ខេត្តកំពង់ចាម ៖ នៅថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០២៤ លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន បានដឹកនាំក្រុមការងារ ចុះប្រគល់អំណោយផ្ទះទេវតា១ខ្នង ជូនដល់គ្រួសារក្មេងកំព្រា២នាក់បងប្អូន រស់នៅជាមួយជីដូន ដែលខ្វះខាតក្នុងជីវភាព នៅភូមិព្រៃបុស ឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ក្នុងស្ថានភាពជាក់ស្តែង ក្មួយស្រី ឈ្មោះ លី ហ្សា អាយុ១២ឆ្នាំ កំពុងរៀនថ្នាក់ទី៤ និងប្អូនប្រុសឈ្មោះ ម៉ា តូ អាយុ១០ឆ្នាំ រៀនថ្នាក់ទី ១ ជាកូនកំព្រាដែលឪពុកម្តាយដែលបានលែងលះគ្នា និងមានប្តីប្រពន្ធរៀងៗខ្លួន ទៅរស់នៅរកការងារធ្វេីនៅប្រទេសថៃ មិនដែលផ្តល់ដំណឹងមកគ្រួសារតាំងតែពីក្មួយប្រុសមានអាយុបាន ៦ខែ។ ក្មួយកំព្រាទាំងពីរនាក់បងប្អួននេះ រស់នៅជាមួយយាយបង្កេីតឈ្មោះ សាយ ញ៉ អាយុ៥២ឆ្នាំ ជាស្ត្រីមេម៉ាយ ដោយរស់នៅជួបការលំបាកយ៉ាងខ្លាំង។
ក្នុងឱកាសនេះ លោកស្រី ហ៊ុន ម៉ាណា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ដែលជានិច្ចកាលលោកតែងគិតគូរពីសុខទុក្ខដល់ពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
បន្ថែមលើអំណោយផ្ទះខាងលើ លោកស្រី ក៏បានផ្តល់នូវអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបន្ថែមមួយចំនួនទៀតផងដែរ រួមមាន ៖ អង្ករ១០០Kg, ត្រីខ១កេស, មីចំនួន៥កេស, ទឹកដោះគោខាប់ ១កេស, ពួក១, ប្រេងកូឡូ១ប្រអប់ធំ, ប្រេងខ្យល់១ប្រអប់ធំ ,ចានដែក១, ឆ្នាំងតូច១, ឆ្នាំងធំ១, ខ្ទះឆា១, វែងឆា១, វែងបាយ១, វែងសំឡ១, ស្លាបព្រា និងសម១ឡូ, កំសៀវ១, ចានបាយចំនួន៥, ចានសម្លចំនួន៥, តែ ១ គីឡូក្រាម , ខ្នើយចំនួន២, មុងចំនួន២, ភួយចំនួន២, កន្ទេលចំនួន២, ស្ករសចំនួន៥គីឡូក្រាមទឹកស៊ីអុីវចំនួន៣យួរ, វិទ្យុ FM១គ្រឿង, ថ្មដាក់វិទ្យុចំនួន២ ស្បែកជើងចំនួន២គូរ, ថ្នាំនឹងច្រាសដុសធ្មេញចំនួន៥ឈុត, សាប៊ូដុំចំនួន១២ដុំតូច, ថ្នាំពេទ្យចំនួន៥ប្រអប់តូច, ខោអាវចំនួន២កំប្លេរ និងថវិកាចំនួន ៥០ម៉ឺនរៀល និងផ្តល់ជាសំភារៈសិក្សាដល់សិស្សានុសិស្សជាច្រើននាក់ផងដែរ។
បន្ទាប់ពីប្រគល់ផ្ទះទេវតារួច លោកស្រីនិងក្រុមការងារក៏បាននាំយកអំណោយមកផ្ដល់ជូនគ្រួសារដែលមានជីវភាពខ្វះខាតមួយគ្រួសារទៀត ដែលស្ថិតនៅក្បែរផ្ទះទេវតានេះដែរ។ លោកជំទាវបានផ្ដល់នូវសម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់គ្រួសារដែលជួបការលំបាកនេះ។
បន្ទាប់មកលោកស្រីក៏បានអញ្ជើញធ្វើដំណើរមកកាន់សាលាបឋមសិក្សាទួលចំប៉ី ស្ថិតនៅ ភូមិកោះរកា ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដើម្បីពិនិត្យមើលនូវភាពខ្វះខាតការសិក្សារបស់សិស្សានុសិស្ស ព្រមទាំងបានចែកជូននូវសម្ភារៈសិក្សាជូនសិស្សានុសិស្សដែលកំពុងសិក្សានៅសាលានេះផងដែរ៕
ដោយ ៖ សិលា