ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងអប់រំជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសភាពាណិជ្ជកម្មកម្ពុជា-ម៉ុងត្រេអាល់ (Chamber of Commerce And Industrial Saint Laurant)

ចែករំលែក៖

ភ្នំពេញ៖ នារសៀល ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូ Chamber of Commerce And Industrial Saint Laurant ដឹកនាំដោយលោក Mo Kelvin ប្រធានសភាពាណិជ្ជកម្មកម្ពុជា (ម៉ុងត្រេអាល់) និងជាប្រធានក្រុមហ៊ុន Global Health Service Group Inc. BCMMO Inc., និងមានការចូលរួមពី ឯកឧត្ដម លោកជំទាវ មន្ត្រីពាក់ព័ន្ធក្រោមឱវាទ។គោលបំណងនៃជំនួបនេះ គឺដើម្បីពិភាក្សាស្វែងយល់អំពីសក្ដានុពលនៃឱកាសវិនិយោគក្នុងវិស័យអប់រំ យុវជន និងកីឡានៅកម្ពុជា។

លើកឡើងក្នុងឱកាសនេះ ប្រធានសភាពាណិជ្ជកម្មកម្ពុជា (ម៉ុងត្រេអាល់) បានគូសបញ្ជាប់ពីចំណាប់អារម្មណ៍ក្នុងការស្វែងយល់អំពីទិដ្ឋភាពនៃការវិនិយោគលើវិស័យអប់រំ ក៏ដូចជាសិក្សាពីឱកាសវិនិយោគក្នុងវិស័យអប់រំ យុវជន និងកីឡា នៅកម្ពុជាក្នុងនាមជាអ្នកវិនិយោគមកពីប្រទេសកាណាដា និងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយផ្ដោតលើ ៦ចំណុច ដូចជា៖ (១). គំនិតផ្ដួចផ្ដើម និងឱកាសនៃការអប់រំ (២). ការអភិវឌ្ឍន៍ និងការចូលរួមរបស់យុវជន (៣). ការអភិវឌ្ឍន៍កីឡា និងការកម្សាន្ត៖ ចក្ខុវិស័យរបស់រដ្ឋាភិបាលសម្រាប់ ការ អភិវឌ្ឍន៍កីឡា និងសកម្មភាពកម្សាន្តនៅកម្ពុជា (៤). ភាពជាដៃគូសាធារណៈ និងឯកជន (៥). ផលប៉ះពាល់នៃការវិនិយោគ៖ វិនិយោគិនបរទេសគួរធ្វើដូចម្តេច ដើម្បីធានាថាការវិនិយោគរបស់ពួកគេស្របតាមគោលដៅនៃការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល (៦). ផែនការ និងគំនិតផ្ដួចផ្ដើមនាពេលអនាគត។

ជាការឆ្លើយតបបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបង្ហាញក្អីសោមនស្សរីករាយ និងស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ភាគីសភាពាណិជ្ជកម្មកម្ពុជា (ម៉ុងត្រេអាល់) និង អ្នកវិនិយោគមកពីកាណាដា និងតំបន់អាស៊ីប៉ាស៊ីហ្វិក ព្រមទាំងបានចែករំលែកអំពីទិដ្ឋភាពទូទៅនៃការវិនិយោគលើវិស័យអប់រំ និងការវិវឌ្ឍន៍ថ្មីៗនៃប្រព័ន្ធអប់រំនៅកម្ពុជា ដែលរួមមានការបើកសាលារៀនឯកជន (បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ) សាកលវិទ្យាល័យ ធនធានគ្រូបង្រៀន ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនៅតាមសាលារៀន កម្មវិធីផ្លាស់ប្ដូរបទពិសោធន៍ ការបន្តការសិក្សានៅបរទេស និងលក្ខខណ្ឌចាំបាច់ត្រូវមានក្នុងការបើកសាលារៀនជាដើម។

ជាមួយគ្នានេះដែរបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីគោលដៅអាទិភាពមួយចំនួនក្នុងវិស័យអប់រំ ដែលមានក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាដល់ការអភិវឌ្ឍន៍ធនធានមនុស្ស ដែលមានដូចជា ៖

– ការលើកកម្ពស់ការអប់រំសីលធម៌៖ រដ្ឋាភិបាលមានគោលដៅ លើកកម្ពស់គុណភាព

នៃការអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ នេះរួមបញ្ចូលទាំងការលើកកម្ពស់ការអប់រំ STEM

និងការអប់រំសីលធម៌នៅគ្រប់កម្រិតអប់រំ ក៏ដូចជាការកែលម្អការអប់រំកាយ និងកម្មវិធីកីឡា ដើម្បីធានាថា យុវជនគ្រប់រូបមានជំនាញកីឡាតែមួយ។

– ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស៖ រដ្ឋាភិបាលស្វែងរកការកែទម្រង់បច្ចេកទេស និងវិជ្ជាជីវៈ វិស័យបណ្ដុះបណ្ដាលដោយការបង្កើនការចុះឈ្មោះចូលរៀន ការលើកកម្ពស់ជំនាញ និងបង្កើនជំនាញ និងដោះស្រាយភាពមិនស៊ីគ្នានៃជំនាញ។ គោលដៅគឺដើម្បីបង្រួបបង្រួមគម្លាតជំនាញ និងបំពេញការវិវត្តន៍តម្រូវការនៃឧស្សាហកម្ម។

-ឧត្ដមសិក្សា និងនវានុវត្តន៍៖ ការជំរុញកម្មវិធីសិក្សា ការស្រាវជ្រាវ សមត្ថភាព និងការច្នៃប្រឌិតនៅក្នុងគ្រឹះស្ថានឧត្ដមសិក្សា ភាពជាដៃគូសហការជាមួយនឹងសាកលវិទ្យាល័យ និងស្ថាប័នស្រាវជ្រាវអាចជំរុញកំណើនសេដ្ឋកិច្ច និងការច្នៃប្រឌិត។

វិនិយោគិនបរទេសអាចគាំទ្រ និងចូលរួមក្នុងការ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអប់រំ បច្ចេកវិទ្យា និងកម្មវិធីជាច្រើន ដូចជា ៖ (១). ការវិនិយោគលើហេដ្ឋារចនា សម្ព័ន្ធអប់រំ និងការកែលម្អកន្លែងអប់រំ រួមទាំងសាលារៀន សាកលវិទ្យាល័យ និងវិជ្ជាជីវៈ មជ្ឈមណ្ឌលបណ្ដុះបណ្ដាល (២). សមាហរណកម្មបច្ចេកវិទ្យា (៣). កម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ(៤). ភាពជាដៃគូជាមួយគ្រឹះស្ថានឧត្ដមសិក្សា (៥). កម្មវិធីអប់រំអន្តរជាតិ (៦). ការបង្កើតមជ្ឈមណ្ឌលសាកលវិទ្យាល័យអន្តរជាតិ ដោយបង្កើតសាខា ឬសហការជាមួយស្ថាប័នដែលមានស្រាប់ ដើម្បីទាក់ទាញសិស្សអន្តរជាតិ និងជំរុញការផ្លាស់ប្ដូរចំណេះដឹង៕

ដោយ៖ សូរិយា


ចែករំលែក៖