ព័ត៌មានទាន់ហេតុការណ៍៖

Breaking News ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា គម្រោង«ព្រែកជីកហ្វូណនតេជោ» បើកការដ្ឋាន នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤

ចែករំលែក៖

ខេត្តកំពត ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ បានប្រកាសថា គម្រោង«ព្រែកជីកហ្វូណនតេជោ» បើកការដ្ឋាន នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ៖ មានអ្នកភ្នាល់គ្នា រឿងគម្រោងព្រែកជីកហ្វូណនតេជោ ប្រាកដជាសម្ដេចនឹងសម្ពោធនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ព្រោះជាថ្ងៃគម្រប់មួយឆ្នាំដែលបង្កើតរាជរដ្ឋាភិបាលថ្មី ។ ឥឡូវសម្ដេចមិនបាច់ឱ្យមានចម្ងល់អ្វីវិញថ្ងៃទៀតទេ គឺសូមប្រកាសប្រាប់ឲ្យដឹងក្នុងពេលនេះតែម្ដងទៅ គម្រោង«ព្រែកជីកហ្វូណនតេជោ» បើកការដ្ឋាន នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។

ថ្លែងបែបនេះ ខណៈសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកំពង់ផែពហុបំណងកំពត ស្ថិតនៅក្រុងបូកគោ ខេត្តកំពត ។

សម្ដេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា គម្រោង ព្រែកជីកហ្វូណនតេជោ មិនមែនជាការវិនិយោគរបស់បរទេសទេ គឺក្រុមហ៊ុនរបស់ខ្មែរយើង ខ្ចីលុយដើម្បីយកមកធ្វើ មានន័យថា រដ្ឋមានការវិនិយោគ៥១% ក្រៅពីនោះគឺក្រុមហ៊ុន ដល់ពេលគម្រោងនេះចប់ លើការវិនិយោគ ក្រុមហ៊ុនត្រូវប្រគល់ឱ្យរដ្ឋគ្រប់គ្រងទាំងស្រុង។ ដូច្នេះបងប្អូនប្រជាពលរដ្ឋនៅខេត្តកំពត ទទួលបាននូវប្រភពសេដ្ឋកិច្ច ក៏ដូចជាបងប្អូនមួយចំនួនទៀតនៅតាមដងទន្លេមេគង្គ ទន្លេសាប នេះជាដើម ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការដឹកជញ្ជួនតាមផ្លូវទឹកនៅតែជាជម្រើសដ៏ល្អសម្រាប់ប្រទេស ដោយសារតែការដឹកជញ្ជួនតាមផ្លូវទឹកនេះ វាដឹកបានច្រើនហើយវាមានតម្លៃសមរម្យទៅទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត  បានលើកឡើងថាដើម្បីឲ្យប្រទេសជាតិមួយរីក ចម្រើនគឺមិនមែនយករាជធានី ឬខេត្តណាមកប្រកួតប្រជែងគ្នានោះទេគឺត្រូវរួមគ្នាធ្វើ ខណៈខេត្តនីមួយៗគឺ មានសក្តានុពលច្រើន ដូចជាខេត្តកំពត់ជាដើមគឺពេលនេះគឺមានកំពុងមានកំពង់ផែដែលវានឹងបម្រើឲ្យមានការលូតលាស់ផ្នែកភស្តុភា ក្នុងការដឹកជញ្ជួនភស្តុភាកម្ម៕

ដោយ ៖ សិលា


ចែករំលែក៖