ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការប្រកាន់យកអភិក្រមដែលយកប្រជាជនជាស្នូលនៅក្នុងការប្រើប្រាស់ AI មានសារៈសំខាន់ខ្លាំងណាស់

ចែករំលែក៖

ខេត្តសៀមរាប ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ៖ ការប្រកាន់យកអភិក្រមដែលយកប្រជាជនជាស្នូលនៅក្នុងការប្រើប្រាស់ AI មានសារៈសំខាន់ខ្លាំងណាស់ ហើយយើងត្រូវផ្លាស់ប្តូរឥរិយាបថរបស់យើងជាអ្នករៀបចំគោលនយោបាយ អ្នកស្រាវជ្រាវ និងស្ថាប័នឯកជនផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ ទន្ទឹមនឹងនោះ ការប្រើប្រាស់ AI យើងត្រូវមានក្របខណ្ឌគតិយុត្តដើម្បីគាំទ្រដល់វឌ្ឍនភាពនៃបញ្ញាសិប្បនិម្មិតដោយមានការចូលរួមវិភាគទានពីគ្រប់ភាគីពាក់ព័ន្ធ។

គួរបញ្ជាក់ថា យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលមានអាទិភាពគន្លឹះ ចំនួន ៥ គឺ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និង បច្ចេកវិទ្យា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «បើកកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០» នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ។

ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណេត បានលើកឡើងថា ៖ ប្រសិនបើគ្មានការអប់រំ និងជំនាញជាមូលដ្ឋាន និងការចូលរួមជាបន្តបន្ទាប់ ប្រាកដណាស់ថា ពិតជាមានការលំបាក សម្រាប់អ្នកប្រើប្រាស់ជាទូទៅនៅក្នុងការបែងចែករវាងព័ត៌មានក្លែងក្លាយ និងព័ត៌មានពិត ឬការបែងចែករវាងរូបភាពសិប្បនិម្មិត ជាមួយនឹងរូបភាពដើម។ ពេលខ្លះការវិវត្តបែបនេះបែរជាបង្កឱ្យមានការខាតបង់យ៉ាងច្រើនដល់សង្គម និងរដ្ឋាភិបាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានន្ថែមថា ការបំប្លែងរូបភាពដើម តាមរយៈបច្ចេកវិទ្យាទាំងនេះ អាចយារយីដល់សតិអារម្មណ៍សង្គម និងសាធារណៈមតិ ហើយក៏អាចបង្កឱ្យមានការបែងចែកនៅក្នុងសង្គម, ភាពច្របូកច្របល់ និងអស្ថិរភាពដែលអាចប៉ះពាល់ដល់ភាពសុខដុមនៃសង្គម និងសន្តិភាពដែលបានមកដោយលំបាក។

តាមរយៈសន្ទរកថា ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំរដ្ឋមន្ត្រី អាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប, សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះថា៖ «ការប្រកាន់អភិក្រមដែលយកប្រជាជនជាស្នូល នៅក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិត មានសារៈសំខាន់យ៉ាងខ្លាំង ហើយយើងក៏ត្រូវជំរុញការផ្លាស់ប្តូរ ឥរិយាបថរបស់អ្នករៀបចំគោលនយោបាយ, អ្នកស្រាវជ្រាវ និងស្ថាប័នឯកជនផងដែរ»៕

ដោយ ៖ សិលា


ចែករំលែក៖