ភ្នំពេញ ៖ ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៤ សកម្មភាពសេដ្ឋកិច្ចកម្ពុជាបានកើនឡើងនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ ដោយសារតែការងើបឡើងវិញនៃវិស័យសេវាកម្ម និងការនាំចេញទំនិញ ទោះបីជាតម្រូវការក្នុងស្រុក បានធ្លាក់ចុះក៏ដោយ។ នេះបើយោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភពលោក
ដែលចេញផ្សាយថ្ងៃនេះ។ កំណើនសេដ្ឋកិច្ចត្រូវបានគេរំពឹងថា នឹងប្រសើរឡើងបន្តិច ពីកម្រិត ៥,៦% ក្នុងឆ្នាំ ២០២៣ ទៅ ៥,៨% នៅ ឆ្នាំ ២០២៤ ហើយនឹងអាចប្រសើរឡើងបន្ថែមទៀតនៅកម្រិត ៦,១% នៅឆ្នាំ ២០២៥ និង ៦,៤% នៅឆ្នាំ ២០២៦ ដោយសារការប្រសើរឡើងវិញលើការនាំចេញវិស័យកាត់ដេរ ទំនិញធ្វើដំណើរ និងស្បែកជើង រួម
ទាំងការងើបឡើងវិញនៃការមកដល់របស់ភ្ញៀវទេសចរ។
លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានមានប្រសាសន៍ថា “ដើម្បីរក្សាកំណើនសេដ្ឋកិច្ចបន្ត កម្ពុជាត្រូវរក្សាស្ថិរភាពម៉ាក្រូហិរញ្ញវត្ថុ ដោយការស្តារឡើងវិញនូវលំហ សារពើពន្ធ និងការការពារវិស័យហិរញ្ញវត្ថុរបស់ខ្លួន។ លោកស្រីបន្តថា៖ “កម្ពុជា អាចពង្រឹងភាពប្រកួត ប្រជែងរបស់ខ្លួនតាមរយៈការកែលម្អបរិយាកាសធុរកិច្ច សម្រួលនីតិវិធីពាណិជ្ជកម្មនៅតាមព្រំដែន ធ្វើឱ្យការ ផ្គត់ផ្គង់ថាមពលកាន់តែអាចទុកចិត្តបាន និងពង្រឹងវិស័យអប់រំ។”
ការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិ មានការប្រសើរឡើងនៅក្នុងត្រីមាសទីមួយដែលឈានដល់កម្រិត ៨៤% នៃការមកដល់មុនពេលមានជំងឺរាតត្បាតកូវីដ-១៩។ ការនាំចេញសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និង ស្បែកជើង បានស្ទុះងើបឡើងវិញ ខណៈដែលការនាំចេញទំនិញមិនមែនសម្លៀកបំពាក់ ជាពិសេសទំនិញ កសិកម្ម នៅតែមានភាពធន់ល្អ។ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន បានក្លាយជាទីផ្សារនាំចេញធំទី ពីររបស់កម្ពុជាបន្ទាប់ពីសហរដ្ឋអាមេរិក។ ការកើនឡើងនៃការវិនិយោគពីបរទេសក្នុងវិស័យផលិតកម្ម និង កសិកម្ម ក៏បានរួមចំណែកដល់ការងើបឡើងវិញនេះផងដែរ។ អតិផរណាបានធ្លាក់ចុះដល់សូន្យក្នុងខែមីនា ដោយសារតម្លៃម្ហូបអាហារបានធ្លាក់ចុះ ខណៈដែលគណនីចរន្តបានកត់ត្រានូវអតិរេកដែលមិនធ្លាប់មានពីមុន មកក្នុងឆ្នាំ ២០២៣ ដោយសារ ឱនភាពពាណិជ្ជកម្មរួមតូច និងការកើនឡើងនៃភ្ញៀវទេសចរ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏សកម្មភាពក្នុងវិស័យសំណង់នៅតែមានតិចតួច ខណៈដែលទីផ្សារអចលន ទ្រព្យនៅតែបន្តធ្លាក់ចុះ។ ជាលទ្ធផល កំណើនឥណទានក្នុងស្រុកបានធ្លាក់ចុះយ៉ាងខ្លាំង បណ្តាលឱ្យមានការ កាត់បន្ថយការចំណាយឯកជន និងប៉ះពាល់ដល់ការប្រមូលចំណូលក្នុងស្រុក។
នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចវគ្គនេះ មានផ្នែកមួយផ្តោតពិសេសទៅលើការពិនិត្យមើលរបៀប ដែលកម្ពុជាអាចពង្រឹងប្រព័ន្ធអប់រំរបស់ខ្លួន ដើម្បីបង្កើនពលកម្មដែលមានជំនាញ និងបង្កើនផលិតភាព។ របាយការណ៍នេះបានផ្តល់អនុសាសន៍ដូចជា៖ បង្កើនការវិនិយោគលើការអប់រំកុមារតូច និងនៅបឋមសិក្សា លើកកម្ពស់ប្រសិទ្ធភាពគ្រូបង្រៀន និងធ្វើឲ្យការបែងចែកធនធានកាន់តែមានសមធម៌៕
ដោយ ៖ សិលា