ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត គិន ភា ចាត់ទុកថា ការបង្កើតព័ត៌មានប្រឌិតតាមរយៈបញ្ញាសិប្បនិមិត្ត (AI) ក្លាយទៅជាអាវុធនយោបាយ

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍នៅក្នុងសិក្ខាសាលាបណ្ដុះបណ្ដាលសារព័ត៌មានតំបន់មេគង្គលើកទី៣ ស្ដីពី «តួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំ និងដំណឹងក្លែងក្លាយក្នុងបរិបទបញ្ញាសិប្បនិម្មិត ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពតំបន់» លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានចាត់ទុកថា ការបង្កើតព័ត៌មានប្រឌិតតាមរយៈបញ្ញាសិប្បនិមិត្ត (AI) បានក្លាយទៅជាអាវុធនយោបាយពីមជ្ឈដ្ឋានខាងក្រៅដើម្បីបង្កើតការមិនទុកចិត្តគ្នា ការភ័ន្តច្រឡំ និងធ្វើឱ្យសង្គមបែកបាក់ ជាបញ្ហាដែលត្រូវដោះស្រាយ។ នេះការបង្ហោះលើផេកផ្លូវការរបស់ក្រសួងព័ត៌មាន ដកស្រង់ចេញពី រាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃនេះ។

លោកបណ្ឌិត គិន ភា បានគូសបញ្ជាក់ថា អុិនធឺណិតបានក្លាយជាសមរភូមិដ៏មានឥទ្ធិពល សម្រាប់ការផ្សាយព័ត៌មានបន្លំនិងដំណឹងក្លែងក្លាយ ដែលធ្វើឱ្យខូចដល់ទំនុកចិត្តសាធារណៈចំពោះស្ថាប័នជាតិ បណ្តាលឱ្យមានការបែកបាក់គ្នាក្នុងចំណោមសហគមន៍ ការមិនទុកចិត្ត អស្ថិរភាព ការរំលោភឯកជនភាព និងការរៀបចំវេទិកាអនឡាញសម្រាប់គោលបំណងនយោបាយជាដើម។ ការណ៍នេះនាំឱ្យមានភាពចលាចលសង្គម បញ្ហាប្រឈមសេដ្ឋកិច្ច និងការគំរាមកំហែងសន្តិសុខជាតិ។ 

លោកបណ្ឌិតបានបន្តថា ក្នុងតំបន់និងសកលលោក ព័ត៌មានបន្លំនិងដំណឹងក្លែងក្លាយបានបង្កការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ សន្តិសុខ និងស្ថិរភាព ហើយការប្រយុទ្ធប្រឆាំងនឹងបញ្ហាទាំងនេះ មិនត្រឹមតែការពារមុខមាត់ប្រទេសប៉ុណ្ណោះទេ ថែមទាំងការពារស្ថិរភាពនិងវិបុលភាពនាពេលអនាគតផងដែរ។

បើតាមឯកឧត្ដមបណ្ឌិត សម្រាប់ប្រទេសកម្ពុជានិងបណ្ដាសមាជិកអាស៊ានទាំងអស់ មិនទាន់មានភាពធន់ក្នុងការឆ្លើយតបនឹងបញ្ហាថ្មីនេះនៅឡើយ ដែលបញ្ហាទាំងនោះ រួមមាន ព័ត៌មានក្លែងបន្លំ, ការវាយប្រហារតាមរយៈព័ត៌មាន, និងដំណឹងក្លែងក្លាយ។ ជារឿយៗ ការបំភ័ន្តព័ត៌មានត្រូវបានក្លែងបន្លំជាព័ត៌មានពិត ដែលមានផលវិបាកយ៉ាងធ្ងន់ធ្ងរ ជាក់ស្តែង ដូចជាករណីអ្នកកាសែតចិនតៃវ៉ាន់ពីរនាក់ ដែលបានចូលមកប្រទេសកម្ពុជាកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ បានផលិតវីដេអូបំភ្លើសការពិត អំពីសកម្មភាពពាក់ព័ន្ធនឹងការបង្ខាំងខុសច្បាប់ និងការធ្វើទារុណកម្មនៅក្នុងសួនឧស្សាហកម្មក្នុងប្រទេសកម្ពុជា ដែលជាតំបន់ដែលពាក់ព័ន្ធនឹងគម្រោង «គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI)» របស់ប្រទេស ចិន។

លោកបណ្ឌិតបាន គិន ភា បានបន្ថែមទៀតថា ព័ត៌មានប្រឌិតទាំងនេះដែលត្រូវបានផ្សព្វផ្សាយតាមអ៊ីនធឺណិតនិងប្រព័ន្ធបណ្ដាញសង្គម បានបង្ខូចមុខមាត់ប្រទេសកម្ពុជា, រារាំងភ្ញៀវទេសចរបរទេសមិនឱ្យចូលមកទស្សនា, ធ្វើឱ្យភាពតានតឹងសង្គមកាន់តែធ្ងន់ធ្ងរ បំបាត់ការជឿទុកចិត្តលើរដ្ឋាភិបាល និងពន្យឺតដល់កិច្ចសហប្រតិបត្តិការក្នុងតំបន់។ បញ្ហានេះ ត្រូវបានពង្រីកខ្លួនបន្ថែមទៀតជាមួយនឹងការលេចឡើងនូវបញ្ញាសិប្បនិមិត្ត (AI) ដែលបាននឹងកំពុងត្រូវបានប្រើប្រាស់ជាអាវុធនយោបាយពីមជ្ឈដ្ឋានខាងក្រៅដើម្បីបង្កើតឧបាយកលប្រព័ន្ធផ្សព្វផ្សាយសង្គម, ការបង្កើតបណ្ដាញគ្រប់គ្រងសិប្បនិម្មិត, និងយុទ្ធសាស្រ្តផ្លូវចិត្តក្នុងគោលបំណងគ្រប់គ្រងរបៀបវារៈសង្គម, បង្កើនការមិនទុកចិត្តគ្នា, ការភ័ន្តច្រឡំ ក៏ដូចជាការបន្តឱ្យសង្គមបែកបាក់៕

ប្រភព ៖ ក្រសួងព័ត៌មាន


ចែករំលែក៖