ព័ត៌មានទាន់ហេតុការណ៍៖

លោក ជិន ម៉ាលីន ជាប្រធានក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ 

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ក្នុងនោះក្រសួងយុត្តិធម៌ បានសម្រេច ៖

ប្រការ១ ..បង្កើត ក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការ ដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាម តុលាការ ដែលសរសេរជាអក្សរកាត់ថា ក.ត.វ. ចំណុះឱ្យគណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញនិងពន្លឿន ការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាម តុលាការ ដែលមានសមាសភាព ដូចខាងក្រោម៖

១-លោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ ប្រធាន

២-លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការ អនុប្រធាន និយាយរួមមានអនុប្រធាន ៥រូប ។

ក.គ.វ. មានតួនាទី និងភារកិច្ច ដូចខាងក្រោម៖

-តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ អំពីវឌ្ឍនភាពនៃការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការ ដោះស្រាយរឿងក្តីនៅតាមតុលាការ

-តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ អំពីវឌ្ឍនភាពនៃការអនុវត្តយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយ ភាពមិនប្រក្រតីនៅតាមតុលាការ

– ជាសេនាធិការប្រតិបត្តិរបស់គណៈបញ្ជាការដឹកនាំយុទ្ធនាការ ក្នុងការតាមដាន និងត្រួតពិនិត្យ ការអនុវត្តច្បាប់របស់សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីនៅគ្រប់ដំណាក់កាលនៃនីតិវិធី ចំពោះសំណុំរឿងពាក់ព័ន្ធនឹងករណីគ្រឿងញៀន ចរាចរណ៍ និងអត្រានុកូលដ្ឋាន

-តាមដាន និងត្រួតពិនិត្យការអនុវត្តច្បាប់របស់សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តី នៅគ្រប់ដំណាក់កាលនៃនីតិវិធី ចំពោះសំណុំរឿងពាក់ព័ន្ធនឹងករណីក្មេងទំនើង ពិនិត្យ ផ្តល់យោបល់ និងលើកសំណើវិធានការចំពោះភាពមិនប្រក្រតីនៃចំណាត់ការរបស់តុលាការ ចំពោះសំណុំរឿងគ្រឿងញៀន ចរាចរណ៍ អត្រានុកូលដ្ឋាន និងក្មេងទំនើង ដែលត្រូវបានរកឃើញ សម្របសម្រួលការងារ និងសហការជាមួយសាលាជម្រះក្តី និងស្ថាប័នពាក់ព័ន្ធ ក្នុងក្របខ័ណ្ឌនៃ យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិង ដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តយុទ្ធនាការទាំងពីរ ធ្វើរបាយការណ៍អំពីវឌ្ឍនភាពការងាររបស់ខ្លួន និងលើកសំណើវិធានការចាំបាច់នានា ដើម្បីដោះស្រាយបញ្ហាប្រឈម ជូនប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ ដើម្បីពិនិត្យ និងសម្រេច អនុវត្តភារកិច្ចផ្សេងទៀត តាមការប្រគល់ពីប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ។

ប្រការ២…សេចក្តីសម្រេចលេខ ១២ កយ.សសរ/២៤ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ស្តីពីការបង្កើតក្រុមការងារ ពិសេសតាមដាន និងត្រួតពិនិត្យការអនុវត្តច្បាប់របស់សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តី ចំពោះសំណុំរឿងគ្រឿងញៀន ចរាចរណ៍ និងអត្រានុកូលដ្ឋាន និងបទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារ ផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៣…នាយកខុទ្ទកាល័យ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការ នៃអគ្គាធិការដ្ឋានកិច្ចការតុលាការ ប្រធានគ្រប់យន្តការចំណុះគណៈបញ្ជាការដឹកនាំយុទ្ធនាការ ប្រធាន គ្រប់អង្គភាពក្រោមឱវាទក្រសួងយុត្តិធម៌ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ច រៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

ដោយ ៖ សិលា


ចែករំលែក៖