ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី អញ្ជើញជាអធិបតី កិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២០ ក្រោមមូលបទ «ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត៖ ដំណើរឆ្ពោះទៅអនាគត»

ចែករំលែក៖

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អញ្ជើញជាអធិបតី កិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២០ ក្រោមមូលបទ «ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត៖ ដំណើរឆ្ពោះទៅអនាគត» បានមានប្រសាសន៍ថា ៖ ចាប់តាំងពីការបង្កើតអាស៊ាននៅឆ្នាំ ១៩៦៧ មក មានការរីកចម្រើនគួរឱ្យកត់សម្គាល់លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងសហគមន៍របស់យើង។ ក្នុងនោះវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បង្កើតជាមូលដ្ឋានគ្រឹះលើគ្រប់របៀបវារៈនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ អាស៊ានមានការរីកចម្រើនយ៉ាងខ្លាំង ជាមួយនឹងផែនការអនុវត្តនៃផែនការសកម្មភាពអាស៊ានស្តីពី វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ២០១៦-២០២៥ ដែលផែនការនេះបង្ហាញពីជំហាន និងគោលដៅសំខាន់ៗ ដើម្បីសម្រេចឱ្យបាននូវការបង្កើតអាស៊ានរីកចម្រើនអាស្រ័យលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា ៖ នាពេលបច្ចុប្បន្ន អាស៊ានកំពុងធ្វើការរួមគ្នាដើម្បីបង្កើតផែនការយុទ្ធសាស្ត្របន្ទាប់សម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍សម្រាប់ឆ្នាំ ២០២៦-២០៣៥។ កិច្ចខិតខំប្រឹងប្រែងនេះពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងសហការជាមួយរដ្ឋជាសមាជិក និងដៃគូសន្ទនាទាំងអស់ ដើម្បីបង្កើតផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រ ដើម្បីឈានដល់កម្រិតថ្មីមួយ នៃតម្រូវការសេដ្ឋកិច្ច និងសង្គមក្នុងតំបន់មួយទៀត។ ជារៀងរាល់ឆ្នាំ ក្រុមប្រឹក្សាភិបាលរបស់គណៈកម្មាធិការអាស៊ានស្ដីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជ្រើសរើសទិសដៅអាទិភាព ដែលបន្ទាប់មកត្រូវបានអនុម័តដោយរដ្ឋមន្ត្រីអាស៊ានផ្នែក វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៕

ដោយ៖ សិលា


ចែករំលែក៖