ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យមានការរួមកម្លាំងគ្នាទាញយកបច្ចេកវិទ្យាថ្មីៗ ដែលកំពុងរីកចម្រើនសម្រាប់តម្រូវការរបស់មនុស្សចាប់ពីឆ្នាំ២០២៦-២០៣៥ ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍសម្រាប់មនុស្សជាតិ

ចែករំលែក៖

ខេត្តសៀមរាប ៖ ថ្លែងក្នុងឱកាសអញ្ចើញជាអធិបតីបើកកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២០ ក្រោមមូលបទ «ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត៖ ដំណើរឆ្ពោះទៅអនាគត” ដែលកិច្ចប្រជុំនេះបានរៀបចំឡើងនៅសណ្ឋាគារសូហ្វីតែលខេត្តសៀមរាប នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ណែនាំសម្រាប់ផែនការសកម្មភាពអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឆ្នាំ ២០២៦-២០៣៥ ដែលនឹង មកដល់ឆាប់ៗខាងមុខនេះ ត្រូវតែយកចិត្តទុកដាក់ជាសំខាន់ចំពោះការចូលរួមដំណើរការប្រកបដោយសមធម៌នៃបច្ចេកវិទ្យាតាមរយៈការផ្ទេរបច្ចេកវិទ្យា, ការអភិវឌ្ឍ និងចល័តទេពកោសល្យក្នុងតំបន់, ការពង្រឹងកិច្ចសហការក្នុងចំណោមតួអង្គវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងតំបន់, និងការវិនិយោគបន្ថែម ទៀតនៅក្នុងការស្រាវជ្រាវនិងអភិវឌ្ឍន៍ដែលជំរុញដោយនវានុវត្តន៍។ កិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីបង្កើតផែនការសកម្មភាពអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឆ្នាំ ២០២៦-២០៣៥ ជាក់ស្តែងគឺគួរឱ្យសរសើរសម្រាប់ទសវត្សរ៍មួយទៀតនៃ ការអភិវឌ្ឍក្នុងតំបន់។

សម្ដេចធិបតីមានទំនុកចិត្តថា ការបណ្តាក់ទុនរបស់យើងឆ្ពោះទៅរកសមាហរណកម្មក្នុងតំបន់នឹង ជំរុញកំណើនបរិយាបន្ន, ជំរុញភាពធន់ក្នុងតំបន់, ដោះស្រាយការប្រែប្រួលអាកាសធាតុ, ជំរុញការផ្លាស់ប្តូរឌីជីថល, និងដោះស្រាយវិបត្តិមនុស្សធម៌កាន់តែទូលំទូលាយ និងបញ្ហាប្រឈមក្នុងតំបន់ផ្សេងទៀត។ 

សម្តេចធិបតីថា ៖ បញ្ហាប្រឈមដែល បានរៀបរាប់ខាងលើគឺត្រូវការយ៉ាងសំខាន់នូវឧបករណ៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាពិសេសការ ទាញយកបច្ចេកវិទ្យាថ្មីៗដែលកំពុងរីកចម្រើនសម្រាប់តម្រូវការរបស់មនុស្ស។ 

សម្ដេចធិបតីបានបញ្ជាក់ថា យើងមិនអាចបដិសេធបានទេ ព្រោះថាបញ្ញាសិប្បនិម្មិតកំពុងប្រែក្លាយយ៉ាងឆាប់រហ័សជាផ្នែកដ៏ សំខាន់មួយនៃជីវិតរស់នៅរបស់យើង ដោយវត្តមានរបស់វាបានបង្កប់យ៉ាងជ្រៅនៅក្នុងទម្លាប់ប្រចាំថ្ងៃរបស់យើង។ 

សម្ដេចធិបតីបានបន្ថែមថា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ មានការរីកចម្រើនគួរឱ្យកត់សម្គាល់នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលជំរុញដោយការប្រមូលផ្តុំទិន្នន័យយ៉ាងច្រើន។ អត្ថប្រយោជន៍របស់វាមានសារៈសំខាន់នៅក្នុងវិស័យជាច្រើន រួមទាំងការអប់រំ ការថែទាំសុខភាព ធុរកិច្ច ភស្តុភារ ថាមពល សេវាកម្ម កម្មន្តសាល ធនាគារ សន្តិសុខ និងដំណើរការធ្វើការសម្រេចចិត្តនានា។ 

ក្នុងនាមជាប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្ដេចធិបតីជំរុញឱ្យភាគី ពាក់ព័ន្ធសំខាន់ៗក្នុងតំបន់របស់យើងធ្វើការជាមួយគ្នាកាន់តែជិតស្និទ្ធ ដោយពង្រីកវិសាលភាពនៃកិច្ចខិតខំ ប្រឹងប្រែងរបស់យើង ដើម្បីបង្កើតផលជះជាវិជ្ជមានឱ្យកាន់តែច្រើនថែមទៀតនៅក្នុងតំបន់ផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖