ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿង ហេីយបើកវ៉ាជែងមិនប្រយ័ត្នជ្រុលទៅបុកគូទរថយន្តដឹកស៊ីម៉ងត៍ពីក្រោយពេញទំហឹងបណ្ដាលឱ្យអ្នកបើករុឺម៉កផ្លោងគាបជាប់នឹងរថយន្តរងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណេីរកាលពីវេលាម៉ោង១០ និង១០នាទីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវ២១៧ ស្ថិតនៅភូមិបារគួ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេសង្កេតឃេីញបុរសម្នាក់បានបើករថយន្តដឹកស៊ីម៉ងត៍ ពណ៌លឿង ពាក់ផ្លាកលេខភ្នំពេញ 3C-8978 ធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ២១៧ ក្នុងទិសដៅពីជើងទៅត្បូងដោយល្បឿនលឿនល្មម ខណ:មកដល់ចំណុចកើតហេតុក៏មានបុរសម្នាក់ទៀតបានបើកម៉ូតូសណ្ដោងរ៉ឺម៉កមកពីក្រោយក្នុងល្បឿនលឿនហើយក៏បានបើកវ៉ាជែងរថយន្តមួយគ្រឿងផ្សេងទៀតមកពីឆ្វេងដៃក៏ជ្រុលទៅបុកគូទរថយន្តដឹកស៊ីម៉ងត៍ពេញទំហឹង បណ្ដាលឱ្យអ្នកបេីកម៉ូតូសណ្ដោងរុឺម៉កផ្លោងគាបជាប់នឹងរថយន្តរងរបួសធ្ងន់ ។ ភ្លាមៗនោះប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានបានជួយគាស់និងហៅរថយន្តរបស់មន្ទីរពេទ្យបង្អែកដង្កោមកជួយដឹកជនរងគ្រោះទៅសង្គ្រោះអាយុជីវិត។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានផ្នែកជំនាញចរាចរណ៍ បានឱ្យភាគីតំណាងទាំងពីរធ្វើការសម្របសម្រួលគ្នា ។ ពេលនោះភាគីខាងរថយន្តនិងម៉ូតូសណ្ដោងរុឺម៉កក៏បានព្រមព្រៀងគ្នា ដោយមិនបានទារសំណងអ្វីទេ គឺយករថយន្តនិងម៉ូតូសណ្ដោងរុឺម៉កទៅជួសជុលរៀងៗខ្លួនបញ្ចប់រឿងនៅនឹងកន្លែង ៕
ដោយ ៖ ភារ៉ា ដង្កោ