនៈ) ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ២-ឈ្មោះ ហេង លីហ៊ាង ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ជាមួយគ្នានោះកម្លាំងបានដកហូតវត្ថុតាងមាន៖ ដែកកែច្នៃមុខបីចុងស្រួច ប្រវែង៣០សង់ទីម៉ែត្រ ចំនួន០១ដើម។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា កាលពីវេលាម៉ោង២១ និង០០នាទី ថ្ងៃទី៣០ ខែឧសភា ជនរងគ្រោះ រួមនិងមិត្តភក្តិជាច្រើននាក់(រួមនឹងជនសង្ស័យ) បាននាំគ្នាចូលខារ៉ាអូខេមួយកន្លែង នាំគ្នាផឹកស្រា ច្រៀង ហេីយក៏មានរឿងជាមួយអ្នកចាក់ចម្រៀង ក្រោយមកមិត្តភក្តិមួយចំនួនបាននាំគ្នាចេញទៅមុនរួមទាំងជនសង្ស័យ នៅសល់តែ០៥នាក់ មួយសន្ទុះក្រោយមកជនសង្ស័យបានត្រឡប់មកបន្ទប់ខារ៉ាអូខេវិញ ដោយធាក់ទ្វារចូលក្នុងបន្ទប់ខារ៉ាអូខេ ហើយស្រែកថាមានអ្នកចង់វាយខ្លួន ហើយបានយកដែកមុតស្រួច ចាក់ទៅលើឈ្មោះ សុខ សុឈីត បណ្តាលឱ្យរងរបួសចំនួន០១កន្លែង ចំក្រោមទ្រូងខាងឆ្វេង ហេីយជនរងគ្រោះម្នាក់ទៀតបានទៅជួយឃាត់ ក៏ត្រូវបានជនសង្ស័យចាក់ចំកដៃខាងឆ្វេង បណ្តាលឱ្យរងរបួសចំនួន០២កន្លែង ដេរចំនួន១៧ផ្ទេរ ចំណែក ឈ្មោះ សុខ សុឈីត របួសធ្ងន់បានបញ្ជូនទៅព្យាបាលនៅមន្ទីរ ពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ។
ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាប្រេីហិង្សា ដោយយកដែកមុតស្រួចចាក់ទៅលេីជនរងគ្រោះបណ្តាលឱ្យរងរបួសពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី ៕
ដោយ៖ វណ្ណា