ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ទីបំផុត ! ឧក្រិដ្ឋជនគ្រឿងញៀន បានបាញ់សម្លាប់ខ្លួនឯង បន្ទាប់ពីសមត្ថកិច្ចឡោមព័ទ្ធបង្ក្រាបជាច្រើនម៉ោងក្រោយមក !

ចែករំលែក៖

ភ្នំពេញ ៖ សមត្ថកិច្ចអង្គភាពមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ បានបើកប្រតិបត្តិការ បង្ក្រាបករណីគ្រឿងញៀន ដោយជនសង្ស័យប្រើប្រាស់អាវុធបាញ់ប្រហារមកលើសមត្ថកិច្ចប្រមាណជាង១០គ្រាប់ ។ ប៉ុន្តែសមត្ថកិច្ចមិនបានតដៃ ដើម្បីការពារសន្តិសុខដល់ប្រជាពលរដ្ឋ និងសុវត្ថិភាពចំពោះសមត្ថកិច្ចដែលកំពុងបើកប្រតិបត្តិការ។

ហេតុការណ៍ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង៣និង២៥នាទី រសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤នេះ  រហូតដល់ម៉ោង ៥កន្លះល្ងាចថ្ងៃដដែល បន្ទាប់ពីសមត្ថកិច្ចបានបោកគ្រាប់បែកផ្សែងចំនួន ២គ្រាប់ ឧក្រិដ្ធជននៅតែមិនចេញខ្លួនសារភាព ។ ស្របមេឃកំពុងភ្លៀងផងនោះ ស្រាប់តែឧក្រិដ្ធជនបានបាញ់សម្លាប់ខ្លួនឯងក្នុងបន្ទប់ផ្នែកខាងក្រោមនៃផ្ទះរបស់ខ្លួន។

សូមបញ្ជាក់ថា , កម្លាំងសមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាបក្រុមជួញដូរគ្រឿងញៀន​នៅក្បែរផ្សារសាំហាន់ មូលដ្ឋានសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ដឹងពីលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា, ឧក្រិដ្ធជនគ្រឿងញៀនដែលបានបាញ់សម្លាប់ខ្លួនឯង ជាមុខសញ្ញាចាស់ ដែលសមត្ថកិច្ចតាមប្រមាញ់ ។ ដោយឡែកចំពោះករណី ចាប់យកវត្ថុតាង គ្រឿងញៀន ឬអ្វីផ្សេងទាំងនោះ សមត្ថកិច្ចមិនទាន់បញ្ជាក់ជាផ្លូវការនៅឡើយទេ។ ខណៈនេះសមត្ថកិច្ចកំពុងដំណើរការនីតិវិធី ធ្វើការស្រាវជ្រាវ ស៊ើបអង្កេត រកក្រុមជនពាក់ព័ន្ធ៕

ដោយ ៖ រ៉ារ៉ា 


ចែករំលែក៖