ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ១៤ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី មីឡេនណា ការីដាដ ហ្សាឌីវ៉ា ពាដ្រា(Milena Caridad Zaldivar Piedra) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ជាបឋម សម្ដេចតេជោប្រធានព្រឹទ្ធសភា បានអបអរសាទរ ជូនចំពោះលោកស្រីឯកអគ្គរដ្ឋទូត ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោ បានសម្ដែងនូវក្ដីសង្ឃឹមថានៅក្នុងអាណត្តិបេសកកម្មរបស់ លោកស្រី ឯកអគ្គរដ្ឋទូត លោកស្រីនឹងខិតខំរួមគ្នាជាមួយនឹងរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ដើម្បីកសាងនិងពង្រឹងបន្ថែមនូវទំនាក់ទំនងដែលមានស្រាប់រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។

លោកស្រី ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះសម្ដេចតេជោប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យ លោកស្រី បានចូលជួបសម្ដែងការគួរសមនៅថ្ងៃនេះ ហើយលោកជំទាវ បានសម្ដែងក្ដីសង្ឃឹមថាក្នុង ឋានៈជា ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា លោកស្រីនឹងខិតខំដើម្បីពង្រឹងនូវទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជានិងគុយបា ដែលជាសក្ខីភាពនៃភាពរឹងមាំរវាងប្រជាជននិងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

លោកស្រី ឯកអគ្គរដ្ឋទូត បានរាយការណ៍ជូន សម្ដេចតេជោ ថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ត្រូវបានប្រជាជនគុយបា គោរពស្រឡាញ់រាប់អាន ហើយទំនាក់ទំនងរវាងប្រទេសយើងទាំងពីរគឺមានភាពរឹងមាំ ដោយយើងបានជួយគ្នាក្នុងការអភិវឌ្ឍ និងកិច្ចសហការក្នុងកម្មវិធីជាច្រើនដែលធ្វើឱ្យប្រទេសយើងទាំងពីរកាន់តែជិតស្និទ្ធគ្នាបន្ថែមទៀត។

នៅក្នុងពេលទស្សនកិច្ចផ្លូវការចុងក្រោយរបស់ សម្ដេចតេជោ នៅទីក្រុងហាឡាវ៉ាន កាលពីខែកញ្ញាឆ្នាំ២០២២ កន្លងទៅនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់និងកិច្ចព្រមព្រៀងមួយចំនួន ហើយលោកជំទាវឯកអគ្គរដ្ឋទូត បានបញ្ជាក់ថានឹងខិតខំប្រឹងប្រែង តាមដាន និង អនុវត្តនូវកិច្ចព្រមព្រៀងនិងអនុស្សរណៈទាំងនោះប្រកបដោយផ្លែផ្កា។

លោកស្រី ក៏បានថ្លែងអំណរគុណផងដែរចំពោះរាជរដ្ឋាភិបាលកម្ពុជានិងសម្ដេចតេជោ ដែលបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រីសាធារណរដ្ឋគុយបានៅកម្ពុជាកាលពីចុងឆ្នាំ២០២២កន្លងមកនេះ។ លោកស្រី ឯកអគ្គរដ្ឋទូត បានអបអរសាទរជូនចំពោះ សម្ដេចតេជោ ដែលត្រូវបានតែងតាំងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ប្រធានាធិបតី ប្រធានសភានិងនាយករដ្ឋមន្ត្រីគុយបា ជូនចំពោះ សម្ដេចតេជោផងដែរ។

ជាមួយគ្នានេះដែរ លោកស្រី ឯកអគ្គរដ្ឋទូត បានថ្លែងពីការស្ញប់ស្ញែង និង កោតសរសើររបស់លោកស្រី ចំពោះកម្ពុជាដែលជោគជ័យនៅក្នុងបញ្ហាសន្តិសុខស្បៀង និងមានការអភិវឌ្ឍកម្រិតខ្ពស់ ហើយប្រទេសគុយបាក៏ចង់រៀនសូត្រពីកម្ពុជាផងដែរ។

លោកស្រីបានចាត់ទុកថាសារៈសំខាន់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺគម្រោងផលិតស្រូវដែលបានចាប់ផ្តើម ដោយគណៈប្រតិភូកម្ពុជាបានធ្វើដំណើរទៅទីក្រុងហាឡាវ៉ានៃប្រទេសគុយបា ហើយអនុរដ្ឋមន្ត្រីកសិកម្មរបស់គុយបា ក៏បានមកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីជំរុញវិស័យផលិតស្រូវនៅក្នុងប្រទេសគុយបាផងដែរ។

ទាក់ទងនឹងវិស័យសុខាភិបាល លោកស្រីបានបញ្ជាក់ថា គុយបាមានបច្ចេកវិទ្យាផ្នែកសុខាភិបាល និងមានគោលបំណងចែករំលែកដល់កម្ពុជា ។ ប្រទេសយើងទាំងពីរគួរតែមានអនុស្សរណៈយោគយល់គ្នានៅលើវិស័យសុខាភិបាល និងវិស័យផ្សេងទៀតដូចជាវប្បធម៌ជាដើម ។ លោកស្រី ក៏បំណងនឹងធ្វើការជាមួយនឹងរដ្ឋមន្ត្រីពាក់ព័ន្ធនានារបស់កម្ពុជាដើម្បីសិក្សាពីអ្វីដែលអាចធ្វើបានបន្ថែមទៀត ដែលជាសក្ដានុពលរបស់ប្រទេសទាំងពីរ។

លោកស្រី ឯកអគ្គរដ្ឋទូត ក៏បានរៀបរាប់ផងដែរពីការលំបាករបស់គុយបានាពេលបច្ចុប្បន្នដោយមានការហ៊ុមព័ទ្ធទាំងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលធ្វើឱ្យបានមានការលំបាកក្នុងការនាំចូលស្បៀង។ លោកជំទាវ បានថ្លែងអំណរគុណផងដែរចំពោះកម្ពុជាដែលតែងតែបោះឆ្នោតគាំទ្រឱ្យមានការដកទណ្ឌកម្មចេញពីប្រទេសគុយបា នៅសន្និបាតអង្គការសហប្រជាជាតិជារៀងរាល់ឆ្នាំ។

ជាកិច្ចឆ្លើយតប សម្ដេចតេជោប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះលោកស្រី ដែលបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខនិងការជូនពរពីប្រធានាធិបតី ប្រធានសភា និងនាយករដ្ឋមន្ត្រីគុយបា ជូនចំពោះសម្ដេចតេជោ។

សម្ដេចតេជោ បានរំព្ញកថា ប្រទេសយើងទាំងពីរមានទំនាក់ទំនងយូរអង្វែងចាប់ពីតាំងពីបានឯករាជ្យមករៀងៗខ្លួនមក ។ នៅឆ្នាំ១៩៧៩ សាធារណរដ្ឋគុយបា បានទទួលស្គាល់សាធារណរដ្ឋប្រជាមានិតកម្ពុជា ហើយបានផ្ដល់ជំនួយនិងការជួយដោះស្រាយបញ្ហាផ្សេងៗនៅលើឆាកអន្តរជាតិទៀតផង។ ក្នុងឱកាសនោះដែរ សម្ដេចតេជោបានរំលឹកពីអនុស្សាវរីយ៍ដែលមានការជ្រោមជ្រែងជួយពីសំណាក់លោកប្រធានាធិបតី ហ្វីដែល កាស្ត្រូ ក្នុងការធ្វើឱ្យអាសនៈរបស់កម្ពុជានៅក្នុងចលនាមិនចូលបក្សសម្ព័ន្ធ នៅទំនេរ ខណៈពេលនោះ ខ្មែរក្រហមកាន់កាប់អាសនៈកម្ពុជានៅអង្គការសហប្រជាជាតិ។

សម្ដេចតេជោ បានរំលឹកអនុស្សាវរីយ៍ក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋគុយបា ពិសេស ទស្សនកិច្ចឆ្នាំ១៩៩៩ ឆ្នាំ ២០០០ និង ឆ្នាំ២០២២កន្លងមកនេះ ដែលសម្ដេចតេជោ បានធ្វើការចរចា និងពិភាក្សាយ៉ាងល្អិតល្អន់ស្តីពីការជំរុញទំនាក់ទំនងទ្វេភាគី និងសភាពការណ៍ផ្លាស់ប្ដូរនៅលើសកលលោក ជាមួយថ្នាក់ដឹកនាំកំពូលរបស់សាធារណរដ្ឋគុយបា។

ទាក់ទងនឹងទំនាក់ទំនងទ្វេភាគី សម្ដេចតេជោប្រធានព្រឹទ្ធសភា បានរំឭកថាយើងមានកិច្ចព្រមព្រៀងនិងអនុស្សរណៈជាច្រើនសម្រាប់កិច្ចសហការរបស់យើង ។ យើងត្រូវជំរុញអនុវត្តរាល់កិច្ចព្រមព្រៀងនិងអនុស្សរណៈដែលមានស្រាប់ និងស្វែងរកអ្វីដែលអាចធ្វើបានបន្ថែមទៀត ដោយសារប្រទេសយើងទាំងពីរមានសក្តានុពលយ៉ាងច្រើន។ សម្ដេចជោ ប្រធានព្រឹទ្ធសភា បានបញ្ជាក់ពីគម្រោងជួយសាធារណរដ្ឋគុយបា ក្នុងការផលិតស្រូវដើម្បីកាត់បន្ថយការនាំចូល ហើយទន្ទឹមនឹងនោះ សម្ដេចតេជោ មានបំណងជំរុញការនាំចេញនិងនាំចូលនូវផលិតផលទៅវិញទៅមក។ ទន្ទឹមនឹងនេះដែរ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានផ្ដល់ជាអនុសាសន៍ដូចខាងក្រោម៖

ទី១) វិស័យកសិកម្ម ជាពិសេសការផលិតស្រូវ កម្ពុជាមានបទពិសោធន៍ក្នុងការផលិតស្រូវដោយប្រើ រយៈពេលខ្លី ប្រើទឹកតិច ដែលអាចជួយដល់គុយបាជម្នះការលំបាកក្នុងពេលដែលប្រទេសគុយបាកំពុងតែទទួលរងនូវការហ៊ុមព័ទ្ធ។ គុយបា អាចយកបច្ចេកទេសផលិតស្រូវកម្ពុជា ដើម្បីយកទៅអនុវត្តជាក់ស្ដែងនៅប្រទេសគុយបា ពីព្រោះថាសព្វថ្ងៃនេះ គុយបាកំពុងមានបញ្ហាខ្វះខាតស្បៀងដែលជាបញ្ហាសំខាន់ត្រូវយកចិត្តទុកដាក់ដោះស្រាយ។

ទី២) ពាក់ព័ន្ធវិស័យវេជ្ជសាស្រ្ត សម្ដេចតេជោ បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលគុយបា ដែលបានផ្ដល់ការគាំទ្រ និងជួយដល់កម្ពុជាក្នុងពេលដ៏លំបាក ជាពិសេសគឺនៅពេលដែលកម្ពុជាទើបតែរួចផុតពីរបបប៉ុលពត។ កម្ពុជាបានបញ្ជូននិស្សិតជាច្រើនទៅសិក្សានៅប្រទេសគុយបា ដោយគុយបាមានបច្ចេកវិទ្យាវេជ្ជសាស្ត្រ សិក្សា និងផលិតវ៉ាក់សាំង ដូចនេះ សម្ដេចតេជោ បានផ្ដល់អនុសាសន៍ឱ្យ លោកជំទាវ ឯកអគ្គរដ្ឋទូត បន្តធ្វើការជាមួយក្រសួងសុខាភិបាលកម្ពុជា។

លោកស្រី ឯកអគ្គរដ្ឋទូត បានសម្ដែងនូវសេចក្តីរីករាយ ដែលបានស្ដាប់នូវអនុស្សាវរីយ៍របស់សម្ដេចតេជោ នៅក្នុងសាធារណរដ្ឋគុយបាកន្លងមក ដែលពេលនោះ សម្ដេចតេជោ បានពិភាក្សាជាមួយ អគ្គបញ្ជាការគុយបា ជុំវិញការការពារប្រទេសរបស់សាធារណរដ្ឋគុយបាដែលបានខិតខំតស៊ូដើម្បីសង្គមសមភាពនិងយុត្តិធម៌ ហើយលោកជំទាវ ក៏បានចាត់ទុកថា មិត្តភាពរវាងកម្ពុជានិងគុយបា គឺស្ថិតលើការកសាងជាតិ និងសន្តិសុខ ដោយប្រទេសទាំងពីរក៏ជាសមាជិកមិនចូលបក្សសម្ព័ន្ធដូចគ្នា។ លោកស្រី ឯកអគ្គរដ្ឋទូត បានគោរពជូនពរ សម្ដេចតេជោប្រធានព្រឹទ្ធសភា សូមទទួលបានសុខភាពល្អ និងអាយុវែង ដើម្បីស្ថិរភាព សន្តិសុខ និងសន្តិភាពយូរអង្វែងរបស់កម្ពុជា និងបានអរគុណ សម្ដេចតេជោ ដែលបានចាត់ទុក សាធារណរដ្ឋគុយបា គឺជាបងប្អូន។

ជាចុងក្រោយ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានស្នើឱ្យ លោកស្រី ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា ធ្វើការពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខនិងពរជ័យជូនចំពោះ ប្រធានាធិបតី នាយករដ្ឋមន្រ្តី និងប្រធានសភា សាធារណរដ្ឋគុយបាផងដែរ៕

ដោយ ៖ សិលា

 


ចែករំលែក៖